ព័ត៌មានជាតិ
មកដឹងលក្ខខណ្ឌចូលរៀននៅសាលាភូមិន្ទទាំង ៤ នៃរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ
រាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ ជាថ្នាលបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងវិស័យអនុវត្តច្បាប់ និងវិជ្ជាជីវៈតុលាការនៅកម្ពុជា។ ទន្ទឹមនេះ រាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ ក៏ជាកន្លែងបណ្តុះបណ្តាលបឋម ដែលនិស្សិតអាចចូលរៀននៅទីនេះបាន តាមរយៈការប្រឡងប្រជែង។ សាលានៅក្រោមចំណុះរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការមានចំនួន ៤គឺសាលាភូមិន្ទចៅក្រម សាលាភូមិន្ទក្រឡាបញ្ជី សាលាភូមិន្ទសារការី និងសាលាភូមិន្ទអាជ្ញាសាលា។
តើមានលក្ខខណ្ឌអ្វីខ្លះ ទើបអាចទទួលបានការបណ្ដុះបណ្ដាលនៅសាលាភូមិន្ទទាំង ៤ នេះ នៃរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ?

១/ សាលាភូមិន្ទចៅក្រម
សាលាភូមិន្ទចៅក្រម ជាគ្រឹះស្ថានសាធារណៈរដ្ឋបាលដែលមានកាតព្វកិច្ចជ្រើសរើស និងបណ្តុះបណ្តាលវិជ្ជាជីវៈចៅក្រម ការបណ្តុះបណ្តាលបន្ត និងវិក្រឹត្យការចៅក្រម និងព្រះរាជអាជ្ញា ដែលកំពុងបំពេញការងារនៅតាមសាលាជំនះក្តី។ ដើម្បីអាចចូលរៀននៅសាលាភូមិន្ទចៅក្រម លក្ខខណ្ឌត្រូវបានអនុញ្ញាចំពោះបេក្ខជនទាំងជាមន្ត្រីរាជការ និងនិស្សិត ដែលមានសញ្ជាតិខ្មែរពីកំណើត មានអាយុ ៣៥ឆ្នាំយ៉ាងច្រើនចំពោះបេក្ខជននិស្សិត និងមានអាយុ ៤០ឆ្នាំយ៉ាងច្រើនចំពោះបេក្ខជនមន្ត្រីរាជការ សញ្ញាបត្រកម្រិតបរិញ្ញាបត្រច្បាប់ឡើង ហើយត្រូវឆ្លងកាត់ការប្រលងប្រជែងជាសិស្សចៅក្រម។ ការប្រលងប្រជែងជាសិស្សចៅក្រមមានពីរដំណាក់កាល គឺដំណាក់កាលទី១ វិញ្ញាសាសរសេរ មាន៤មុខវិជ្ជា ក្រមព្រហ្មទណ្ឌ ក្រមនីតិវិធីព្រហ្មទណ្ឌ ក្រមរដ្ឋប្បវេណី និងក្រមនីតិវិធីរដ្ឋប្បវេណី។ ដំណាក់កាលទី២ គឺវិញ្ញាសាផ្ទាល់មាត់ លើប្រធានបទនីតិរដ្ឋធម្មនុញ្ញ នីតិភូមិបាល និងវប្បធម៌ទូទៅដែលទាក់ទងនឹងវិស័យច្បាប់ និងយុត្តិធម៌។

២/ សាលាភូមិន្ទក្រឡាបញ្ជី
សាលាភូមិន្ទក្រឡាបញ្ជី ជាគ្រឹះស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈក្រឡាបញ្ជីដែលជាមន្ត្រីរបស់ក្រសួងយុត្តិធម៌។ ការជ្រើស រើសសិស្សក្រឡាបញ្ជី គឺធ្វើឡើងតាមរយៈការប្រឡងក្នុងចំណោមបេក្ខជនជាមន្ត្រីរាជការ និងនិស្សិត។ លក្ខខណ្ឌនៃការចូលរៀននៅសាលាភូមិន្ទក្រឡាបញ្ជី គឺបេក្ខជនត្រូវមានសញ្ជាតិខ្មែរពីកំណើត មានអាយុ ៣០ឆ្នាំយ៉ាងច្រើនចំពោះបេក្ខជនជានិស្សិត និងមានអាយុ ៣៥ឆ្នាំយ៉ាងច្រើនចំពោះបេក្ខជនជាមន្ត្រីរាជការ ហើយមានកម្រិតវប្បធម៌បរិញ្ញាបត្ររងផ្នែកនីតិសាស្ត្រ។ ការប្រលងប្រជែងជាសិស្សក្រឡាបញ្ជី មានពីរដំណាក់កាល គឺដំណាក់កាលទី១ វិញ្ញាសាសរសេរ មាន ៣មុខវិជ្ជា រួមមាន នីតិព្រហ្មទណ្ឌ នីតិរដ្ឋប្បវេណី និងនីតិរដ្ឋធម្មនុញ្ញ។ ដំណាក់កាលទី២ គឺវិញ្ញាសាផ្ទាល់មាត់ លើវប្បធម៌ទូទៅ និងជំនាញស្ដាប់ និងកត់ត្រា។

៣/ សាលាភូមិន្ទសារការី
មន្ត្រីសារការី ជាមន្ត្រីសាធារណៈដែលមានមុខងារធ្វើលិខិតយថាភូត បញ្ជាក់អំពីលក្ខណៈពិតប្រាកដត្រឹមត្រូវ ធានារ៉ាបរងអំពីកាលបរិច្ឆេទតម្កល់រក្សាទុក និងចេញសេចក្តីចម្លងយថាភូតនៃលិខិតទាំងឡាយ ដែលត្រូវតែមានការបញ្ជាក់។ មុននឹងក្លាយជាមន្ត្រីសារការី គឺត្រូវឆ្លងកាត់ការបណ្ដុះបណ្ដាលនៅសាលាភូមិន្ទសារការី នៃរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ។ ការបណ្ដុះបណ្ដាលនេះ ត្រូវបានធ្វើឡើងតាមរយៈការប្រលងជ្រើសរើសក្នុងចំណោមបេក្ខជនជាមន្ត្រីរាជការ និងនិស្សិត។ លក្ខខណ្ឌសម្រាប់បេក្ខជន គឺមានសញ្ញាតិខ្មែរ មានអាយុ ៣៥ឆ្នាំចំពោះបេក្ខជនជានិស្សិត អាយុ ៤០ឆ្នាំចំពោះបេក្ខជនជាមន្ត្រីរាជការ ហើយមានកម្រិតវប្បធម៌សញ្ញាបត្របរិញ្ញាបត្រឡើង។

៤/ សាលាភូមិន្ទអាជ្ញាសាលា
ដើម្បីអាចទទួលការបណ្តុះបណ្តាលនៅសាលាភូមិន្ទអាជ្ញាសាលាបានចាំបាច់ត្រូវឆ្លងកាត់ការប្រឡងជ្រើសរើសជាសិស្សអាជ្ញាសាលាក្នុងចំណោមបេក្ខជនជាមន្ត្រីរាជការ និងនិស្សិត ដែលមានវិញ្ញាសាចំនួនពីរ គឺទី១ វិញ្ញាសាសរសេរ លើមុខវិជ្ជាចំនួន៣ រួមមាន នីតិរដ្ឋធម្មនុញ្ញ នីតិព្រហ្មទណ្ឌ និងនីតិរដ្ឋប្បវេណី។ ដោយឡែកទី២ គឺវិញ្ញាសាផ្ទាល់មាត់ ទាក់ទងនឹងនីតិការងារ នីតិពាណិជ្ជកម្ម នីតិរដ្ឋបាល ភាសាបរទេស និងវប្បធម៌ទូទៅផ្នែកច្បាប់៕
ដោយ៖ ធឿន វ៉ាន់សុង
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoលោក Vance ថា អ៊ីស្រាអែលព្យាយាមរារាំងកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីរ៉ង់


