Connect with us

ព័ត៌មានជាតិ

លោក ហៃ លីអ៊ាង៖ការអភិវឌ្ឍធនធានមនុស្ស ជាផ្នែកមួយជួយឲ្យវិស័យឱសថកម្ពុជាកាន់តែជឿនលឿន

បានផុស

នៅ

លោកឱសថបណ្ឌិត ហៃ លីអ៊ាង អគ្គនាយកសហគ្រាសផលិតឱសថប៉េប៉េអឹមបានជំរុញឲ្យមានការពង្រឹង និងបង្កើនសមត្ថភាពធនធានមនុស្សផ្នែកឱសថបន្ថែមទៀត ដើម្បីចូលរួមជួយអភិវឌ្ឍន៍ និងលើកកម្ពស់វិស័យឱសថសាស្ត្រនៅកម្ពុជាឲ្យកាន់តែមានភាពរីកចម្រើនជឿនលឿន។

លោក ហៃ លីអ៊ាង ជំរុញបែបនេះនៅក្នុងសិក្ខាសាលាមួយស្ដីពីចក្ខុវិស័យ​ឆ្ពោះ​ទៅកាន់​ការ​អភិវឌ្ឍវិស័យ​ឱសថនៅកម្ពុជា​ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោកឱសថបណ្ឌិត ហៃ លីអ៊ាង នៅពេលបច្ចុប្បន្ននេះ និស្សិតដែលសិក្សាលើជំនាញឱសថសាស្ត្រ គឺមានចំនួន កើនឡើង ហើយក្រោយបញ្ចប់ការសិក្សា អ្នកទាំងនោះបានចេញទៅបំពេញការងារជាឱសថការីនៅតាមឱសថស្ថាននានានៅទូទាំងប្រទេសកម្ពុជា។

លោកលើកឡើងថា ការកើនឡើងចំនួននិស្សិតផ្នែកឱសថសាស្ត្រនេះ គឺជាការឆ្លើយតបនឹងតម្រូវការទីផ្សារដែលមានច្រើន ប៉ុន្តែយ៉ាងណា លោកបានមើលឃើញថា ការស្រាវជ្រាវ និងការផលិតឱសថរបស់កម្ពុជា គឺនៅមានកម្រិតនៅឡើយ។

ត្រង់ចំណុចនេះ លោកឱសថបណ្ឌិត បានជំរុញឲ្យរាជរដ្ឋាភិបាលបន្តយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀត និងត្រូវរៀបចំផែនការទាក់ទងលើការអភិវឌ្ឍវិស័យឱសថសាស្ត្ររបស់កម្ពុជា ដើម្បីធ្វើយ៉ាងណាឲ្យធនធានមនុស្សទាំងនេះឲ្យក្លាយជាកម្លាំងចលករមួយដ៏ខ្លាំងក្លាក្នុងការចូលរួមជួយអភិវឌ្ឍន៍វិស័យឱសថ ជាពិសេស ការស្រាវជ្រាវ និងការផលិតឱសថថ្មីៗប្រកបដោយគុណភាពធានាដល់សុខភាពសាធារណៈប្រជាជន និងដើម្បីជាការឆ្លើយតបនឹងតម្រូវការទីផ្សារក្នុងស្រុកផង និងក្រៅស្រុកផង។

លោកឱសថបណ្ឌិត សង្កត់ធ្ងន់ថា ការអភិវឌ្ឍធនធានមនុស្សផ្នែកឱសថសាស្ត្រ នឹងក្លាយជាចំណុចវិជ្ជមាន ដែលអាចជាមូលដ្ឋានគ្រឹះមួយសម្រាប់ឈានឆ្ពោះទៅរកការលើកកម្ពស់ទីផ្សារឱសថ ក៏ដូចជា ជំរុញដល់ការផលិតឱសថរបស់កម្ពុជាកាន់តែរីកចម្រើនជឿនលឿនបន្ថែមទៀត សម្រាប់ការប្រកួតប្រជែងជាមួយឱសថបរទេស៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម