ព័ត៌មានជាតិ
ប្រជាពលរដ្ឋខេត្តកោះកុង២៧០នាក់ បានទទួលពិនិត្យព្យាបាលជំងឺភ្នែកពីក្រុមគ្រូពេទ្យបារាំង
កោះកុង ៖ ក្រុមគ្រូពេទ្យបារាំងមកពី Lafett-MH Association បានទទួលពិនិត្យព្យាបាលជំងឺភ្នែកជូនប្រជាពលរដ្ឋចំនួន២៧០នាក់ នៅក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដោយឥតគិតថ្លៃសេវា ក្រោមការសម្របសម្រួលពីអភិបាលខេត្តកោះកុង និងមន្ទីរពេទ្យខេត្ត។

២ថ្ងៃនេះ គិតពីថ្ងៃទី១៤ដល់ថ្ងៃទី១៥ ខែមីនានេះ មានពលរដ្ឋដែលភាគច្រើនវ័យចំណាស់ប្រមាណ២៧០នាក់ ប្រញាប់មកពិនិត្យ និងព្យាបាលភ្នែករបស់ពួកគាត់ ខណៈគ្រូពេទ្យជំនាញអះអាងថា អត្រាអ្នកមានជំងឺភ្នែកកើតមានច្រើនគួរឱ្យសម្គាល់។

លោក ពូ តុងអៀក ពលរដ្ឋខ្មែរនៅប្រទេសបារាំងតំណាងក្រុមគ្រូពេទ្យ បាននិយាយនៅរសៀលថ្ងៃទី១៥ មីនា ២០២៣ថា ប្រជាពលរដ្ឋកម្ពុជា ពិសេសអ្នករស់នៅទីជនបទឆ្ងាយដាច់ស្រយោលតែងជួបបញ្ហាសុខភាពភ្នែករបស់ពួកគាត់ ក្នុងន័យមនុស្សធម៌លោក និងក្រុមគ្រូពេទ្យបានសម្រេចចិត្តមកផ្តល់សេវាពិនិត្យព្យាបាលជូនពលរដ្ឋនៅខេត្តកោះកុងជាលើកដំបូង។
លោក តុងអៀក រម្លឹកថា អំឡុងពេលមិនទាន់មានជំងឺកូវីដ១៩ ក្រុមការងាររបស់លោកធ្លាប់ទៅផ្តល់សេវាព្យាបាលនៅខេត្តកំពត និងខេត្តតាកែវ ប៉ុន្តែតបតាមការសំណូមពរពីលោកស្រី មិថុនា ភូថង អភិបាលខេត្ត ដោយសហការជាមួយមន្ទីរពេទ្យខេត្ត ក៏បំពេញបំណងសេចក្តីត្រូវការផ្នែកសុខាភិបាលនេះសម្រាប់មូលដ្ឋានខេត្តកោះកុង។
ដោយឡែកលោក ប៉ូវេត ដីត ម៉ារិឆាល (Bouvet Dit Maerchal) គ្រូពេទ្យឯកទេសផ្នែកភ្នែកនៃសមាគម Lafett-MH Association លើកឡើងថា ប្រជាពលរដ្ឋខេត្តកោះកុងដែលមានវ័យចាប់ពីអាយុ៤០ឡើងទៅរមែងមានបញ្ហាភ្នែកឡើងបាយ រមាស់រលាក និងដុះកន្ទុយថ្លែន ដែលវាបង្កការរំខានដល់ការរស់នៅ និងប្រកបអាជីវកម្មចិញ្ចឹមជីវិត។ នេះព្រោះតែកត្តាអាកាសធាតុប្រែប្រួលច្រើន កង្វះការថែទាំភ្នែក និងប្រើគ្រឿងអេឡេត្រូនិចពន្លឺខ្លាំងៗច្រើនហួសកម្រិត។
បើតាមលោកគ្រូពេទ្យឯកទេស ការពិនិត្យ និងព្យាបាលនេះ គ្រាន់តែជាកម្រិតបឋមប៉ុណ្ណោះទេ ហើយលោកគ្រោងប្រមូលគ្រូពេទ្យជំនាញបន្ថែមទៀត ដើម្បីចុះបេសកកម្មភាពជាថ្មីសម្រាប់ព្យាបាលវះកាត់ភ្នែកជូនប្រជាពលរដ្ឋតែម្តងទៅពេលក្រោយៗ។

លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង ក៏ថ្លែងអំណរអរគុណជូនចំពោះលោកស្រីមិថុនា ភូថង អភិបាលខេត្តកោះកុង និងក្រុមគ្រូពេទ្យនៃសហគមន៍ Lafett-MH Association ដែលស្ម័គ្រចិត្តចុះផ្តល់សេវាពិនិត្យព្យាបាលជំងឺភ្នែកជូនពលរដ្ឋខេត្តកោះកុងដោយឥតគិតថ្លៃ។

លោកវេជ្ជបណ្ឌិត សង្ឃឹមថា នៅថ្ងៃក្រោយ ពលរដ្ឋនឹងទទួលបានសេវាព្យាបាលប្រកបដោយសុវត្ថិភាពខ្ពស់ជាងនេះទៀត តាមរយៈការវះកាត់ភ្នែកទំនើបទាន់សម័យដែលអាចធ្វើភ្នែកពលរដ្ឋនៅទីជនបទកាន់តែភ្លឺថ្លារឡើងវិញ ខណៈសង្គមជាតិមានសុខសន្តិភាព និងការអភិវឌ្ឍន៍ស្ទើរគ្រប់វិស័យ៕
អត្ថបទ ៖ សិរីវឌ្ឍនៈ



-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


