ព័ត៌មានជាតិ
ដើមឆ្នាំ២០២១នេះ គ.ជ.ប នៅតែបន្តដំណើរការងាររបស់ខ្លួន ដោយផ្អែកលើមូលដ្ឋានច្បាប់
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអះអាងថា នៅដើមឆ្នាំ២០២១នេះ គ.ជ.ប នៅតែបន្តការងាររបស់ខ្លួនជាបន្តទៀត ដោយផ្អែកលើមូលដ្ឋានច្បាប់ បទបញ្ជា និងនីតិវិធី ហើយគ.ជ.ប ក៏មានគម្រោងរៀបចំការបោះឆ្នោតសាកល្បង ដើម្បីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងវាយតម្លៃលើប្រសិទ្ធភាព នៃការធ្វើទំនើបកម្មដំណើរការរៀបចំការបោះឆ្នោត តាមប្រព័ន្ធអនឡាញ (Online) ផងដែរ។
ការបញ្ជាក់របស់ស្ថាប័ន គ.ជ.ប បានធ្វើឡើងតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន និងបានផ្សព្វផ្សាយនាល្ងាចថ្ងៃទី០៥ ខែមករា នេះ។ គ.ជ.ប បញ្ជាក់យ៉ាងដូច្នេះថា “នៅដើមឆ្នាំ២០២១នេះ គ.ជ.ប នៅតែបន្តដំណើរការងាររបស់ខ្លួនជាបន្តទៀត ផ្អែកលើមូលដ្ឋានច្បាប់ បទបញ្ជា និងនីតិវិធីជាបន្តទៀត”។ ជាមួយគ្នានោះ គ.ជ.ប មានគម្រោងនឹងរៀបចំការបោះឆ្នោតសាកល្បង ដើម្បីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងវាយតម្លៃលើប្រសិទ្ធភាពនៃការធ្វើទំនើបកម្មដំណើរការរៀបចំការបោះឆ្នោតដូចជា៖ ទី១, ការប្រើប្រាស់កម្មវិធីចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត តាមប្រព័ន្ធអនឡាញ (Online) និងទី២, ការប្រើប្រាស់កម្មវិធីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលនៃការបោះឆ្នោត តាមប្រព័ន្ធអនឡាញ (Online) ដែលគ្របដណ្ដប់លើដំណើរការសំខាន់ៗនៅក្នុងថ្ងៃបោះឆ្នោត តាមកម្មវិធីជាប្រព័ន្ធដូចជា កម្មវិធីទទួល បញ្ចូល បូកសរុប បញ្ជូន និងប្រកាសលទ្ធផលបឋមនៃការបោះឆ្នោត, កម្មវិធីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោត, កម្មវិធីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលផ្លូវការនៃការបោះឆ្នោត, កម្មវិធីបែងចែកអាសនៈ និងស្រង់ឈ្មោះបេក្ខជនជាប់ឆ្នោត ហើយ គ.ជ.ប នឹងអញ្ជើញភាគីពាក់ព័ន្ធទាំងអស់ឲ្យចូលរួមធ្វើការងារជាមួយគ្នាបន្តទៀត ដើម្បីលើកកម្ពស់ការងារបោះឆ្នោតឲ្យកាន់តែល្អប្រសើរថែមទៀត ក្នុងនាមជាខ្មែរ។
ទាក់ទងដល់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះអ្នកបោះឆ្នោតឆ្នាំ២០២០ គ.ជ.ប បានអះអាងថា ការងារការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ មានការសាទរយ៉ាងច្រើនលើសលប់ពីភាគីពាក់ព័ន្ធ។ ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២០ មានចំនួន ៨,៨៣១,៩៧១នាក់ ស្មើនឹង៨៥.០៦ ភាគរយ ធៀបនឹងចំនួនប្រជាពលរដ្ឋប៉ាន់ស្មានសរុបដែលមានអាយុចាប់ពី១៨ឆ្នាំឡើង។ ក្នុងនោះប្រជាពលរដ្ឋ ដែលបានមកចុះឈ្មោះបោះឆ្នោតថ្មី នៅឆ្នាំ២០២០ មានចំនួន២៦៨,៦១១នាក់ ស្មើនឹង៨៩.៤២ភាគរយ។
បើតាម គ.ជ.ប នៅឆ្នាំ២០២០ ប្រជាពលរដ្ឋជាច្រើនបានមកចូលរួមធ្វើបច្ចុប្បន្នភាពលើបញ្ជីបោះឆ្នោត ដែលធ្វើឲ្យ គ.ជ.ប មានឯកសារជាមូលដ្ឋានសម្រាប់លុបឈ្មោះក្នុងបញ្ជីបោះឆ្នោតបានរហូតដល់១៥៤,៧៨៥នាក់។ ឈ្មោះដែលលុបនោះ គឺអ្នកទទួលមរណភាព អ្នកបានផ្លាស់លំនៅឋាន ឬទីសំណាក់ចេញទៅឃុំ សង្កាត់ផ្សេង និងអ្នកបានចុះឈ្មោះលើសពីមួយកន្លែង (ឈ្មោះស្ទួន)។
តួលេខខាងលើនេះ បង្ហាញនូវលទ្ធផលដ៏ល្អប្រសើរ ដែល គ.ជ.ប ត្រូវតែអរគុណ និងកោតសរសើរចំពោះប្រជាពលរដ្ឋទាំងអស់ដែលទទួលបានព័ត៌មានគ្រប់គ្រាន់ ហើយបានចូលរួមក្នុងដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០។
ជាមួយគ្នានេះ គ.ជ.ប បានថ្លែងអំណរគុណចំពោះគណបក្សនយោបាយទាំងអស់ ជាពិសេសគណបក្សនយោបាយចំនួន១៣ ដែលបានចូលរួមក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធដែលរៀបចំឡើងដោយ គ.ជ.ប កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ហើយដែលគណបក្សទាំងនោះ បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់មន្ត្រីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ដែលបានបំពេញតួនាទីក្នុងនាមជាអ្នកបម្រើសេវាជូនម្ចាស់ឆ្នោត រហូតទទួលបានលទ្ធផលមួយល្អ ហើយបានបង្ហាញជំហរគាំទ្របញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២០។
នៅក្នុងដំណើរការនេះ ក៏មានសមាគម និងអង្គការមិនមែនរដ្ឋាភិបាលចំនួន៨ បានដាក់អ្នកសង្កេតការណ៍ជាតិចំនួនសរុប២,២០១នាក់ផងដែរ ហើយបានអបអរសាទរចំពោះលទ្ធផលការងាររបស់ គ.ជ.ប ក្នុងឆ្នាំ២០២០នេះ។ ជាមួយគ្នានោះ គ.ជ.ប បានថ្លែងអំណរគុណ ចំពោះសមាគម និងអង្គការមិនមែនរដ្ឋាភិបាលទាំងនោះ ដែលបានបង្ហាញនូវសច្ចធម៌ ក៏ដូចជាការផ្តល់ភាពយុត្តិធម៌ដល់ស្ថាប័ន គ.ជ.ប ដោយបានគាំទ្របញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២០ និងការកោតសរសើរចំពោះការខិតខំប្រឹងប្រែងបំពេញការងាររបស់មន្ត្រី គ.ជ.ប គ្រប់លំដាប់ថ្នាក់។
គ.ជ.ប ក៏បានថ្លែងអំណរគុណ ចំពោះម្ចាស់ជំនួយអន្តរជាតិ ដែលរួមមាន សហភាពអឺរ៉ុប (EU) ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងអង្គការមូលនិធិអន្តរជាតិដើម្បីប្រព័ន្ធបោះឆ្នោត (IFES) ជាដើម ដែលបានជួយទាំងបច្ចេកទេស សម្ភារ និងច្បាប់ ដើម្បីរៀបចំបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ហើយត្រូវបាន គ.ជ.ប យកមកអនុវត្តតាំងពីឆ្នាំ២០១៦ រហូតមកដល់បច្ចុប្បន្ន ប្រកបដោយតម្លាភាព និងជោគជ័យ៕
ដោយ ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


