ព័ត៌មានជាតិ
ប.ស.ស.នឹងចុះផ្សព្វផ្សាយរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធនដល់កម្មករនិយោជិតក្នុងសប្តាហ៍នេះ
មន្ត្រីជាន់ខ្ពស់បេឡាជាតិសន្តិសុខសង្គម(បស.ស.)បានឱ្យដឹងថា ក្រុមការងារ ប ស.ស. នឹងចុះផ្សព្វផ្សាយស្តីពីរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធនដល់កម្មករនិយោជិតនៅតាមរោងចក្រសហគ្រាសនៅទូទាំងប្រទេសនៅក្នុងសប្តាហ៍នេះដើម្បីឱ្យការអនុវត្តរបបនេះដំណើរទៅប្រកបដោយរលូន។

ថ្លែងប្រាប់អ្នកសារព័ត៍មានក្រោយចូលរួមពិធីផ្សព្វផ្សាយការអនុវត្តរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គល ទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារនៅថ្ងៃទី១៩កក្កដា នៅសណ្ឋាគារហ្គាឌិនស៊ីធី លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស បានមានប្រសាសន៍ថា បន្ទាប់ពីបានធ្វើការផ្សព្វផ្សាយចំនួន៥លើករួចមក ក្រុមការងារប ស.ស.នឹងចុះផ្សព្វផ្សាយស្តីរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធនដល់កម្មករនិយោជិត
នៅក្នុងសប្តាហ៍នេះ ដោយបែងចែកជា៨ក្រុម ក្នុង១ក្រុមមាន១០នាក់ មានអ្នកផ្សព្វផ្សាយ និងអ្នកទំនាក់ទំនងតាមរោងចក្រ សហគ្រាស ក្នុងនោះមាន៤ក្រុមចុះផ្សព្វផ្សាយនៅរាជធានីភ្នំពេញ និង៤ក្រុមទៀតចុះនៅតាមខេត្ត។

លោកបានបន្តថា ការព្វផ្សព្វផ្សាយនេះ គឺផ្តោតទៅលើរោងចក្រសហគ្រាសនៅតាមតំបន់សួនឧស្សាហកម្មតំបន់សេដ្ឋកិច្ចពិសេស ពិសេសតំបន់ដែលរោងចក្រសហគ្រាសច្រើនដោយធ្វើយ៉ាងណាបញ្ជ្រាបរបបសន្តិសុខសង្គមផ្នែកសោធននេះដល់កម្មករឱ្យបាន៨០ភាគរយនៃកម្មករសរុបរបស់ ប ស.ស. ប្រមាណ១លាន៤សែននាក់នៅក្នុងរយៈពេល៩០ថ្ងៃចាប់ពីខែកក្កដា នេះ រហូតដល់ដំណាច់ខែកញ្ញា ឆ្នាំ២០២២ មុននឹងអនុវត្តរបបនេះជាផ្លូវការនៅថ្ងៃទី០១តុលា ហើយកម្មករនិយោជិតនិងនិយោជកត្រូវចាប់ផ្តើមបង់វិភាគទានចាប់ពីថ្ងៃទី១ ខែវិច្ឆិកាឆ្នាំ២០២២តទៅ។
លោកបានបន្ថែមថា តាមគម្រោងក្រុមការងារនឹងស្នើសុំទៅម្ចាស់រោងចក្រសហគ្រាសរយៈពេល២ម៉ោងដើម្បីឱ្យកម្មករបានមកស្តាប់និងពន្យល់ស្តីពីរបបសន្តិសុខសង្គមផ្នែកសោធននេះ ពិសេសឱ្យពួកគាត់បានយល់ដឹងពីកាតព្វកិច្ចដែលត្រូវបង់វិភាគទាន និងផលប្រយោជន៍ត្រឡប់មកវិញបន្ទាប់ពីគាត់ទទួលបានពីការបង់វិភាគទាននេះ។

លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល ប.ស.សបានមានប្រសាសន៍ថា ការបង់វិភាគទានរបបសោធននេះ គឺតម្រូវឱ្យបង់៤ភាគរយ ក្នុងនោះនិយោជកបង់២ភាគរយ និងកម្មករបង់២ភាគរយ។ ប៉ុន្តែកម្មករនឹងទទួលបានផលប្រយោជន៍៤ភាគរយស្មើនឹង១០០ភាគរយនៅពេលដែលគាត់ដល់អាយុចូលនិវត្តន៍៦០ឆ្នាំ ដែលការបង់នេះគិតជាឆ្នាំហើយអ្នកដែលបានបង់តិចទទួលបានតិចបើអ្នកបង់បានច្រើនទទួលបានច្រើនទៅតាមនឹងដែរ។
លោករដ្ឋមន្ត្រីបានបន្តថា ការចូលរួមបង់ភាគទានរបស់ភាគីនិយោជកក្នុងការអនុវត្តរបបសន្ដិសុខសង្គម ផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ គឺបង្ហាញពីការរួមចំណែកក្នុងការអភិវឌ្ឍប្រទេសឱ្យកាន់តែរីកចម្រើនក៏ដូចជាលើកទឹកចិត្តកម្មករនិយោជិតឱ្យខិតខំធ្វើការងារ និងមានសង្ឃឹមខ្ពស់នៅពេលដែលពួកគាត់ចាស់ទៅធ្វើការលែងកើត និងសុខភាពចុះខ្សោយនៅពេលនោះគាត់នឹងទទួលបានអត្ថប្រយោជន៍ និងការការពារពី ប.ស.ស. ផ្នែកប្រាក់សោធន និងផ្នែកថែទាំសុខភាពដែលនេះបានមកពីការចូលរួមរបស់ភាគីនិយោជក និងភាគីនិយោជិតខ្លួនឯងផ្ទាល់។

លោករដ្ឋមន្រ្តីបានណែនាំដល់ម្ចាស់សហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិតត្រូវចូលរួមសហការ ដើម្បីធ្វើកាផ្សព្វផ្សាយអំពីកាតព្វកិច្ច និងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមផ្នែកប្រាក់សោធននេះឱ្យកាន់តែទូលំទូលាយ និងយល់ដឹងកាន់តែច្បាស់ ដើម្បីចូលរួមអនុវត្តកាតព្វកិច្ចនឹងទទួលបានអត្ថប្រយោជន៍ នៅពេលដែលគាត់ដល់អាយុចូលនិវត្តន៍ស្របតាមច្បាប់ស្តីពីរបបសន្តិសុខសង្គម ពេញលេញប្រកបដោយភាពពេញចិត្ត និងរីករាយសាទរ។
លោក កាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានមានប្រសាសន៍ថា ការអនុវត្តរបបសោធននេះ គឺជាការអនុវត្តមួយជំហានថ្មីមួយទៀតបន្ទាប់ពីបានអនុវត្តរបបហានិភ័យការងារ និងរបបថែទាំសុខភាព។

លោកបានបន្តថា ការអនុវត្តរបបនេះនិយោជកត្រូវទទួលបន្ទុកបង់វិភាគទានដែលបន្ថែមទៅលើហិរញ្ញវត្ថុនិយោជកហើយយើងត្រូវតែព្យាយាមអនុវត្តទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល។ យ៉ាងណាក៏ដោយលោកបានលើកឡើងថា «គ្រាន់តែថាវាមានបញ្ហាបន្តិចគ្រាន់ថាយើងចាប់ផ្តើមអនុវត្តនៅពេលវិបត្តិនៅមិនទាន់បានបញ្ចប់ និងវបត្តិសាកលផ្សេងៗទៀតដែលបានប៉ះពាល់ដូចជាវិបត្តិសង្គ្រាមរវាងរុស្សី និងអ៊ុយក្រែនដែលបានបណ្តាលឱ្យមានបញ្ហាសេដ្ឋកិច្ចសាកលដែលយើងមានការព្រួយបារម្ភពីការនាំចេញ»៕
អត្ថបទ៖ សំអឿន
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


