ព័ត៌មានជាតិ
គ.ជ.ប ទទួលយករបាយការណ៍របស់ខុមហ្វ្រែល និងពិនិត្យមើលចំណុចដែលពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់ គ.ជ.ប
មន្ត្រីជាន់ខ្ពស់ គ.ជ.ប បានបញ្ជាក់ប្រាប់តំណាងអង្គការខុមហ្វ្រែលថា គ.ជ.ប ទទួលយករបាយការណ៍របស់ខុមហ្វ្រែល និងធ្វើការពិនិត្យមើលចំណុចទាំងឡាយណា ដែលពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់គ.ជ.ប ក្នុងក្របខ័ណ្ឌនៃការអនុវត្តការងាររបស់ខ្លួន។

ការបញ្ជាក់នេះ គ្រាដែលលោក សោម សូរីដា ទីប្រឹក្សា និងជាអគ្គលេខាធិការរង គ.ជ.ប កាលពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២២ បានជួបពិភាក្សាជាមួយតំណាងអង្គការខុមហ្វ្រែល ដែលដឹកនាំដោយលោក សុក សំអឿន ប្រធានគណៈ កម្មាធិការនាយកអង្គការខុមហ្វ្រែល។

ជំនួបនេះធ្វើឡើង បន្ទាប់ពីអង្គការខុមហ្វ្រែល ស្នើសុំ គ.ជ.ប ជួបពិភាក្សាបន្ថែមលើរបាយការណ៍ ស្ដីពី បញ្ហាប្រឈម និងអនុសាសន៍ទាក់ទងនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៥ ឆ្នាំ ២០២២ ដែលបានដាក់ជូន គ.ជ.ប ធ្វើការពិនិត្យ។

លោក សោម សូរីដា បានជម្រាបភាគីអង្គការខុមហ្វ្រែល ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៥ ឆ្នាំ ២០២២ នាពេលកន្លងទៅនេះ បានបញ្ចប់ទៅដោយទទួលបានការសាទរ និងការវាយតម្លៃពីមជ្ឈដ្ឋានទូទៅ ទាំងជាតិ និងអន្តរជាតិថា ដំណើរការបោះឆ្នោតនេះ បានប្រព្រឹត្តទៅរលូនល្អ ក្នុងបរិយាកាសសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ល្អ ដោយអនុលោមតាមច្បាប់ បទបញ្ជា និងនីតិវិធីពាក់ព័ន្ធនឹងការបោះឆ្នោតជាធរមាន។

លោកបានបញ្ជាក់ផងដែរថា បើទោះបីជាការបោះឆ្នោតនេះ បានប្រព្រឹត្តទៅរលូនល្អក៏ពិតមែន តែមិនអាចចាត់ទុកថាល្អឥតខ្ចោះនោះទេ ហើយ គ.ជ.ប ក្នុងនាមជាស្ថាប័នអនុវត្តច្បាប់ គឺមានតែខិតខំពង្រឹងការអនុវត្តការងាររបស់ខ្លួនស្របតាមបទប្បញ្ញត្តិច្បាប់ពាក់ព័ន្ធជាធរមាន។

ភាគីអង្គការខុមហ្វ្រែល បានលើកឡើងអំពីរបាយការណ៍ ដែលខ្លួនបានដាក់ជូន គ.ជ.ប ថា របាយការណ៍នេះ មិនមែនជាការចង់ដាក់បន្ទុកដល់ គ.ជ.ប នោះទេ តែសង្ឃឹមថា គ.ជ.ប នឹងពិចារណាលើចំណុចដែលបានរកឃើញទាំងនោះ ក្នុង ន័យលើកកម្ពស់ការរៀបចំការបោះឆ្នោតនៅកម្ពុជា នាពេលខាងមុខៗទៀតឲ្យកាន់តែប្រសើរ។
លោក សោម សូរីដា បានជម្រាបជូនថា គ.ជ.ប ទទួលយករបាយការណ៍របស់ខុមហ្វ្រែល និងធ្វើការពិនិត្យមើលចំណុចទាំងឡាយណា ដែលពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់ គ.ជ.ប ក្នុងក្របខ័ណ្ឌនៃការអនុវត្តការងាររបស់ខ្លួន។
ក្នុងនេះ លោកក៏បានគូសបញ្ជាក់ផងដែរថា ភាពមិនប្រក្រតី ដែលរកឃើញដោយអង្គការខុមហ្វ្រែលវាគ្រាន់តែជាកំហុសបច្ចេកទេស ក្នុងការអនុវត្តរបស់មន្ត្រីការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោតប៉ុណ្ណោះ។ ប៉ុន្តែវាពុំមែនជាភាពមិនប្រក្រតី ដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់លទ្ធផល នៃការបោះឆ្នោតនោះទេ។
នៅក្នុងជំនួបនេះ ភាគី គ.ជ.ប ក៏បានធ្វើការបកស្រាយដោយឈរលើមូលដ្ឋានច្បាប់ ចំពោះការលើកឡើងរបស់ភាគីអង្គការខុមហ្វ្រែល នូវចំណុចមួយចំនួនផងដែរ ដូចជា៖
-ការរៀបចំឲ្យមានការចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោតនៅក្រៅប្រទេស។ ត្រង់ចំណុចនេះ ភាគី គ.ជ. បានបកស្រាយថា គ.ជ.ប បានបំពេញភារកិច្ចរបស់ខ្លួន ដោយគោរព និងអនុវត្ត ទៅតាមក្របខ័ណ្ឌច្បាប់ ដែលអនុញ្ញាតឲ្យបង្កើតការិយាល័យចុះឈ្មោះបោះឆ្នោត និងការិយាល័យបោះឆ្នោត តែនៅក្នុងដែនដីនៃព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះ។
-ចំពោះការបិទទ្វារ ឬ/និងបង្អូចការិយាល័យរាប់សន្លឹកឆ្នោត នៅពេលរាប់សន្លឹកឆ្នោត ភាគី គ.ជ.ប បានបកស្រាយថា យោងមាត្រា ៣០ នៃច្បាប់ ស្ដីពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អ្នកដែលមានសិទ្ធិអាចនៅក្នុងការិយាល័យរាប់សន្លឹកឆ្នោតបាន គឺមានមន្រ្តីការិយាល័យរាប់សន្លឹកឆ្នោត ភា្នក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍ ភ្ញៀវពិសេស និងអ្នកសារព័ត៌មាន ដូច្នេះមិនអាចថា ការបិទបន្ទប់ការិយាល័យរាប់សន្លឹកឆ្នោតជាភាពមិនប្រក្រតីនោះទេ។
-ការលុបបេក្ខជន ឬបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតរបស់គណបក្សនយោបាយ ភាគី គ.ជ.ប បំភ្លឺថា ក្នុងដំណាក់កាលដំបូងនៃការចុះបញ្ជីបេក្ខជន ច្បាប់តម្រូវឲ្យគណបក្សនយោបាយ ត្រូវដាក់បេក្ខជនចំនួនពីរដងនៃអាសនៈក្រុមប្រឹក្សាឃុំ សង្កាត់នោះ។ ករណីការដាក់បេក្ខជនមិនគ្រប់តាមចំនួនកំណត់ បញ្ជីបេក្ខជននៃគណបក្សនយោបាយនោះ ត្រូវបានបដិសេធការសុំចុះបញ្ជី។
ប៉ុន្តែក្នុងករណីបញ្ជីមានបេក្ខជនគ្រប់ចំនួនហើយ ត្រូវបានទទួលយល់ព្រមឲ្យចុះបញ្ជី បញ្ជីនោះត្រូវបិទផ្សាយជាបញ្ជីបេក្ខជនដំបូង។ ប្រសិនបើមានការប្ដឹងពីប្រជាពលរដ្ឋចំពោះបញ្ជីបេក្ខជនដំបូង បេក្ខជនណាមិនបំពេញបានតាមលក្ខខណ្ឌកំណត់នៃច្បាប់ បេក្ខជននោះត្រូវលុបចេញពីបញ្ជីបេក្ខជនដំបូង ពោលគឺមិនបដិសេធបញ្ជីបេក្ខជនទាំងមូលទេ។
-ចំពោះការស្នើឲ្យពង្រឹងការអនុវត្តរបស់មន្រ្តីបោះឆ្នោតលើកំណត់ហេតុនៃការរាប់សន្លឹកឆ្នោ (ទម្រង់ ១១០២) ភាគី គ.ជ.ប ទទួលស្គាល់ថា កន្លងមកមានកំហុសឆ្គងរបស់មន្រ្តីបោះឆ្នោតមួយចំនួន តែក្នុងចំនួនតិចតួចប៉ុណ្ណោះ ដែលធ្វើឲ្យកើតមានករណីដូចជាការដែលពួកគាត់មិនបានបិទផ្សាយ ទ.១១០២ នេះជាដើម។
ទាំងនោះដោយសារតែពួកគាត់ ត្រូវបានជ្រើសរើសសម្រាប់បំពេញការងារ និងទទួលបានការបណ្ដុះបណ្ដាល ក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ គ.ជ.ប នឹងខិតខំធ្វើយ៉ាងណាបញ្ចៀសនូវកំហុសទាំងនេះ។ ជំនួបទ្វេភាគីនេះ បានប្រព្រឹត្តទៅដោយរលូនក្នុងរយៈពេលមួយម៉ោងកន្លះ ក្នុងបរិយាកាសស្និទស្នាល និងយោគយល់៕
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


