Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុនក្នុងស្រុក ២ គ្រោងនឹងបោះមូលបត្រកម្មសិទ្ធិក្នុងទីផ្សារមូលបត្រកម្ពុជា នៅឆ្នាំ ២០២៣ ខាងមុខ

បានផុស

នៅ

ក្រុមហ៊ុន​ក្នុង​ស្រុក​ចំនួន ២ បន្ថែម​ទៀត គ្រោង​នឹង​បោះ​មូលបត្រ​កម្មសិទ្ធិ​នៅ​ក្នុង​ទីផ្សារ​មូលបត្រ​កម្ពុជា​នៅ​ពាក់កណ្ដាល​ឆ្នាំ ២០២៣ ខាង​មុខ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​ពិធី​ចុះ​កិច្ចព្រមព្រៀង​ស្ដីពី​ការ​ប្រើប្រាស់​សេវា​ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​សម្រាប់​ការ​បង់​ថ្លៃ​សេវា​ស្នើសុំ​លេខ​អត្តសញ្ញាណ​វិនិយោគិន​តាម​អន​ឡាញ​រវាង​និយ័តករ​មូលបត្រ​កម្ពុជា​(​ន​.​ម​.​ក​.) ជាមួយ​ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅ​ថ្ងៃ​ទី ០៧ ខែ​ធ្នូ ឆ្នាំ ២០២២ នៅ​ទីស្ដីការ ន​.​ម​.​ក​. លោក ស៊ូ សុជាតិ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក នៃ​និយ័តករ​មូលបត្រ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​ក្នុង​ស្រុក​ចំនួន ២ ដែល​មាន​ឆន្ទៈ​ក្នុង​ការ​បោះ​មូលបត្រ​កម្មសិទ្ធិ​រួមមាន ៖ ទី១-ក្រុមហ៊ុន​ផ្នែក​សេវា​អប់រំ​របស់​អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី និង​ទី២-ក្រុមហ៊ុន LY LY Food Industry Co., LTD. របស់​លោក​ស្រី​ឧកញ៉ា កែវ មុំ ដែល​ក្រុមហ៊ុន​ទាំង ២ នេះ សុទ្ធ​តែ​ជា​ក្រុមហ៊ុន​ដែល​បាន​បង្កើត​យូរ​ឆ្នាំ​មក​ហើយ​នៅ​ប្រទេស​កម្ពុជា។

លោក​បាន​បន្ត​ថា បច្ចុប្បន្ន​កំពុង​មាន​ការ​សំដែង​ឆន្ទៈ​រៀបចំ​ខ្លួន​ក្នុង​ការ​រៀបចំ​បោះ​មូលបត្រ​កម្មសិទ្ធិ​នៅ​ឆ្នាំ ២០២៣ ដែល​នេះ​ជា​សញ្ញា​វិជ្ជមាន និង​ល្អ​មួយ ក្នុង​វិស័យ​មូលបត្រ​របស់​កម្ពុជា បន្ទាប់ពី​មាន​ការ​រអាក់រអួល​នៅ​ក្នុង​អំឡុង​ពេល​ការ​រាតត្បាត​ជំងឺ​កូវីដ-១៩ កន្លង​ទៅ​នេះ។

លោក​បាន​បន្ត​ទៀត​ថា «តាម​ទស្សនវិស័យ​របស់​ក្រុមហ៊ុន​ទាំង ២ មាន​ឆន្ទៈ​រៀបចំ​ចូល​បោះ​មូលបត្រ​កម្មសិទ្ធិ​ជា​ផ្លូវការ​នៅ​ពាក់កណ្ដាល​ឆមាស​ទី ១ នៃ​ឆ្នាំ ២០២៣ ខាងមុខ។ ប៉ុន្តែ​ការ​ចូលរួម​ក្នុង​ទីផ្សារ​មូលបត្រ​ភារកិច្ច​សំខាន់​គឺ​ក្រុមហ៊ុន​ខ្លួនឯង​ទេ ប្រសិន​បើ​ធ្វើ​ឯកសារ​រួចរាល់​ទាំងអស់​នៅ​ក្នុង​ឆមាស​ទី ១ ឆ្នាំ ២០២៣ គាត់​អាច​ចូល​បាន តែ​បើ​សិន​គាត់​ខ្វះខាត​អាច​បំពេញ​បន្ថែម​ទៀត​»។

លោក​បាន​បន្ថែម​ថា យ៉ាង​ណា​ក៏​ដោយ យើង​នឹង​ត្រៀម​ខ្លួន​សហការ​ជាមួយ​ក្រុមហ៊ុន​ទាំង ២ នេះ ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ផែនការ​របស់​ក្រុមហ៊ុន​សម្រេច​ឲ្យ​បាន​តាម​ការ​គ្រោងទុក​នៅ​ឆមាស​ទី ១ ឆ្នាំ ២០២៣។

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី មាន​សញ្ជាតិ​ខ្មែរ​-​អាមេរិក បច្ចុប្បន្ន គាត់​ត្រូវ​គេ​ស្គាល់​ថា​ជា ស្ថាបនិក​ប្រធាន​ក្រុម​ប្រឹក្សាភិបាល និង​អគ្គនាយក​ប្រតិបត្តិ នៃ​ក្រុមហ៊ុន ម៉េងលី ជេ​. គួច អេ​ឌ្យូ​ខេ​សិន ដែល​ជា​ស្ថាប័ន​ផ្ដល់​សេវា​អប់រំ​ឈានមុខ​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​មាន​បុត្រ​សម្ពន្ធ​គឺ មជ្ឈមណ្ឌល​ភាសា អេ អាយ អាយ (Aii) និង​សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS)។

ចំណែក​លោកស្រី​ឧកញ៉ា កែវ មុំ អគ្គ​នាយិកា​ក្រុមហ៊ុន LY LY Food Industry Co., LTD.ជា​ក្រុមហ៊ុន​នំ​ស្រួយ​លី​លី ដែល​ផ្តោត​ទៅ​លើ​គុណភាព និង​អនាម័យ​ខ្ពស់ ស្តង់ដារ​ជប៉ុន គិត​ពី​សុខភាព​ជា​ចម្បង ។

លោក ស៊ូ សុជាតិ បាន​បញ្ជាក់​ថា រហូត​មក​ដល់​ពេលនេះ កម្ពុជា មាន​ក្រុមហ៊ុន​ចុះបញ្ជី​ក្នុង​ទីផ្សារ​មូលបត្រ​ចំនួន ១៦ ក្រុមហ៊ុន ក្នុង​នោះ​មាន​ក្រុមហ៊ុន​ចុះបញ្ជី​ផ្នែក​មូលបត្រ​កម្មសិទ្ធិ​ចំនួន ៩ ក្រុមហ៊ុន និង​ក្រុមហ៊ុន​ចុះបញ្ជី​ផ្នែក​មូលបត្រ​បំណុល​ចំនួន ៧ ក្រុមហ៊ុន៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម