ព័ត៌មានជាតិ
លោក កត្តា អ៊ន ៖ ការផ្សព្វផ្សាយ និងជំរុញលើកទឹកចិត្តឲ្យយុវជនមករៀនជំនាញ ជាការស្នេហាជាតិ និងជួយសង្គមជាតិ
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើកឡើងថា ការចូលរួមផ្សព្វផ្សាយពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស និងការចូលរួមលើកទឹកចិត្តឲ្យយុវជនមកចុះឈ្មោះចូលរៀន គឺជាការស្នេហាជាតិ និងជួយសង្គមជាតិមួយដ៏ត្រឹមត្រូវ។ ការលើកឡើងនេះ បន្ទាប់ពី ក្រសួងការងារ បាននិងកំពុងបន្តយុទ្ធនាការកៀរគរយុវជនមកចុះឈ្មោះចូលរៀនជំនាញបច្ចេកទេស ឲ្យកាន់តែផុសផុលនៅទូទាំងប្រទេសបន្ថែមទៀត ក្រោយទទួលបានផ្លែផ្កាក្នុងការបណ្ដុះបណ្ដាលជំនាញដល់យុវជននៅវគ្គទី ១។

លោក បានគូសបញ្ជាក់បន្ថែមថា «ពលរដ្ឋម្នាក់ ជួយជំរុញយុវជនឲ្យបានម្នាក់ មកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ គឺជាការស្រលាញ់ជាតិ ជាស្មារតីស្នេហាជាតិ ជួយសង្គមជាតិ និងចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា ឲ្យរីកចម្រើនរុងរឿង តាមរយៈយុវជនម្នាក់ មានជំនាញមួយច្បាស់លាស់ប្រចាំជីវិត មានការងារធ្វើល្អ និងប្រាក់ចំណូលសមរម្យ»។
លោក បន្ថែមថា គ្រឹះស្ថានបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ចំនួន ៣៧ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅទូទាំងប្រទេស បាននិងកំពុងចូលរួមយ៉ាងសកម្មលើការបណ្ដុះបណ្ដាលជំនាញដល់យុវជន ហើយសកម្មភាពនេះ នឹងបន្តដូចភ្លៀងរលឹម។

លោក បន្តថា កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទៅដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥ លាននាក់ ដែលត្រូវបានដាក់ឲ្យអនុវត្តជាផ្លូវការ កាលពីដើមខែវិច្ឆិកា ឆ្នាំ ២០២៣ ដោយ សម្តេចធិបតី នាយករដ្ឋមន្ត្រី កន្លងទៅ គឺធ្វើយ៉ាងណាឲ្យយុវជនកម្ពុជាមានជំនាញមួយច្បាស់លាស់ប្រចាំជីវិត មានការងារធ្វើសមរម្យ មានប្រាក់ចំណូលអាចទ្រទ្រង់ជីវភាពគ្រួសារ។ ដូច្នេះហើយ ការជួយជំរុញយុវជន និងសមាជិកគ្រួសារម្នាក់ អាចមកចុះឈ្មោះចូលរៀនជំនាញរបស់រាជរដ្ឋាភិបាល គឺជាការជួយសង្គមជាតិ និងជាការស្នេហាជាតិមួយដ៏ត្រឹមត្រូវ។
លោក បានអំពាវនាវឲ្យយុវជន ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាដែលមិនទាន់បានចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សូមរួសរាន់មកចុះឈ្មោះចូលរៀននៅតាមគ្រឹះស្ថានសិក្សាទូទាំងប្រទេស។

ទន្ទឹមនោះ លោក បានថ្លែងអំណរគុណទៅដល់ភាគីពាក់ព័ន្ធ ជាពិសេសបណ្ដាញអ្នកសារព័ត៌មានទាំងអស់ដែលកំពុងចូលរួមយ៉ាងសកម្មក្នុងការជួយផ្សព្វផ្សាយកម្មវិធីបណ្ដុះបណ្ដាលថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលអាណត្តិទី ៧ នេះ៕




-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


