ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ ៖ រៀន TVET ឆាប់មានការងារធ្វើ ប្រាក់ខែសមរម្យ ជួយលើកស្ទួយជីវភាពគ្រួសារកាន់តែប្រសើរ
មន្ត្រីជាន់ខ្ពស់ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអះអាងថា ការរៀនជំនាញ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET) មានរយៈពេលខ្លី ឆាប់មានការងារធ្វើ ទទួលបានប្រាក់ខែសមរម្យ ជួយលើកស្ទួយជីវភាពក្រុមគ្រួសារកាន់តែប្រសើរ។

លោក ហ៊ីង ស៊ីដេត អគ្គនាយកអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ បានឱ្យដឹងថា អាណាព្យាបាលមួយចំនួន តែងតែបញ្ជូនកូនៗ របស់ខ្លួន ទៅរៀននៅតាមសាកលវិទ្យាល័យ ព្រោះពួកគាត់គិតថានៅពេលចប់ចេញទៅធ្វើការនៅការិយាល័យស្លៀកពាក់ស្អាតបាត ពាក់ក្រវាត់ក និងរាងសង្ហា។ តែបើអ្នករៀននៅសាលាបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ចេញមកវិញ មើលទៅពិបាកដោយសារខោអាវប្រឡាក់ ធ្វើការក្រោមឡាន ឡើងសសរដងគោមជាដើម។
លោកបានបន្តថា «ប៉ុន្តែសម័យបច្ចុប្បន្ននេះ មិនមែនរៀនជំនាញឡើងសសរដងគោមទាំងអស់នោះទេ វាទៅតាមកម្រិតជំនាញ និងប្រើបច្ចេកវិទ្យា។ រៀនជំនាញ មានបុណ្យស័ក្ដិ ៨ កម្រិតរួមមានកម្រិត ១ កូនជាង ,កម្រិត ២ ជាង ,កម្រិត ៣ បច្ចេកទេស រហូតដល់ដល់វិស្វករ។ តែទោះបីជាយើងមានបុណ្យស័ក្ដិយ៉ាងណា ក៏គេមើលអត់ឃើញទេ ដោយសារធ្វើការនៅកន្លែងមិនស្អាតដូចជាជាងឡាន តែខោអាវប្រឡាក់ពេលបំពេញការងារពេលចប់ការងារដោះខោអាវប្រឡាក់ចេញតឺនុយសង្ហាដូចគ្នា។ ការងារនេះមើលមិនសមរម្យមែន តែទទួលបានចំណូលខ្ពស់»។

លោកបានបន្តទៀតថា ជាក់ស្តែងការបណ្តុះបណ្តាលយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ១ លាន ៥ សែននាក់ យើងបានធ្វើតេស្ដបញ្ជាក់សមត្ថភាពសិស្សជាង ៣ ពាន់នាក់ ក្នុងនោះមានការងារធ្វើ ៩៥៦ នាក់ ដែលទទួលបានប្រាក់ខែពី ១៥០ ដុល្លារ ទៅ ៣០០ ដុល្លារ ដោយចំណាយរយៈពេលសិក្សាត្រឹមតែ ៤ ខែប៉ុណ្ណោះ។
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងដែរថា ចំពោះយុវជនគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ចូលរៀនមិនត្រឹមតែអត់គិតថ្លៃប៉ុណ្ណោះទេ ថែមទាំងទទួលបានប្រាក់ឧបត្ថម្ភប្រមាណ ២៨ ម៉ឺនរៀល សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃពេលកំពុងសិក្សា ៤ ខែ ទៀតផង។ រីឯយុវជនមកពីគ្រួសារធម្មតា ក៏អាចចូលសិក្សាដោយឥតគិតថ្លៃដែរ តែមិនទទួលបានប្រាក់ឧបត្ថម្ភដូចយុវជនគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនោះទេ។

បើតាមលោក កត្តា អ៊ន បច្ចុប្បន្នក្រសួងការងារមានសាលាអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈក្រោមឱវាទក្រសួងចំនួន ៣៧ នៅទូទាំងប្រទេស ដោយបានបណ្ដុះបណ្ដាលសិស្សប្រមាណជាង ៥ ម៉ឺននាក់ ក្នុងនោះមាន ៨៥% មានការងារធ្វើ និង ១៥% ទៀត បន្តការសិក្សា និងមួយចំនួនទៀត ចេញបើកមុខរបរដោយខ្លួនឯង ដែលនេះជាជោគជ័យមួយក្នុងការផលិតធនធានមនុស្សក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើនបន្ថែមទៀត។
លោក កត្តា អ៊ន បានអំពាវនាវដល់យុវជនមកពីគ្រួសារក្រីក្រ និងយុវជនមកពីគ្រួសារងាយរងហានិភ័យ និងយុវជនទូទៅ ចុះឈ្មោះចូលរៀនជំនាញឱ្យបានច្រើនបន្ថែមទៀត ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


