Connect with us

សេដ្ឋកិច្ច

លោក Casey Barnett៖ កំណើនសេដ្ឋកិច្ច និងប្រជាជនកម្ពុជា នឹងលើសថៃ នៅក្នុងរយៈពេល ៧៥ ឆ្នាំទៀត

បានផុស

នៅ

លោក Casey Barnett ​អតីតប្រធានសភាពាណិជ្ជក​ម្មអាមេរិកប្រចាំកម្ពុជា ​បានអះអាងថា ​នៅ​ក្នុង​រយៈពេល ៧៥ ឆ្នាំទៀត សេដ្ឋកិច្ច និង​ចំនួន​ប្រជាជនកម្ពុជា ​អាចនឹង​មានកំណើនច្រើន​ជាងប្រទេស​ថៃ ​ប្រសិនបើកម្ពុជា​អនុវត្ត​គោល​នយោ​​​បាយត្រឹមត្រូវ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Casey Barnett ​បានបញ្ជាក់ថា ​មូលហេតុមួយដែលប្រទេសថៃហ៊ានឈ្លានពានកម្ពុជា គឺ​គម្លាត​សេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ ​ប៉ុន្តែគម្លាតនេះ ​កំពុងតែរួមតូចហើយ។ ​នៅក្នុងឆ្នាំ២០២៥​ សេដ្ឋកិច្ច​របស់​ប្រទេសថៃ​មាន​កំណើន​ត្រឹម​តែ ២,១% ​ខណៈដែល​សេដ្ឋកិច្ចកម្ពុជា​បាន​កើនឡើង​យ៉ាងតិច ​៤,៨%។ ​

​ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២៥ ផលិតផលក្នុងស្រុកសរុប (GDP) ​របស់​កម្ពុជា​បាន​កើន​ឡើង​ក្នុង​អត្រា​ជាមធ្យម ៥,៥% ​ក្នុង​មួយ​ឆ្នាំ ​រីឯផលិតផលក្នុងស្រុក​សរុបរបស់ថៃ​វិញ ​កើនឡើងត្រឹមតែ ២% ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ។​

​សេដ្ឋកិច្ចរបស់​ប្រទេសគឺពឹងផ្អែកលើកម្លាំងពលកម្ម ចំណែក​ប្រទេសថៃមាន​ចំនួនប្រជាជន​ច្រើនជាង។ ​ប៉ុន្តែគម្លាត ​ចំនួនប្រជាជនកម្ពុជា​កំពុងរួមតូច។ ក្នុងឆ្នាំ២០២៥ ប្រទេសថៃមាន​អត្រា​ផ្តល់​កំណើត ១,២ ក្នុង​ស្ត្រីមួយនាក់ ​ខណៈដែលកម្ពុជាមានអត្រាកំណើតផ្តល់កំណើត ២,៥ ក្នុងស្ត្រី​មួយ​នាក់។ ​ប្រសិនបើអត្រាកំណើត ២,៥ របស់ប្រទេសកម្ពុជា នៅតែបន្ត ប្រជាជនកម្ពុជា​នឹងមានកំណើន​ប្រជាជនច្រើនជាងប្រជាជនថៃក្នុងរយៈពេល ៧៥ ឆ្នាំទៅមុខ។ ​

​ទោះជាយ៉ាងណាក៏ដោយ អត្រាកំណើតរបស់កម្ពុជាបានថយចុះពី ៣,៨ ក្នុងឆ្នាំ ២០០០ មកត្រឹម ២,៥ ក្នុងឆ្នាំ ២០២៥។ អង្គការសហប្រជាជាតិបានព្យាករណ៍ថា អត្រាកំណើតរបស់ប្រជាជនកម្ពុជា នឹងថយចុះមកត្រឹម ១,៨ នៅឆ្នាំ ២១០០។

​ប្រសិនបើអត្រាកំណើតរបស់កម្ពុជាថយចុះដូចការព្យាករណ៍របស់អង្គការសហប្រជាជាតិ កម្ពុជានឹងដើរក្រោយប្រទេសថៃជារៀងរហូត។ ​ដើម្បីសន្តិសុខសេដ្ឋកិច្ច និងសន្តិសុខដែន​អធិបតេយ្យ​ភាព ​កម្ពុជា​ត្រូវចាត់វិធានការដើម្បីរក្សាអត្រាកំណើត​ប្រជាជនរបស់ខ្លួន។​ ​យោងតាមបទពិសោធន៍របស់បណ្តាប្រទេសមួយចំនួននៅអឺរ៉ុបបង្ហាញថា​ នៅពេលដែលអត្រា​កំណើត​ ប្រជាជន​ធ្លាក់ចុះ​ដល់ ១,៥​ នោះការលំបាកក្នុងការស្រោចស្រង់​សេដ្ធកិច្ចនឹង​កើតមាន​ឡើង។ ​ខាងក្រោមនេះជា ​សកម្មភាព​គោលនយោបាយ​ចំនួន​ប្រាំមួយ ​ដើម្បី​បង្កើនចំនួនប្រជាជន និងកម្លាំងពលកម្ម៖

​១. ការឈប់សម្រាកមាតុភាពរយៈពេល ៦ ខែ ​រដ្ឋាភិបាលអាច​ពន្យារពេលឈប់​សម្រាក​មាតុ​ភាព​ពីបីខែ ទៅប្រាំមួយខែ។ ​ការនេះក៏នឹងជួយគាំទ្រដល់សុខភាពទារក និងការអភិវឌ្ឍខួរក្បាល តាមរយៈរយៈពេលបំបៅដោះកូនកាន់តែយូរផងដែរ។ លើសពីនេះ វានឹងជួយឱ្យស្ត្រី​បន្តស្ថិត​នៅ​ក្នុង​កម្លាំងពលកម្ម ហើយប្រទេសជាតិក៏អាចទទួលបានផលប្រយោជន៍ពីកម្លាំង​ពលកម្ម និងផលិត​ភាពរបស់ពួកគាត់ផងដែរ។​

២. បណ្ណមានតម្លៃ ១០០ ដុល្លារ សម្រាប់មត្តេយ្យសិក្សា ​បេឡាជាតិ​របបសន្តិសុខ​សង្គម (បសស) គួរតែចេញគូប៉ុងថែទាំកុមារតម្លៃ ១០០ដុល្លារ តាមប្រព័ន្ធឌីជីថលសម្រាប់កុមារទើបនឹងកើតទាំងអស់ ក្នុងមួយខែ ១បណ្ណ ចំពោះទារកចាប់ពីអាយុ ១៣ខែដល់ ៦៩ខែ។ បណ្ណទាំងនេះអាច ត្រូវបានផ្តល់ជូនទៅមណ្ឌលថែទាំកុមារឯកជន ឬសាលាមត្តេយ្យណា​មួយ ដែលមាតាបិតាអាចដាក់ស្នើបណ្ណទាំងនេះជូនទៅ ប.ស.ស ដើម្បីទូទាត់ឱ្យ។

ការអនុញ្ញាតឱ្យប្រើបណ្ណទាំងនេះមានសារសំខាន់សម្រាប់ទូទាត់ទៅមណ្ឌលថែទាំកុមារឯកជនណាមួយ។ ការសាកល្បងប្រើប្រាស់វិធីសាស្ត្រនេះនៅប្រទេសកម្ពុជាធ្លាប់ធ្វើពីមុនមកដែលមានបណ្ណប្រើប្រាស់ សម្រាប់មណ្ឌលថែទាំ របស់រដ្ឋាភិ​បាល ឬអង្គការក្រៅរដ្ឋាភិបាល មានការប្រើប្រាស់ប័ណ្ណគូប៉ុងនេះត្រឹមតែ 5.4% ប៉ុណ្ណោះ។ ផ្ទុយទៅវិញ នៅប្រទេសដទៃទៀត គេអនុញ្ញាតឱ្យឪពុកម្តាយជ្រើសរើសកន្លែងក្នុងចំណោមសាលាមត្តេយ្យឯកជនណាមួយ មានការប្រើប្រាស់ប័ណ្ណគូប៉ុងមានប្រមាណជាង 66%។

វាជារឿងសំខាន់ដែលឪពុកម្តាយត្រូវបានអនុញ្ញាតឱ្យជ្រើសរើសមណ្ឌលណាមួយ ក្នុងបណ្តាមណ្ឌលថែទាំកុមារ ឯកជន ដែលពួកគេគិតថាល្អបំផុតសម្រាប់ពួកគេ។ ប្រសិនបើអនុវត្តវិធីសាស្រ្តនេះ ការប្រើប្រាស់បណ្ណគូប៉ុងអាចកើនឡើងដល់ 15%។

៣. ការធានារ៉ាប់រងសុខភាពរបស់ ប.ស.ស សម្រាប់ការព្យាបាលពេលមានកូនខណៈពេលដែល ប.ស.ស ផ្ដល់ការគាំទ្រដល់មាតាមានផ្ទៃពោះដើម្បីសម្រាលកូននោះ មិនបានរាប់បញ្ចូលថ្លៃ ព្យាបាលក្នុងការបង្កកំណើត ដើម្បីជួយស្ត្រីមានផ្ទៃពោះនោះទេ។ ស្ត្រីនៅកម្ពុជាបច្ចុប្បន្នមានរយៈពេលអប់រំកាន់តែ ខ្ពស់ និងមានអាជីពជោគជ័យ​ នេះមានន័យថា ស្ត្រី​ភាគ​ច្រើនកំពុងតែមានកូននៅក្នុងវ័យដែលមានអាយុច្រើន ដែលអាច ផ្តល់ភាពលំបាកដល់សុខភាពសម្រាប់ស្ត្រីមួយចំនួន។ ដូច្នេះ កម្ពុជាអាចជួយរក្សាអត្រាកំណើតប្រជាជនរបស់ខ្លួន ដោយរ៉ាប់រងថ្លៃព្យាបាលក្នុងការបង្កកំណើត។

៤. ប្រាក់រង្វាន់ ៣.០០០ ដុល្លារ សម្រាប់គូស្វាមីភរិយាដែលមានកូនទីបី និងកូនទីបួន ឬច្រើនជាងនេះ ការស្រាវជ្រាវនៅក្នុងប្រទេសដទៃបានបង្ហាញថា ប្រាក់រង្វាន់សម្រាប់កូនដំបូងមិនបានបង្កើនអត្រាកំណើតនោះ ទេ។ វាគ្រាន់តែធ្វើឱ្យមាតាបិតាមានកូនដំបូងលឿនជាងបន្តិចប៉ុណ្ណោះ។ ផ្ទុយទៅវិញ ប្រាក់រង្វាន់ និងការគាំទ្រដល់ការបង្កើតកូនទីពីរ ឬទីបីអាចផ្តល់ប្រសិទ្ធភាពក្នុងការបង្កើនអត្រាកំណើត។

៥. ចៀសវាងការជ្រើសរើសទាហានដោយការបង្ខិតបង្ខំសម្រាប់យុវជន ដើម្បីរក្សាអត្រាកំណើត និងជំរុញកំណើនសេដ្ឋកិច្ច កម្ពុជាគួរតែចៀសវាងការជ្រើសរើសទាហានដោយប្រើការបង្ខិតបង្ខំ។ ប្រសិនបើកម្ពុជាតម្រូវឱ្យបុរសអាយុ ១៨ ឆ្នាំទាំងអស់ចូលបម្រើកងទ័ពរយៈពេល ២ឆ្នាំនោះនឹងមាន ការកាត់បន្ថយភ្លាមៗ នូវកំណើនផលិតផលក្នុងស្រុកសរុប (GDP) ០,៥% ជារៀងរាល់ឆ្នាំ ដោយសារការដក កម្លាំងបុរសរហូតដល់ ៣០០.០០០ នាក់ចេញពីកម្លាំងពលកម្ម។ មិនត្រឹមតែប៉ុណ្ណោះ ការជ្រើសរើសទាហាន ដោយបង្ខិតបង្ខំអាចបណ្តាលឱ្យមាន ថយចុះនូវផលិតភាពនៅក្នុងជីវិត និងប្រាក់ចំណូលផងដែរ។ ការជ្រើសរើស ទាហានដោយមានការបង្ខិតបង្ខំធ្វើឱ្យយុវជនពន្យារពេលការទទួលបានការអប់រំជំនាញដែលពួកគេចូលចិត្ត ដូចជា បច្ចេកវិទ្យាព័ត៌មាន និងវិស្វកម្ម។ លើសពីនេះ ការបម្រើក្នុងជួរយោធាត្រូវបានបង្ហាញថាធ្វើឱ្យមានការយឺតយ៉ាវក្នុង ការរៀបអាពាហ៍ពិពាហ៍។

៦. ការទាក់ទាញប្រជាជនខ្មែរដែលនៅក្រៅប្រទេស និងអ្នកជំនាញមួយចំនួនឱ្យត្រឡប់មកកម្ពុជាវិញ ដោយសារការចាកចេញទៅក្រៅប្រទេសមានការកើនឡើងជារៀងរាល់ឆ្នាំ កម្ពុជាបានបាត់បង់កម្លាំងអ្នកធ្វើការ និងពលកររហូតដល់ ៣០.០០០ នាក់។ ចំនួន​ជនជាតិ​កម្ពុជា​ដែល​មាន​ការ​អប់រំ​ខ្ពស់ភាគច្រើនគឺ​រស់នៅ​ក្រៅប្រទេស ​ប្រមាណជា ៣៦០.០០០ នាក់​ដែលកំពុងរស់នៅក្នុង​សហរដ្ឋអាមេរិក។ ដើម្បីទាក់ទាញជនជាតិខ្មែរឱ្យវិលត្រឡប់ មកប្រទេសវិញ ស្ថានទូតកម្ពុជាដែលស្ថិតនៅក្រៅប្រទេសនីមួយៗ គួរតែផ្តល់គោលដៅ KPI ដើម្បីចេញជាលិខិតឆ្លងដែនដល់ប្រជាជនកម្ពុជាមួយចំនួនជារៀងរាល់ឆ្នាំ។ ធ្វើដូច្នេះ នឹងជួយជំរុញស្ថានទូតកម្ពុជាឱ្យមានការសកម្មក្នុងការ ផ្សព្វផ្សាយ និងទាក់ទាញជនជាតិខ្មែរឱ្យវិលត្រឡប់មកប្រទេសវិញ។

កម្ពុជាក៏ត្រូវការទាក់ទាញអ្នកជំនាញ និងដែលមានការអប់រំខ្ពស់មួយចំនួនពីប្រទេសដទៃផងដែរ។ កម្ពុជាអាចចេញជាទិដ្ឋាការរយៈពេល ១០ ឆ្នាំ និងទិដ្ឋាការស្នាក់នៅជាអចិន្ត្រៃយ៍សម្រាប់អ្នកជំនាញ មកពីប្រទេសអភិវឌ្ឍន៍ មួយចំនួនដែលបានជ្រើសរើស។ បច្ចុប្បន្ន កម្ពុជាមានតែទិដ្ឋាការរយៈពេល ១ ឆ្នាំប៉ុណ្ណោះ ហើយជួនកាលវាពិបាក ក្នុងការទទួលបានទិដ្ឋាការសម្រាប់ប្តីប្រពន្ធ ឬសាច់ញាតិផ្សេងទៀត។ ក្នុងពេលជាមួយគ្នានេះ កម្ពុជាអាចលុបចោលកូតាលើកម្លាំងពលកម្មរបស់ជនជាតិបរទេសដែលបានបំរើអាជីវកម្មនៅក្នុងប្រទេសដែលមានបុគ្គលិកតិចជាង ២០ នាក់។

តើត្រូវចំណាយដោយរបៀបណាលើការរៀបចំគោលការណ៍ទាំងនេះ? ដើម្បីផ្តល់ថវិកាសម្រាប់គោលនយោបាយទាំងនេះ យើងអាចបង្កើនពន្ធអចលនទ្រព្យប្រចាំឆ្នាំ និងពង្រីកការប្រមូលពន្ធអចលនទ្រព្យឱ្យគ្របដណ្តប់ទូទាំងប្រទេស។ បច្ចុប្បន្ននេះ ពន្ធអចលនទ្រព្យប្រចាំឆ្នាំមានត្រឹមតែ ០,១% នៃ ៨០% នៃតម្លៃទីផ្សារនៃអចលនទ្រព្យប៉ុណ្ណោះ។ នៅសហរដ្ឋអាមេរិក ពន្ធអចលនទ្រព្យប្រចាំឆ្នាំស្ថិតក្នុងចន្លោះពី ០,៥% ទៅ ២%៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម