ព័ត៌មានជាតិ
លោក ឌិត ទីណា អំពាវនាវឱ្យវិស័យឯកជន ជួយផ្សព្វផ្សាយពូជស្រូវថ្មី ចំប៉ីស៧០ ដើម្បីឱ្យមានទីផ្សារច្រើន
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងនៅក្នុងពិធីបើកឱ្យប្រើប្រាស់ស្រូវក្រអូបពូជថ្មី ចំប៉ីស៧០ នៅវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) នៅថ្ងៃទី០៥ ខែមេសា នេះថា ស្រូវចំប៉ីស៧០ គឺជាពូជស្រូវថ្មី ដូច្នេះត្រូវធ្វើយ៉ាងណារកទីផ្សារឱ្យបានច្រើន តាមរយៈការជួយផ្សព្វផ្សាយពីវិស័យឯកជន។

លោក រដ្ឋមន្រ្តីមានប្រសាសន៍ថា៖ “ចំប៉ីសនេះជាពូជថ្មី អ៉ីចឹងយើងត្រូវការឱ្យមានការទទួលស្គាល់ទីផ្សារឱ្យបានច្រើន។ សង្ឃឹមថាវិស័យឯកជនយើងអាចយកពូជនេះទៅផ្សព្វផ្សាយនៅគ្រប់វេទិកាផ្សេងៗដែលមានការដាក់តាំងនូវផលិតផលកសិកម្ម”។

លោក ឌិត ទីណា បានអះអាងថា បើទោះបីជាបច្ចុប្បន្ននេះការស្រូចស្រូវ ក៏ដូចជាការធ្វើកសិកម្មមានទំនើបកម្មជាងពីមុន ក៏ប៉ុន្តែ បញ្ហាប្រឈមនៅមិនទាន់បាត់អស់នៅឡើយទេ តែងតែកើតមានជានិច្ច។ បញ្ហាប្រឈមទាំងនោះមានដូចជា បំរែបំរួលអាកាសធាតុ និងបញ្ហាទីផ្សារ។ លោកបានបញ្ជាក់ថា ជុំវិញនឹងបញ្ហាទាំងអស់នេះ រដ្ឋាភិបាល និងក្រសួងកសិកម្ម ក៏បានទទួលយកមកដោះស្រាយជាបណ្តើរៗផងដែរ។
ជាមួយគ្នានេះ តាមរយៈការបង្កើតពូជថ្មីៗ ជាមួយរដ្ឋាភិបាល និងភាគីពាក់ព័ន្ធនានា ដើម្បីបានពូជមួយដែលសុទ្ធល្អ គឺជាការរួមចំណែកមួយកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ និងបង្កើនផលិតភាព និងការចំណេញដល់ប្រជាជន។ នេះបើតាមការលើកឡើងរបស់លោករដ្ឋមន្ត្រី។

លោកបន្ថែមថា ស្រូវ និងអង្កររបស់កម្ពុជា ត្រូវបានបរទេសទទួលស្គាល់នៅលើឆាកអន្តរជាតិ។ រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងបានខិតខំប្រឹងប្រែង ធ្វើយ៉ាងណាឱ្យការបង្កបង្កើនស្រូវមានគុណភាព និងអាចនាំចេញទៅបរទេសកាន់តែច្រើន ដោយគិតពីទីផ្សារ។ ចំពោះ ផ្នែកទីផ្សារ គឺពិតជាសំខាន់ខ្លាំងក្នុងវិស័យកសិកម្ម ជាកន្លែងមួយដែលអាចស្រូបទាញពីកន្លែងផ្សេងៗក្នុងការបង្កបង្កើនផលក្នុងការនាំចេញផលិតផលទៅកាន់អន្តរជាតិ និងមានតម្លៃថ្លៃជាងគេ។
លោកមានប្រសាសន៍ថា៖ “នៅពេលដែលអង្ករយើងជាប់លេខ១ប្រាំដង នៅពេលដែលពូជថ្មីកើតចេញពីពូជដែលជាប់លេខ១ប្រាំដង គឺយើងនឹងរុញនូវការយល់ដឹងអំពីពូជថ្មីរបស់យើងនៅលើពិភពលោកតែម្តង”។ ជាមួយគ្នានេះ ប្រសិនបើជនជាតិបរទេស ឬ ជនជាតិខ្មែរដែលរស់នៅបរទេសទទួលបានពូជស្រូវដែលសុទ្ធល្អ និងមានការពេញនិយម នោះអង្ករខ្មែរនឹងមានវត្តមាននៅឆាកអន្តរជាតិកាន់តែច្រើន។


សូមជម្រាបថា នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣នេះ កម្ពុជា និងអូស្ត្រាលីបានដាក់ឱ្យប្រើប្រាស់នូវពូជស្រូវចំប៉ីស៧០ថ្មី ដែលជាពូជស្រូវក្រអូប បង្កាត់ចេញពីពូជស្រូវផ្ការំដួល ដោយប្រើពេលត្រឹម៣ខែក្នុងការដាំដុះ មិនប្រកាន់រដូវ មិនត្រូវការជីច្រើន និងធន់ជាមួយនឹងបំរែបំរួលអាកាសធាតុ។ ស្រូវចំប៉ីស៧០ អាចយកទៅដាល់អំបុក និងដុតជាក្រឡានបានផងដែរ។
ឈ្មោះស្រូវចាប៉ីស៧០ ត្រូវបានដាក់ឈ្មោះដោយសម្តេចតេជោ ហ៊ុន សែន ដោយលេខ៧០ តំណាងឱ្យខួប៧០ឆ្នាំនៃទំនាក់ទំនងរវាងកម្ពុជា និងអូស្ត្រាលី៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


