ព័ត៌មានជាតិ
ប្រើប្រាស់ថ្នាំជីកសិកម្មត្រឹមត្រូវ ជួយបង្កើនសុវត្ថិភាពស្បៀងអាហារ ទាំងបរិមាណ និងគុណភាព
ការប្រើប្រាស់ថ្នាំជីកសិកម្មបានត្រឹមត្រូវទៅតាមការកំណត់ គឺជាផ្នែកមួយដ៏សំខាន់ជួយទ្រទ្រង់ សុខភាពអ្នកប្រើប្រាស់ និងអ្នកបរិភោគ ជាពិសេសបង្កើនទាំងបរិមាណទិន្នផល និងគុណភាព។

កាលពីថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៣ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ សហការជាមួយនាយកដ្ឋាននីតិកម្មកសិកម្ម និងអាជ្ញាធរខេត្តកំពង់ធំ បិទវគ្គបណ្ដុះបណ្ដាលអប់រំសមត្ថភាពវិជ្ជាជីវៈដល់អាជីវករលក់ដុំ លក់រាយថ្នាំជីកសិកម្ម។ ក្នុងឱកាសនោះ លោក តុង យី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ លើកឡើងថា ការប្រើប្រាស់ថ្នាំជីកសិកម្មបានត្រឹមត្រូវ ទៅតាមបទដ្ឋានបច្ចេកទេស គឺជាផ្នែកដ៏សំខាន់បំផុតរបស់ផលិតកសិកម្មគ្រប់ប្រភេទ ទាំងការបង្កើនបរិមាណ គុណភាព ដែលជួយឲ្យអ្នកបរិភោគមានសុវត្ថិភាព។

លោកបន្តថា តាមរយៈ លោក ប៉ែន វុទ្ធី ប្រធាននាយកដ្ឋាននីតិកម្មកសិកម្ម កាលពីពេលបើកវគ្គបណ្ដុះបណ្ដាល ក៏បានបញ្ជាក់ពីគុណសម្បត្តិ និងគុណវិបត្តិ នៃថ្នាំគីមីចំពោះសុខភាពអ្នកប្រើប្រាស់ និងអ្នកបរិភោគផងដែរ។ ការយល់ដឹងបានច្បាស់លាស់របស់អាជីវករលក់ដូរ គឺធាតុចូលដ៏សំខាន់ ជំរុញឲ្យកសិករយកទៅប្រើប្រាស់បានត្រឹមត្រូវតាមកម្រិត នៃការប្រើប្រាស់ មិនធ្វើឲ្យលើសបរិមាណ ដែលជាផ្នែកមួយ នៃការចំណាយទុនបន្ថែមដោយឥតប្រយោជន៍ និងអាចជះឥទ្ធិពលដល់សុខភាពអ្នកបរិភោគ។ ការប្រើប្រាស់បានត្រឹមត្រូវតាមសេចក្ដីណែនាំ ក៏ជាការជួយបង្កើនសុវត្ថិភាព និងសុខភាពសាធារណៈ ដែលនេះជាទំនួលខុសត្រូវទាំងអស់គ្នា ទាំងការថែទាំបរិស្ថាន កាត់បន្ថយជាតិពុល ឬសារធាតុគីមីក្នុងម្ហូបអាហារ បន្លែគ្រប់ប្រភេទ និងស្រូវអង្ក ជាអាហារដ៏សំខាន់សម្រាប់មនុស្សទូទៅ ទាំងប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាការនាំចេញទៅប្រទេសនៅលើពិភពលោក។ ដូច្នេះចាំបាច់បំផុត អាជីវករគ្រប់រូប មុននឹងលក់ទៅឲ្យអតិថិជន ត្រូវណែនាំទៅអ្នកប្រើប្រាស់ផ្ទាល់ឲ្យយល់ដឹងពីការប្រើប្រាស់ នៃប្រភេទថ្នាំ ជី កសិកម្មរបស់ខ្លួនផងដែរ។

ជាមួយគ្នានេះ លោក ភុល លីដា អនុប្រធានការិយាល័យនីតិកម្មកសិកម្មខេត្តកំពង់ធំធ្វើរបាយការណ៍បញ្ជាក់ដែរថា ការិយាល័យនីតិកម្មកសិកម្មខេត្តកំពង់ធំ បានរៀបចំវគ្គបណ្ដុះបណ្ដាល អប់រំសមត្ថភាពវិជ្ជាជីវៈដល់អាជីវករ លក់ដុំ លក់រាយ ថ្នាំ ជី កសិកម្ម ចំនួន ១១ វគ្គមកហើយ ដែលមានសិក្ខាកាមមកពីបណ្ដាខេត្តផ្សេងៗ សរុបបានចំនួន ១ ១៩៣ នាក់។ វគ្គបណ្ដុះបណ្ដាលនេះធ្វើឲ្យអាជីវករទាំងអស់យល់ដឹង និងស្គាល់ឲ្យច្បាស់ពីប្រភេទថ្នាំដែលបានចុះបញ្ជីការអនុញ្ញាតឲ្យប្រើប្រាស់ដោយក្រសួងកសិកម្ម ដើម្បីលើកកម្ពស់ការគោរពច្បាប់ និងចូលរួមលុបបំបាត់នូវផលិតផលថ្នាំ ជី ដែលមិនអនុញ្ញាតឲ្យប្រើប្រាស់ ព្រោះអាចធ្វើឲ្យប៉ះពាល់សុខភាព និងជះឥទ្ធិពលមិនល្អដល់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិផងដែរ៕
អត្ថបទ ៖ ឈាង មករា






-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


