ព័ត៌មានជាតិ
មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច និងសាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំសិក្ខាសាលាឈ្វេងយល់ពីសារៈសំខាន់នៃសេដ្ឋកិច្ចច្នៃប្រតិដ្ឋ
មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ចនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង សាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសហការគ្នារៀបចំសិក្ខាសាលាស្តីពី«ទស្សនាទាន និង សញ្ញាណនៃឱកាសមុខរបរនិងធុរកិច្ចថ្មី ក្នុងសេដ្ឋកិច្ចច្នៃប្រតិដ្ឋ» ជូនសាស្ត្រាចារ្យ និងនិស្សិតរបស់សាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅល្ងាចថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០២៦ នៅសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ សិក្ខាសាលានេះ គឺដើម្បីកសាង និងលើកកម្ពស់មូលដ្ឋានគ្រឹះនៃការយល់ដឹងអំពីសេដ្ឋកិច្ចច្នៃប្រតិដ្ឋ ការបណ្តុះឆន្ទៈ និងស្មារតីសហគ្រិនភាព និងការផ្សារភ្ជាប់ជំនាញសិក្សាទៅនឹងឱកាសការងារ និងមុខរបរក្នុងបរិបទសេដ្ឋកិច្ចច្នៃប្រតិដ្ឋ។

សិក្ខាសាលានេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់លោក អ៊ឹម សុខធី នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ចនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពីលោក ប៊ុន ឆាយ សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដោយវាគ្មិនកិត្តិយស សាស្ត្រាចារ្យ និងនិស្សិតសរុបប្រមាណ១២០ រូប។
សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ប៊ុន ឆាយ លើកឡើងថា ការរៀបចំសិក្ខាសាលានេះ គឺត្រូវបានអនុវត្តក្រោមស្មារតីនៃអនុស្សរណៈនៃការយោគយល់គ្នារវាងមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ចនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង សាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលអង្គភាពទាំងពីរបានបង្កើតឡើងក្នុងគោលបំណងជំរុញ និងផ្តល់ឱកាសជូននិស្សិត បុគ្គលិក និងសាស្ត្រាចារ្យរបស់សាកលវិទ្យាល័យ ក្នុងការស្វែងយល់ ស្វែងចេះពីកិច្ចការពាក់ព័ន្ធការអភិវឌ្ឍសហគ្រិនវ័យក្មេង និងការចូលរួមពង្រឹងកម្មវិធីសិក្សារបស់សាកលវិទ្យាល័យពាក់ព័ន្ធនឹងធុរកិច្ច ជាដើម។ តាមរយៈកិច្ចសហការនេះ សាកលវិទ្យាល័យបានបញ្ជូននិស្សិតដែលមានសក្តានុពលចូលរួមកម្មវិធីកសាងសមត្ថភាព ការបណ្តុះបណ្តាល សិក្ខាសាលា និង ចូលរួមអនុវត្តការងារគម្រោងមួយចំនួនដែលរៀបចំដោយមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រកបដោយជោគជ័យផងដែរ។

ថ្លែងក្នុងពិធីបើកសិក្ខាសាលាស្តីពី«ទស្សនាទាន និង សញ្ញាណនៃឱកាសមុខរបរនិងធុរកិច្ចថ្មី ក្នុងសេដ្ឋកិច្ចច្នៃប្រតិដ្ឋ» លោក អ៊ឹម សុខធី នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ចនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអះអាងពីសារៈសំខាន់នៃសេដ្ឋកិច្ចច្នៃប្រតិដ្ឋ (Creative Economy) ដែលជាប្រភពនៃកំណើនថ្មី សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។ ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងយកចិត្តទុកដាក់ខ្ពស់ តាមរយៈការដាក់ចេញជាគោលនយោបាយលើកទឹកចិត្ត ការផ្តល់មូលនិធិ និងការកសាង និងបណ្តុះបណ្តាលមូលធនមនុស្ស ជាដើម។ នៅក្នុងបរិបទនៃការវិវត្តសេដ្ឋកិច្ចសកលនាសតវត្សរ៍ទី២១ ពិភពលោកកំពុងឆ្លងកាត់ការផ្លាស់ប្តូរគំរូសេដ្ឋកិច្ចយ៉ាងស៊ីជម្រៅ ពីការពឹងផ្អែកលើធនធានធម្មជាតិ និងកម្លាំងពលកម្មសុទ្ធសាធ (labor-intensive) មកជាការកសាងសេដ្ឋកិច្ចដែលពឹងផ្អែកលើចំណេះដឹង និងគំនិតច្នៃប្រតិដ្ឋ (Knowledge-based and creative economy)។

លោក អ៊ឹម សុខធី បានគូសបញ្ជាក់ថា សម្រាប់កម្ពុជា ទោះបីជាប្រទេសដែលសម្បូរទៅដោយមរតកវប្បធម៌ ប្រវត្តិសាស្ត្រ និងមានប្រជាសាស្ត្រវ័យក្មេងពោរពេញដោយថាមវ័ន្ត ប៉ុន្តែ ការទាញយកសក្តានុពលពីទាយជ្ជទានធនធាន (factor endowment) ទាំងនេះ ក្នុងទម្រង់ជាសេដ្ឋកិច្ចច្នៃប្រតិដ្ឋ នៅមានកម្រិតនៅឡើយ។
ជាមួយគ្នានេះ លោកក៏បានសង្កត់ធ្ងន់ថា ការរៀបចំសិក្ខាសាលាចែករំលែកចំណេះដឹងនេះ ជាការចូលរួមចំណែកបន្ថែមទៀត ក្នុងការបណ្តុះឆន្ទៈស្មារតីសហគ្រិនភាព និងការនវានុវត្ត កសាងមូលដ្ឋានគ្រឹះនៃការយល់ដឹងពាក់ព័ន្ធនឹងសេដ្ឋកិច្ចច្នៃប្រតិដ្ឋ រួមនឹងការផ្សារភ្ជាប់ជំនាញសិក្សាទៅនឹងឱកាសការងារ និងមុខរបរជាក់ស្តែងក្នុងបរិបទសេដ្ឋកិច្ចច្នៃប្រតិដ្ឋ សម្រាប់និស្សិតរបស់សាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ៕


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


