ក្រសួងសុខាភិបាល​ហាម​មិន​ឲ្យ​សេវា​សេវា​ពិនិត្យ​ព្យាបាល​ជំងឺ​ឯកជន​ទាំងអស់​ព្យាបាល​អ្នក​សង្ស័យ​ជំងឺ​កូ​វីដ​១៩​ឡើយ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ក្រសួងសុខាភិបាល​ហាម​មិន​ឲ្យ​សេវា​សេវា​ពិនិត្យ​ព្យាបាល​ជំងឺ​ឯកជន​ទាំងអស់​ព្យាបាល​អ្នក​សង្ស័យ​ជំងឺ​កូ​វីដ​១៩​ឡើយ

Published

on

ភ្នំពេញ ​៖ ក្រសួងសុខាភិបាល​បាន​ហាម​មិន​ឲ្យ​សេវា​សេវា​ពិនិត្យ​ព្យាបាល​ជំងឺ​ឯកជន​ទាំងអស់​ព្យាបាល​អ្នក​សង្ស័យ​ជំងឺ​កូ​វីដ​១៩​ឡើយ​។

លោកស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​មានប្រសាសន៍​នៅក្នុង​សេចក្តីជូនដំណឹង​របស់​ក្រសួងសុខាភិបាល​ចុះ​ថ្ងៃទី​២៥ ខែធ្នូ​នេះ​ថា​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​មាន​នូវ​ការ​រាតត្បាត​ទ្រង់ទ្រាយ​ធំ នៅក្នុង​សហគមន៍ ក្រសួងសុខាភិបាល​តម្រូវ​ឲ្យ​ម្ចាស់ សេវា​ពិនិត្យ​ព្យាបាល​ជំងឺ​ឯកជន​ទាំងអស់ ចូលរួម​ពង្រឹង​បន្ថែម​ទៀត ក្នុងការ​អនុវត្ត​វិធានការណ៍​ការពារ​កុំ​ឲ្យមាន​ចម្លងជំងឺ​កូ​វីដ​-១៩ ទៅក្នុង​សហគមន៍ និង​នៅតាម​សេវា​ពិនិត្យ​ព្យាបាល​ជំងឺ​ឯកជន​របស់ខ្លួន​។

លោកស្រី​បាន​បន្ត​ថា ​ក្នុង​នោះ​សេវា​ឯកជន​ទាំងអស់​ត្រូវអនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ដោយ មិន​អនុញ្ញាត​ឲ្យ​ធ្វើ​ការពិនិត្យ និង​ព្យាបាល​អ្នកជំងឺ ដែល​សង្ស័យ​ថា ជា​ជំងឺ​កូ​វីដ​-១៩ នៅតាម​កន្លែង​ពិនិត្យ​ព្យាបាល​អ្នកជំងឺ​ឯកជន​របស់ខ្លួន​ឡើយ​។

លោកស្រី​បាន​បន្ថែម​ថា ​«​ប្រសិនបើ​មាន​អ្នកជំងឺ​មក​ពិនិត្យ​ជំងឺ​នៅ​កន្លែង​ពិនិត្យ​ព្យាបាល​ជំងឺ​របស់ខ្លួន ដែល​សង្ស័យថា​ជា​ជំងឺ​កូ​វីដ​-១៩ ដូច​តាម​នៅក្នុង​និយមន័យ​ករណី​សង្ស័យ​ជំងឺ​កូ​វីដ​-១៩ គឺ​មិនត្រូវ​ធ្វើការ​ពិនិត្យ និង​ព្យាបាល​ឡើយ សូមជួយ​ពន្យល់ និង​ណែនាំ​អ្នកជំងឺ ឱ្យ​គាត់​បានដឹង​អំពី​ជំងឺ​កូ​វីដ​-១៩ រួច​ដាក់​គាត់​ឲ្យ​នៅ​ដាច់ដោយឡែក បន្ទាប់មក​ជូន​ព័ត៌មាន​ទៅ​មន្ទីរ​សុខាភិបាល​រាជធានី​-​ខេត្ត ដែល​នៅ​ជិត ដើម្បី​សម្របសម្រួល​បញ្ជូន​គាត់​ទៅកាន់​មន្ទីរពេទ្យបង្អែក​រដ្ឋ (​ចំពោះ​អ្នក​នៅ​ខេត្ត​គឺ មន្ទីរពេទ្យ​ខេត្ត និង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ចំពោះ​អ្នក​នៅ​រាជធានី​ភ្នំពេញ​) ជាបន្ទាន់​»​។

ជា​មួយ​គ្នា​នេះ​ដែរ លោកស្រី​បាន​ណែនាំ​ទៀតថា ​ត្រូវ​អនុវត្ត​នូវ​អនាម័យ​សម្អាត​ទីកន្លែង ពិនិត្យ​ព្យាបាល​ជំងឺ ដោយមាន​ម៉ាស់​សម្រាប់​ពាក់ មាន​អាល់កុល​សម្រាប់​លាងដៃ ឬ​អាល់កុល​ដែល​សម្រាប់​លាងដៃ​ជាប្រចាំ​។

លោកស្រី​បាន​បន្តទៀតថា​ក្នុងករណី​ដែលមាន​អ្នកជំងឺ​សង្ស័យ​ថា ជា​ជំងឺ​កូ​វីដ​-១៩ បានមក​ពិនិត្យ​ក្នុង​កន្លែង​ព្យាបាល​របស់ខ្លួន ម្ចាស់​សេវា​ត្រូវ​ប្រើ​សូ​លុ​ស្យុ​ង​អូ​សា​វែ​ល ដែលមាន​កំហាប់ ០,១% ក្នុងការ​ជូត​សម្អាត​ឥដ្ឋ និង​បាញ់សម្លាប់​មេរោគ​នៅ​កន្លែង​អ្នកជំងឺ​ដែល​បាន​មក​ពិនិត្យ និង​ក្នុង​បរិវេណ​ពិនិត្យ​ព្យាបាល​អ្នកជំងឺ​ទាំងមូល​។​ ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ និង​យក​សំណាក​ទៅពិនិត្យ និង​តាមដាន​សុខភាព​ជាប្រចាំ ចំពោះ​គ្រូពេទ្យ និង​បុគ្គលិក​ដែល​បាន​ប៉ះពាល់​ជាមួយនឹង​អ្នកជំងឺ ដែល​សង្ស័យ​ថា​ ជា​ជំងឺ​កូ​វីដ​-១៩ នោះ​។

លោកស្រី​បាន​បញ្ជាក់​ថា ​ចំពោះ​ការគ្រប់គ្រង​សំណល់​ពី​សេវា​ថែទាំ​សុខភាព ការពិនិត្យ​អ្នកជំងឺ​ម្ចាស់​សេវា​សុខាភិបាល​ឯកជន ត្រូវ​មាន​ធុងសម្រាម​ពណ៌​លឿង ដែល​មាន​ស្លាក​សញ្ញា​គ្រោះថ្នាក់​ពណ៌​ខ្មៅ សម្រាប់​ដាក់​សំណល់​ឆ្លង​រោគ និង​សម្ភារ​អ្នកជំងឺ​ដែល​សង្ស័យ​ជំងឺ​កូ​វីដ​-១៩ ប្រើ​រួច​៖ ម៉ាស់​ពាក់ ក្រដាស់​ជូត​ស្លេស​។​ល​។ បន្ទាប់មក​ត្រូវ​ប្រមូលយក​សំណល់​នោះ ទៅ​ដុត​កម្ទេចចោល​ជាមួយ​ឡ ដែលមាន​សីតុណ្ហភាព​ខ្ពស់​ចាប់ពី​៨០០​អង្សា​សេ​។

លោកស្រី​បាន​ណែនាំ​ដល់​ម្ចាស់​សេវា​ពិនិត្យ​ព្យាបាល​ជំងឺ​ឯកជន​ទាំងអស់ ត្រូវ​ជួយ​អប់រំ​ផ្សព្វផ្សាយ​អំពី​វិធានការណ៍​នៃ​ការ​ចម្លងជំងឺ​កូដ​-១៩ ទៅដល់​អ្នកជំងឺ និង​ក្រុម​គ្រួសារ​អ្នកជំងឺ ព្រមទាំង​ឲ្យ​គាត់​ចូលរួម​សហការ​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ ដោយ​ការ​លាងដៃ​ជាមួយ​ទឹក និង​សាប៊ូ ឬ​អាល់កុល​ឲ្យ​បាន​ញឹកញាប់ និង​ពាក់​ម៉ាស់ ព្រមទាំង​រក្សា​នូវ​គម្លាត​សុវត្ថិភាព​យ៉ាងតិច​ពី ១​ម៉ែត្រ​កន្លះ​ឡើងទៅ និង​ត្រូវអនុវត្ត​នូវ​វិធានការណ៍ ៣ ការពារ និង ៣​កុំ រួមមាន​ពាក់​ម៉ាស់ លាងដៃ​ឲ្យ​បាន​ញឹកញាប់​និង​គម្លាត​សុវត្ថិភាព​សង្គម និង​គម្លាត​សុវត្ថិភាព​បុគ្គល ដោយ​ចាប់ពី​១​ម៉ែត្រ​កន្លះ​ឡើងទៅ​ឲ្យ​បាន​គ្រប់គ្នា និង​នៅ​គ្រប់​ទីកន្លែង​។

ចំពោះ​៣​កុំ​វិញ​រួមមាន​កុំ​ចូល​ទៅ​កន្លែង​បិទ​ជិត​គ្មាន​ខ្យល់​ចេញចូល និង​ប្រើ​ម៉ាស៊ីនត្រជាក់​ច្រើនពេក រក​កន្លែង​មាន​ខ្យល់​ចេញចូល​ល្អ កុំទៅ​កន្លែង​មនុស្ស​ច្រើន​កុះករ​និង​កុំ​ប៉ះពាល់​គ្នា កុំ​ចាប់​ដៃ​គ្នា កុំ​កៀក​ស្មា​គ្នា កុំ​ឱប​គ្នា​ជាដើម ពេល​ជួបគ្នា អ្នកមាន​ផ្តាសាយ ឬ​សង្ស័យ​មាន​ជំងឺ​កូ​វីដ​-១៩ កុំ​ចេញ​ក្រៅ​ហើយ​ត្រូវ​ទាក់ទង​ទៅ​គ្រូពេទ្យ ឬ​ហៅ​ទៅ​លេខ ១១៥៕
ដោយ ៖ សំអឿន

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services