ព័ត៌មានជាតិ
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាល បន្តស្វាគមន៍ចំពោះការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងសកម្មភាពកម្ចាត់មីន
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានទទួលយក និងបន្តទទួលស្វាគមន៍ចំពោះការចូលរួមរបស់ដៃគូអភិវឌ្ឍន៍ និងបណ្តាប្រទេសជាមិត្ត ដែលបានផ្តល់ជំនួយគាំទ្រតាមគ្រប់រូបភាព ក្នុងសកម្មភាពកម្ចាត់មីននៅកម្ពុជា។

ការលើកឡើង របស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងពិធីអបអរសាទរខួបលើកទី ៣០ នៃការបង្កើតមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC-ស៊ីម៉ាក់) និងការបំពាក់ឋានន្តរស័ក្តិកងយោធពលខេមរភូមិន្ទ ជូនមន្ត្រីស៊ីម៉ាក់ចូលនិវត្តន៍ នៅថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២២នេះ។

នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក បានថ្លែងថា អតីតកាលដ៏ខ្មៅងងឹតកន្លងមក បង្ហាញប្រាប់យើងទាំងអស់គ្នាយ៉ាងច្បាស់ថា គ្មានអ្វីដែលប្រសើរជាងសុខសន្តិភាព សុវត្ថិភាព និងសេរីភាព ដែលបានបង្កលក្ខណៈឲ្យយើងអាចរស់នៅប្រកបដោយសេចក្តីសុខ និងសុភមង្គលពេញលេញជាមួយក្រុមគ្រួសាររៀងៗខ្លួន ខណៈពេលដែលកូនៗរបស់យើងអាចកាន់ប៊ិក ខ្មៅដៃ សៀវភៅ និងកំពុងសិក្សានៅក្នុងថ្នាក់រៀន ជំនួសដោយការកាន់កាំភ្លើង និងសព្វាវុធក្នុងជម្លោះហិង្សាដ៏គួរឲ្យស្អប់ខ្ពើម។

លោកថា ជាងនេះទៅទៀត ពួកគេក៏អាចរត់លេងយ៉ាងសប្បាយរីករាយ និងមិនមានការព្រួយបារម្ភ ឬខ្វល់ខ្វាយអំពីសង្រ្គាម និងគ្រាប់មីនឡើយ។ បន្ទាប់ពីសង្គ្រាមស៊ីវិលត្រូវបានបញ្ចប់ទាំងស្រុងនៅក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ ១៩៩៨ តាមរយៈនយោបាយឈ្នះ-ឈ្នះ របស់សម្ដេចតេជោនាយករដ្ឋមន្រ្ដី រាជរដ្ឋាភិបាល បានកំណត់ជ្រើសរើសយកកិច្ចប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម ជាគោលដៅយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់ការកសាង និងអភិវឌ្ឍប្រទេសជាតិឡើងវិញ ពីព្រោះបញ្ហាមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមនេះ មិនត្រឹមតែជាការគំរាមកំហែងមកលើសេចក្តីសុខ សុវត្ថិភាព និងសន្តិភាពពេញលេញរបស់ប្រទេសប៉ុណ្ណោះទេ។ ប៉ុន្តែក៏ជាឧបសគ្គរាំងស្ទះដ៏ស្មុគ្រស្មាញចំពោះការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ជារួមផងដែរ។

លោកបញ្ជាការកងទ័ពជើងគោក បានបន្ថែមថា ដោយសារការប្តេជ្ញាចិត្តយ៉ាងមុតមាំនេះ អត្រាគ្រោះថ្នាក់ដោយសារគ្រាប់មីន និងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងរយៈពេលចុងក្រោយនេះបានធ្លាក់ចុះគួរឲ្យកត់សម្គាល់។ ជាក់ស្តែង អត្រាអ្នកគ្រោះថ្នាក់ដោយសារគ្រាប់មីនក្នុងឆ្នាំ ២០០០-២០០៥ ដែលមានរហូតដល់ជាង ៨០០នាក់ ក្នុងមួយឆ្នាំៗ បានធ្លាក់ចុះមកក្នុងអត្រាប្រមាណ ៣២នាក់ប៉ុណ្ណោះ ក្នុងឆ្នាំ ២០២២ គិតត្រឹមខែមេសានេះ។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងទៀតថា រាជរដ្ឋាភិបាលកន្លងមក បានខិតខំប្រឹងប្រែងគ្រប់លទ្ធភាព ទាំងស្មារតី ថវិកា និងធនធានដទៃៗទៀត សំដៅធ្វើយ៉ាងណាជំរុញឲ្យសកម្មភាពកម្ចាត់មីននេះ ទទួលបានជោគជ័យ។ ក៏ប៉ុន្តែ កម្ពុជានៅបន្តត្រូវការធនធានជាច្រើនបន្ថែមទៀត ដើម្បីឲ្យអាចសម្រេចបាននូវទស្សនវិស័យដែលបានកំណត់ទុក។

ក្នុងន័យនេះ រាជរដ្ឋាភិបាល បានទទួលយក និងបន្តទទួលស្វាគមន៍ចំពោះការចូលរួមរបស់ដៃគូអភិវឌ្ឍន៍ និងបណ្តាប្រទេសជាមិត្ត ដែលបានផ្តល់ជំនួយគាំទ្រតាមគ្រប់រូបភាព ទាំងតាមរយៈយន្តការរាជរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល ផ្នែកឯកជន យន្តការទ្វេភាគី និងពហុភាគី សំដៅកម្ចាត់ឃាតកលាក់មុខទាំងនេះ ឲ្យបានឆាប់រហ័សបំផុត។

លោកថា ក្នុងស្មារតីនេះ សូមលើកទឹកចិត្ត និងសូមស្វាគមន៍ចំពោះការគាំទ្រ ការផ្តល់ជំនួយ និងកិច្ចសហប្រតិបត្តិការពីគ្រប់ដៃគូអភិវឌ្ឍន៍ បណ្តាប្រទេសជាមិត្ត និងវិស័យឯកជនទាំងអស់ ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីសម្រេចនូវមហិច្ឆតាដ៏ធំធេង សំដៅផ្តល់ស្នាមញញឹមជូនបងប្អូនជនរួមជាតិរបស់យើង។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះដៃគូអភិវឌ្ឍន៍, បណ្តាប្រទេសជាមិត្ត ព្រមទាំងអង្គការ, ស្ថាប័ន, ក្រុមហ៊ុន និងសប្បុរសជនទាំងអស់ ដែលបានជួយឧបត្ថម្ភគាំទ្រដល់សកម្មភាពបោសសម្អាតមីននៅកម្ពុជា ព្រមជាមួយនឹងសេចក្តីសង្ឃឹមយ៉ាងមុតមាំថា ការគាំទ្រ និងកិច្ចសហប្រតិបត្តិការដ៏ថ្លៃថ្លាទាំងនេះ នឹងនាំទៅដល់ការសម្រេចបាននូវទស្សនវិស័យរួម “កម្ពុជាសូន្យមីនក្នុងឆ្នាំ ២០២៥” ដូចការរំពឹងទុកជាក់ជាមិនខាន៕
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


