ព័ត៌មានជាតិ
សម្ដេច ស ខេង ស្នើឱ្យចក្រភពអង់គ្លេសជួយលើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានស្នើឱ្យចក្រភពអង់គ្លេសជួយកម្ពុជាលើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា ដោយសារធនធានមនុស្សលើវិស័យនេះ របស់កងកម្លាំងនគរបាលកម្ពុជានៅមានកម្រិតនៅឡើយ។

សំណើរបស់សម្តេចក្រឡាហោម ស ខេង នេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី ១៨ សីហាក្នុងឱកាសដែលសម្ដេចបានអនុញ្ញាតឱ្យលោកស្រី Tina Redshaw ឯកអគ្គរាជទូតចក្រភពអង់គ្លេស ប្រចាំកម្ពុជា ចូលជួបជម្រាបលា ក្នុងឱកាសលោកជំទាវត្រូវបញ្ចប់បេសកម្មការទូត នៅព្រះរាជាណាចក្រកម្ពុជា។
សម្ដេចក្រឡាហោម បានបន្ថែមថា ការលើកកម្ពស់គុណភាពធនធានមនុស្សក្នុងវិស័យនគរបាលជាតិ ក៏ជាការរួមចំណែកដ៏សំខាន់មួយក្នុងការចូលរួមទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ ដែលកិច្ចការនេះក៏ជាកិច្ចការសំខាន់ និងមិនអាចប្រទេសណាមួយធ្វើតែម្នាក់ឯងបាននោះទេ គឺពិតជាទាមទារឱ្យមាននូវកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសនានានៅក្នុងតំបន់ និងសកលលោក។ សម្ដេចក្រឡាហោម បានបន្តថា ទោះបីជាចក្រភពអង់គ្លេស បានចាកចេញពីសហភាពអឺរ៉ុប ក៏ប៉ុន្តែទំនាក់ទំនងរវាងប្រទេសទាំងពីរនៅតែបន្តយ៉ាងល្អប្រសើរជាមួយគ្នាហើយសម្ដេច ក៏នៅតែបន្តខិតខំបន្ថែមទៀតក្នុងសមត្ថកិច្ចទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃ ដើម្បីចូលរួមចំណែកធ្វើយ៉ាងណាពង្រឹងពង្រីកទំនាក់ទំនងប្រទេសទាំងពីរ ព្រមទាំងបន្តធ្វើការបន្ថែមទៀតជាមួយ ឯកអគ្គរាជទូតអង់គ្លេសថ្មី ដែលត្រូវបន្តអាណត្តិការទូតពីលោកស្រី។

លោកស្រី Tina Redshaw បានគាំទ្រការលើកឡើងរបស់ សម្ដេចក្រឡាហោម ស ខេង ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ លោកស្រីបានជម្រាបជូន សម្ដេច ថា មិនត្រឹមតែទំនាក់ទំនងជាមួយកម្ពុជា និងចក្រភពអង់គ្លេសនោះទេ ក៏ប៉ុន្តែទំនាក់ទំនងរវាងចក្រភពអង់គ្លេស និងសហគមន៍អាស៊ាន ក៏ត្រូវបានពង្រឹងពង្រីកជាបន្តបន្ទាប់។ ជាពិសេសកាលពីពេលថ្មីៗនេះ នៅក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ចក្រភពអង់គ្លេស ក៏បានក្លាយជាដៃគូសន្ទនាថ្មីមួយទៀតរបស់អាស៊ាន។
លោកស្រីបានយកឱកាសនេះថ្លែងអំណរគុណ សម្តេចក្រឡាហោម ស ខេង និងអង្គភាពពាក់ព័ន្ធចំណុះឱ្យក្រសួងមហាផ្ទៃ ដែលតែងផ្ដល់នូវកិច្ចសហការគាំទ្រដល់ពលរដ្ឋអង់គ្លេសដែលជួបប្រទះការលំបាកផ្សេងៗនៅកម្ពុជា ជាពិសេសជួយពលរដ្ឋដែលពាក់ព័ន្ធបញ្ហានឹងការងារអន្តោប្រវេសន៍ និងការជួយសម្រួលឱ្យផ្នែកកុងស៊ុលរបស់ស្ថានទូតអង់គ្លេស បានជួបប្រាស្រ័យជាមួយជនជាតិអង់គ្លេសដែលជាប់ឃុំនៅតាមបណ្ដាពន្ធនាគាររបស់កម្ពុជា។
សម្ដេចក្រឡាហោម ក៏បានយកឱកាសនេះ អបអរសាទរចក្រភពអង់គ្លេសដែលបានក្លាយជាដៃគូសន្ទនាថ្មីមួយទៀតរបស់អាស៊ាន ជាពិសេសក្នុងឱកាសដែលកម្ពុជាធ្វើជាប្រធានប្ដូរវេនកិច្ចប្រជុំអាស៊ានឆ្នាំ ២០២២ ដោយសម្ដេចចាត់ទុកថានឹងបង្កើតឱកាសកាន់តែច្រើនឡើងថែមទៀតក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអង់គ្លេស និងចក្រភពអង់គ្លេស៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ