ព័ត៌មានជាតិ
ស្វែងយល់អំពីសិទ្ធិអំណាចរបស់អាជ្ញាធរអគ្គិសនីកម្ពុជា
ការរៀបចំ និងការគ្រប់គ្រងគោលនយោបាយ យុទ្ធសាស្ត្រ និងផែនការរបស់រាជរដ្ឋាភិបាលលើវិស័យអគ្គិសនី គឺជាសមត្ថកិច្ចទទួលខុសត្រូវរបស់ក្រសួងរ៉ែ និងថាមពល។
ចំពោះការធានាឲ្យការផ្ដល់សេវាកម្មអគ្គិសនី និងប្រើប្រាស់អគ្គិសនីប្រកបដោយប្រសិទ្ធភាព គុណភាព ចីរភាព និងតម្លាភាព គឺជាសមត្ថកិច្ចរបស់អាជ្ញាធរអគ្គិសនីកម្ពុជា។

អាជ្ញាធរអគ្គិសនីកម្ពុជា ជាគ្រឹះស្ថានសាធារណៈដែលទទួលសិទ្ធិពីរាជរដ្ឋាភិបាល និងមានស្វ័យភាពក្នុងការត្រួតពិនិត្យលើការធ្វើសេវាកម្មអគ្គិសនី និងការគ្រប់គ្រងលើទំនាក់ទំនងរវាងការផ្តល់ ការទទួល និងការប្រើប្រាស់សេវាអគ្គិសនី។
អាជ្ញាធរអគ្គិសនីកម្ពុជា មានសមត្ថកិច្ចចេញ ដកហូត ឬព្យួរអាជ្ញាបណ្ណសម្រាប់ការធ្វើសេវាកម្មអគ្គិសនី ព្រមទាំងជាអ្នកកំណត់ថ្លៃសេវា ចេញបញ្ញតិ្ត ធ្វើការត្រួតពិនិត្យ ដាក់ពិន័យ និងដោះស្រាយវិវាទពាក់ព័ន្ធនឹងការផ្តល់សេវា និងការប្រើប្រាស់អគ្គិសនី។
យោងតាមខ្លឹមសារមាត្រា៧ នៃច្បាប់ស្ដីពីអគ្គិសនី គឺអាជ្ញាធរអគ្គិសនីកម្ពុជាមានភារកិច្ចចេញ កែសម្រួល ព្យួរ ដកហូត ឬបដិសេធអាជ្ញាបណ្ណ ហើយអនុម័តថ្លៃ និងបន្ទុកចំណាយផ្សេងៗ ព្រមទាំងលក្ខខណ្ឌនៃសេវាកម្មអគ្គិសនីរបស់អ្នកកាន់អាជ្ញាបណ្ណ។
ទន្ទឹមនេះ អាជ្ញាធរអគ្គិសនី ត្រូវកំណត់ឲ្យអនុវត្តបទប្បញ្ញាតិ្ត បែបបទ ស្តង់ដាសម្រាប់កម្មវិធីវិនិយោគរបស់អ្នកកាន់អាជ្ញាបណ្ណ ពិនិត្យឡើងវិញសកម្មភាពហិរញ្ញវត្ថុ និងរចនាសម្ព័ន្ធសហគ្រាសរបស់អ្នកកាន់អាជា្ញបណ្ណក្នុងករណីដែលសកម្មភាព និងរចនាសម្ព័ន្ធនោះ អាចជាឧបសគ្គដោយផ្ទាល់ដល់កិច្ចប្រតិបត្ដិការនៃវិស័យអគ្គិសនី និងប្រសិទ្ធភាពនៃការផ្គត់ផ្គង់អគ្គិសនី។

មាត្រាដដែលនេះ ក៏បានអនុញ្ញាតឲ្យអាជ្ញាធរអគ្គិសនីកម្ពុជា អនុម័ត និងដាក់ឲ្យអនុវត្ដស្ដង់ដាប្រតិបត្ដិសម្រាប់អ្នកកាន់អាជ្ញាបណ្ណ វាយតម្លៃ និងសម្រុះសម្រួលបណ្ដឹងតវ៉ារបស់អ្នកប្រើប្រាស់ រួមទាំងវិវាទកិច្ចសន្យាដែលពាក់ព័ន្ធនឹងអ្នកកាន់អាជ្ញាបណ្ណក្នុងករណីដែលការវិវាទនោះទាក់ទិននឹងការរំលោភបំពានលើលក្ខខណ្ឌដែលមានកំណត់ក្នុងអាជ្ញាបណ្ណ។ ក្នុងនោះដែរ ក៏ត្រូវរៀបចំ និងផ្សព្វផ្សាយរបាយការណ៍លើវិស័យអគ្គិសនី និងព័ត៌មានពាក់ព័ន្ធនានាដែលទទួលពីអ្នកកាន់អាជ្ញាបណ្ណសម្រាប់ជាផលប្រយោជន៍ដល់រាជរដ្ឋាភិបាល និងផលប្រយោជន៍សាធារណៈ។
អាជ្ញាធរអគ្គិសនី ក៏ត្រូវកំណត់កម្រៃនានាដែលត្រូវអនុវត្ដលើអ្នកកាន់អាជ្ញាបណ្ណ កំណត់បែបបទសម្រាប់ការផ្ដល់ព័ត៌មានដល់សាធារណជនអំពីកិច្ចការក្នុងសមត្ថកិច្ចរបស់ខ្លួន ដើម្បីធានាឲ្យអាជ្ញាធរអគ្គិសនីកម្ពុជាអនុវត្ដទៅតាមគោលការណ៍តម្លាភាព។
បន្ថែមពីនេះ អាជ្ញាធរនេះ អាចចេញបញ្ញត្ដិ និងបទបញ្ជាសមស្រប ព្រមទាំងបញ្ជាផ្អាកជាបណ្ដោះអាសន្ន និងជាស្ថាពរចំពោះសេវាកម្មអគ្គិសនី ហើយពិន័យជាប្រាក់ ផ្អាកការប្រើប្រាស់អគ្គិសនី ព្យួរ ឬដកហូតអាជ្ញាបណ្ណចំពោះការរំលោភលើច្បាប់អគ្គិសនី និងលិខិតបទដ្ឋាននានា ជាពិសេស ចាត់វិធានការផ្សេងៗទៀតចំពោះបញ្ហាបន្ទាប់បន្សំ ឬដែលជាផលវិបាកស្ដែងចេញពីមុខងារ ដូចបានរៀបរាប់ខាងលើនេះ៕

ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


