ព័ត៌មានជាតិ
កងទ័ពកម្ពុជា-ជប៉ុន នឹងធ្វើសមយុទ្ធរួមគ្នាឆាប់ៗនេះ
កងទ័ពកម្ពុជា-ជប៉ុន ឯកភាពរៀបចំសមយុទ្ធយោធានាពេលខាងមុខនេះ នៅក្រោមប្រធានបទ ជំនួយមនុស្សធម៌ និង សង្គ្រោះគ្រោះមហន្តរាយ (HADR)។ក្រៅពីនេះ កម្ពុជា ជប៉ុន ក៏នឹងរៀបចំពិធីលោតឆត្រយោង និងផ្លាស់ប្ដូរការបណ្ដុះបណ្ដាលយោធាជំនាន់ក្រោយ។ ការឯកភាពរៀបចំសមយុទ្ធយោធាទ្វេភាគីនេះ កើតឡើងនៅក្នុងជំនួបរវាងនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ មេបញ្ជាការកងទ័ពជើងគោក ជាមួយនឹងនាយឧត្តមសេនីយ៍ ម៉ូរីស៊ីតា យ៉ាស៊ូណូរិ មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន នៅព្រឹកថ្ងៃទី២៤ ខែមិថុនា។

សេចក្ដីប្រកាសព័ត៌មានផ្សាយលើទំព័រហ្វេសប៊ុកកងទ័ពជើងគោកកម្ពុជា នាថ្ងៃទី២៥ ខែមិថុនា សរសេរអំពីលទ្ធផលជំនួបដូច្នេះ៖«មេបញ្ជាការទាំងពីរ ក៏បានឯកភាពពិនិត្យលទ្ធភាពលើសកម្មភាពកិច្ចសហ ប្រតិបត្តិការមួយចំនួនរួមមាន៖ (១) ការរៀបចំសមយុទ្ធទ្វេភាគី ក្រោមប្រធានបទ ជំនួយមនុស្សធម៌ និង សង្គ្រោះគ្រោះមហន្តរាយ (HADR) (២) ការលោតឆត្រយោងមិត្តភាព (៣) ការផ្លាស់ប្តូរនាយទាហានវ័យក្មេង។»។

ជាការកត់សម្គាល់ ការឯកភាពរៀបចំសមយុទ្ធយោធាទ្វេភាគីនេះ កើតឡើងរយៈពេលមិនដល់១ខែផង ក្រោយដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាទៅកាន់ប្រទេសជប៉ុន។ ម្យ៉ាងទៀត ការឯកភាពរៀបចំសមយុទ្ធយោធានេះ កើតឡើងស្របពេលដែលជម្លោះព្រំដែនកម្ពុជា ថៃ បង្កឡើងដោយភាគីកងទ័ពថៃ មិនទាន់ថមថយកម្ដៅនៅឡើយ។

បើនិយាយពីក្របខណ្ឌសមយុទ្ធយោធា កម្ពុជា ធ្លាប់បានធ្វើសមយុទ្ធយោធាត្រីភាគី ជាមួយភាគីឡាវ-វៀតណាម, សមយុទ្ធគោព្រៃជាមួយអូស្ត្រាលី, សមយុទ្ធឆ្មាំអង្គរជាមួយសហរដ្ឋអាមេរិក និងសមយុទ្ធនាគមាសជាមួយភាគីចិន។ គូសបញ្ជាក់ សមយុទ្ធឆ្មាំអង្គររវាងកម្ពុជា-សហរដ្ឋអាមេរិក បានផ្អាកតាំងតែពីឆ្នាំ២០១៧ ចំណែកសមយុទ្ធគោព្រៃក៏បានផ្អាកដូចគ្នា ប៉ុន្តែកាលពីពេលថ្មីៗនេះ កម្ពុជា និងសហរដ្ឋអាមេរិក ឯកភាពធ្វើសមយុទ្ធរួមគ្នាឡើងវិញ រីឯភាគីអូស្រ្តាលី ក៏បានចុះពិនិត្យទីតាំងមួយចំនួននៅក្នុងប្រទេសកម្ពុជា ដើម្បីរៀបចំសមយុទ្ធរួមគ្នាឡើងវិញឱ្យបានឆាប់។ បច្ចុប្បន្ន សម្រាប់សមយុទ្ធដែលមានសកម្មភាពនៅកម្ពុជា គឺមានតែសមយុទ្ធត្រីភាគី កម្ពុជា-ឡាវ-វៀតណាម និងសមយុទ្ធនាគមាសកម្ពុជា-ចិនប៉ុណ្ណោះ។

នៅលើសំណុំរឿងសមយុទ្ធនេះដែរ នាយឧត្ដមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ ធ្លាប់អះអាងថា កម្ពុជា រៀបចំធ្វើសមយុទ្ធ តែលើប្រធានបទប្រឆាំងភេវរកម្ម និងសង្គ្រោះមនុស្សធម៌ប៉ុណ្ណោះ ព្រោះតែកម្ពុជា មើលឃើញថា បញ្ហាភេវរកម្ម ជាបញ្ហាប្រឈមនាពេលសព្វថ្ងៃនេះ ដែលវាងាយកើតឡើងនៅលើដែនគោក និងដែនសមុទ្រ។ ចំណែកការធ្វើសមយុទ្ធលើប្រធានបទសង្គ្រោះមនុស្សធម៌ គឺព្រោះតែបច្ចុប្បន្ននេះ បញ្ហាគ្រោះមហន្តរាយបង្កឡើងដោយធម្មជាតិ ងាយនឹងកើតមានឡើង ដូច្នេះត្រូវកំណត់ប្រធានបទនេះ ដើម្បីពង្រឹងសមត្ថភាពលើការងារសង្គ្រោះគ្រោះមហន្តរាយ។ លោក ក៏ធ្លាប់ប្រាប់ទៅប្រទេសក្នុងតំបន់ និងជិតខាងថា ការណ៍ដែលកម្ពុជា ធ្វើសមយុទ្ធ គឺដើម្បីគ្រាន់តែពង្រឹងសមត្ថភាពកងទ័ពលើការសង្គ្រោះមនុស្សធម៌ប៉ុណ្ណោះ គ្មានចេតណាណាមួយគំរាមកំហែងសន្តិសុខ ឬដើម្បីឈ្លានពានប្រទេសណាមួយឡើយ។

ត្រឡប់មកទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន វិញ គឺភាគីទាំងពីរបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការជាមួយគ្នានៅឆ្នាំ ១៩៥៣។ ទំនាក់ទំនងរវាងប្រទេសទាំងពីររីកលូតលាស់ឥតឈប់ឈរ និងគ្មានភាគីណាមួយបំបែកបានឡើយទាំងទំនាក់ទំនងការទូត យោធា និងពាណិជ្ជកម្ម។ តាមរយៈចំណងមិត្តភាពជិតស្និទ្ធ ជប៉ុនបានដើរតួនាទីយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍនៅកម្ពុជា ពោលគឺជប៉ុនបានផ្ដល់ជំនួយ សាងសង់ហេដ្ឋរចនាសម្ព័ន្ធ ស្ពាន ថ្នល់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ជំនួយលើកាបណ្ដុះបណ្ដាលធនធានមនុស្ស និងជំនួបជាច្រើនផ្សេងទៀត។

ក្នុងជំនួបនៅទីបញ្ជាការកងទ័ពជើងគោក នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានថ្លែងអំណរគុណដល់ជប៉ុន ដែលបានចូលរួម ស្វែងរកសន្តិភាព និងរក្សាសន្តិភាពនៅកម្ពុជា និងបានថ្លែងអំណរគុណដល់ រដ្ឋាភិបាល ក្រសួងការពារជាតិ កងស្វ័យការពារជប៉ុន ដែលតែងតែបានផ្តល់ជំនួយជាសម្ភារ និងវគ្គហ្វឹកហ្វឺនដល់ កងយោធពលខេមរភូមិន្ទ និយាយជារួម និងកងទ័ពជើគោក និយាយដោយឡែក។

មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន បានបញ្ជាក់អំពី គោលបំណងដំណើរទស្សនកិច្ចមកកាន់កម្ពុជានាឱកាសនេះ គឺដើម្បីបន្តជំរុញនូវការពង្រឹង និងពង្រីកកិច្ច សហប្រតិបត្តិការលើការបណ្តុះបណ្តាលធនធានមនុស្សដល់កងទ័ពជើងគោកកម្ពុជា។
នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ និង នាយឧត្តមសេនីយ៍ ម៉ូរីស៊ីតា យ៉ាស៊ូណូវិ ក៏បានពិភាក្សាអំពីកាងាររកសាង សាលាបញ្ជូនសារ និង សាលាគីមីសាស្ត្រ ចំណុះឲ្យកងទ័ពជើងគោក ដោយកងស្វ័យការពារជើងគោកជប៉ុន បានឯកភាពជាគោលការណ៍ក្នុងការជួយ បណ្តុះបណ្តាលយោធាចារ្យ កម្មវិធី និងខ្លឹមសារហ្វឹកហ្វឺន ព្រមទាំងសម្ភារបច្ចេកទេស៕
ដោយ៖ង៉ិល ណារ៉ាត់


-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


