ព័ត៌មានជាតិ
អ្នកនាំពាក្យ ៖ ទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំនេះ ទទួលបានជោគជ័យលើសការរំពឹងទុក
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ១៨ មិថុនា នេះថា ទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី ៧ ឆ្នាំ ២០២៤ ក្រោមប្រធានបទ«TVET រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ» រយៈពេល ២ ថ្ងៃ គឺ ថ្ងៃទី ១៥ និង ១៦ មិថុនា ត្រូវបានរៀបចំឡើងប្រកបដោយជោគជ័យ និងទទួលបានលទ្ធផលផ្លែផ្កាលើសពីការរំពឹងទុក ដោយមានសាធារណជនចូលរួម ជាង ៦ ម៉ឺននាក់។

លោកបានបន្តថា ទិវាជាតិនេះ មានការចូលរួមពីសាធារណជន ជាពិសេស យុវជន សិស្សានុសិស្ស និស្សិត មាតាបិតា អាណាព្យាបាល កម្មករ-និយោជិត និយោជក ផ្នែកឯកជន អ្នកចុះឈ្មោះធ្វើតេស្ដសមត្ថភាពជំនាញវិជ្ជាជីវៈ និងបច្ចេកទេស និងឱកាសការងារ យ៉ាងច្រើនកុះករនៅទូទាំងប្រទេស ដែលបានធ្វើឱ្យសាធារណជនកាន់តែយល់ច្បាស់ពីការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈរបស់រាជរដ្ឋាភិបាលអាណត្តិទី ៧ និងមើលឃើញពីសមត្ថភាពសិស្សដែលសិក្សាជំនាញបច្ចេកទេស ទីផ្សារការងារ មុខរបរក្រោយបញ្ចប់ការសិក្សាជំនាញ។ លើសពីនេះ ទិវាជាតិនេះ បានទាក់ទាញចំណាប់អារម្មណ៍ឱ្យយុវជន កម្មករ-និយោជិត មកចុះឈ្មោះចូលរៀនជំនាញឱ្យកាន់តែច្រើនថែមទៀត។
លោក កត្តា អ៊ន បានអំពាវនាវដល់កម្មករ-និយោជិត យុវជន សាធារណជនទាំងអស់ ដែលមិនទាន់បានមកចុះឈ្មោះចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ សូមមកចុះឈ្មោះចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីមានជំនាញមួយច្បាស់លាស់ប្រចាំជីវិត មានការងារ និងចំណូលសមរម្យ។ ក្នុងនោះដែរ អាណាព្យាបាលរបស់យុវជន ត្រូវលើកទឹកចិត្តកូនៗ មកចុះឈ្មោះចូលរៀនជំនាញឱ្យបានគ្រប់ៗ គ្នា។

ជាមួយគ្នានេះ លោក កត្តា អ៊ន បានលើកទឹកចិត្តឱ្យវិស័យឯកជន សូមបន្តទទួលយកសិស្សបញ្ចប់ការសិក្សាជំនាញចូលធ្វើការ និងសូមផ្តល់ប្រាក់ខែឱ្យបានសមរម្យតាមសមត្ថភាពរបស់សិស្សដែលបានបញ្ចប់ការសិក្សា។ ក្នុងនោះ មហាជន អាជ្ញាធរគ្រប់ជាន់ថ្នាក់ សូមចូលរួមផ្សព្វផ្សាយ និងកៀរគរយុវជនឱ្យមកចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឱ្យកាន់តែច្រើនថែមទៀត។
គួរបញ្ជាក់ថា កម្មវិធីបណ្ដុះបណ្ដាលយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ១ លាន ៥ សែននាក់នេះ ត្រូវបានរាជរដ្ឋាភិបាលប្រកាសបើកជាផ្លូវការ កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ និងបានបើកវគ្គបណ្ដុះបណ្ដាលលើកទី ១ កាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤ ហើយគិតមកដល់បច្ចុប្បន្ន មានអ្នកចុះឈ្មោះសិក្សាជំនាញនៅតាមបណ្តាសាលាបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈជាង ៤ ម៉ឺននាក់ ស្រីជាង ១៤ ០០០ នាក់ ក្នុងនោះមានសិស្សមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យជាង ១ ម៉ឺន ៥ ពាន់នាក់។ ក្នុងនោះទទួលបានធ្វើតេស្តវាយតម្លៃសមត្ថភាពជាង ៣ ពាន់នាក់ ប្រឡងជាប់ជាង ២ ពាន់នាក់ និងអ្នកមានការងារធ្វើជាង ៩៥០ នាក់ ទទួលបានប្រាក់ខែចាប់ពី ១៥០ ដល់ ៣០០ ដុល្លារ សិក្សារយៈពេល ៤ ខែ៕
អត្ថបទ ៖ សំអឿន



-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


