ព័ត៌មានជាតិ
បណ្ឌិត គី សេរីវឌ្ឍន៍ ៖ ព្រែកជីកហ្វូនណនតេជោ នឹងជួយកាត់បន្ថយថ្លៃដឹកជញ្ជូនជាង ៣០០ ដុល្លារ ក្នុងមួយកុងតឺន័រ
៤ឆ្នាំទៀត វិស័យដឹកជញ្ជូននៅកម្ពុជា នឹងកាន់តែរីកចម្រើនខ្លាំង ក្រោយពីគម្រោងផ្លូវទឹកតភ្ជាប់ពីទន្លេបាសាក់ ទៅកាន់សមុទ្រខេត្តកែប ឈ្មោះថា «ព្រែកជីកហ្វូណនតេជោ» សាងសង់រួចរាល់។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការធ្វើព្រែកជីកនេះ គឺជាការលះបង់របស់រដ្ឋាភិបាលដ៏ធំធេង ក្នុងការជួយកាត់បន្ថយថ្លៃដើម។ លោកបានលើកឡើងទៀតថា អ្នកដែលទទួលផលពីព្រែកជីកនេះ គឺពលរដ្ឋខ្មែរ ជាពិសេសប្រជាកសិករ ដែលដឹកកសិផលរបស់ខ្លួនមកកាន់កំពង់ផែ ក្នុងតម្លៃដឹកជញ្ជូនទាប។ នៅពេលថ្លៃដឹកជញ្ជូនទាប តម្លៃដែលកសិករទទួលបាន ពីការលក់កសិផលក៏មានតម្លៃខ្ពស់ទៅតាមនោះ។

លើសពីនេះទៀត លោកបណ្ឌិត គី សេរីវឌ្ឍន៍ មើលឃើញថា ព្រែកជីកនេះ រួមចំណែកកាត់បន្ថយតម្លៃដឹកជញ្ជូនទំនិញដែលផលិតចេញពីវិស័យឧស្សាហកម្ម តាមកុងតឺន័រ ប្រមាណជាង ៣០០ដុល្លារ ក្នុងមួយកុងតឺន័រ តាមផ្លូវទឹកជំនួសការដឹកជញ្ជូនតាមផ្លូវគោ។ មានន័យថា វាបានជួយកាត់បន្ថយថ្លៃដើម នាំឱ្យមានឧត្តមភាពក្នុងការប្រកួតប្រជែងសម្រាប់ការនាំចេញរបស់កម្ពុជា កាន់តែខ្ពស់។
បើតាមលោកបណ្ឌិត គី សេរីវឌ្ឍន៍ ព្រែកជីកនេះ បានជួយគាំទ្រដល់វិស័យឧស្សាហកម្មទាំងអស់ ជាពិសេសឧស្សាហកម្មនៅជុំវិញរាជធានីភ្នំពេញ ដូចជា ខេត្តកំពង់ស្ពឺ ជាដើម ដែលអាចដឹកជញ្ជូនចូលតាមកំពង់ផែនេះបាន។ លោកមើលឃើញដូច្នេះថា «ប្រព័ន្ធដឹកជញ្ជូនកម្ពុជា កាន់តែល្អប្រសើរ និងរួមចំណែកកាត់បន្ថយថ្លៃដើមដឹកជញ្ជូនច្រើន ដូច្នេះបានផលទាំងវិស័យកសិកម្មផង ឧស្សាហកម្មផង។ អ្វីដែលសំខាន់ទៀតនោះ គឺកេរ្តិ៍ឈ្មោះក្នុងប្រវត្តិសាស្រ្ត ដែលកម្ពុជា មានព្រែកជីកមួយ ដែលកន្លងមកយើងមិនដែលមាន»។
មិនត្រឹមតែមានប្រយោជន៍សម្រាប់តែដឹកជញ្ជូនក្នុងស្រុកប៉ុណ្ណោះទេ ព្រែកជីកនេះ ផ្តល់សារសំខាន់សម្រាប់នាវាអន្តរជាតិចេញចូលផងដែរ។ ប្រទេសនៅលើពិភពលោក ដែលគ្មានកំពង់ផែ គឺប្រទេសនោះ មិនសូវរីកចម្រើនទេ។ មានន័យថា នយោបាយទឹក គឺជួយផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្ម រួមចំណែកអភិវឌ្ឍប្រទេសយ៉ាងខ្លាំងក្លា។ នេះជាការបន្ថែមរបស់លោកបណ្ឌិត គី សេរីវឌ្ឍន៍។
គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ គឺជាគម្រោងប្រវត្តិសាស្ត្រលើកទី១ ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា ដើម្បីតភ្ជាប់ប្រព័ន្ធទន្លេមេគង្គនិងផ្លូវសមុទ្រ។ គម្រោងនេះ ធ្វើឡើងដើម្បីពង្រីកវិសាលភាពនៃការប្រើប្រាស់សក្តានុពលលើការដឹកជញ្ជូនតាមផ្លូវទឹក សំដៅចូលរួមលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច-សង្គមឱ្យកាន់តែមានការរីកចម្រើនឈានទៅមុខមួយកម្រិតថែមទៀត និងផ្តល់ជាដំណោះស្រាយសមស្របលើបញ្ហាប្រឈមនិងឧបសគ្គនានានៃវិស័យដឹកជញ្ជូនតាមផ្លូវទឹកដែលយើងបាននិងកំពុងជួបប្រទះនាពេលបច្ចុប្បន្ន។
គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ត្រូវបានបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាពរួចរាល់ ដោយបានប្រើប្រាស់រយៈពេលសរុប ២៦ខែ។ តាមការសិក្សា បានបង្ហាញថា ផ្លូវទឹកនេះមានប្រវែង ១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ដែលមានប្រជាជនសរុបប្រមាណ ១.៦លាននាក់ រស់នៅអមសងខាងផ្លូវទឹក មានតម្លៃ ១.៧ពាន់លានដុល្លា។
ផ្លូវទឹកនេះមានទទឹងមុខកាត់ផ្នែកខាងលើប្រវែង១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោមប្រមាណ ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ (ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ) មានគន្លងនាវាចរណ៍ចំនួន ២គន្លង អាចចេញ-ចូល និងជៀសគ្នាបានដោយសុវត្ថិភាព៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


