ព័ត៌មានជាតិ
ពលរដ្ឋស្នើអភិបាលខេត្តកំពង់ឆ្នាំងពិនិត្យដីតំបន់៣ ដែលកំពុងមានការឈូសឆាយធ្វើកម្មសិទ្ធ
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា ដីព្រៃលិចទឹកក្នុងតំបន់៣ នៅចំណុចកប់ចែស ជាច្រើនហិចតា ក្នុងឃុំពាមឆ្កោកស្រុកជលគីរី ត្រូវបានគេលួចឈូសឆាយអស់ទៅហើយតាំងពីមុនចូលឆ្នាំខ្មែរ និងបានប្រឡាយ២ខ្សែមានប្រវែងប្រមាណ៣ពាន់ម៉ែត្រថែមផង ប្រឆាំងនឹងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល។

ករណីនេះប្រជាពលរដ្ឋស្នើសុំសមត្ថកិច្ចជំនាញ និងសមត្ថកិច្ចចម្រុះមកពិនិត្យមើលដើម្បីទប់ស្កាត់ និងបង្ក្រាបអោយប្រសិទ្ធភាពតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ព្រោះរាជរដ្ឋាភិបាលសម្ដេចតេជោបានលើកឡើងថា សម្ដេចមិនចង់បានសន្លឹកឆ្នោតពីជនល្មើសដែលបំផ្លាញព្រៃរបស់រដ្ឋពីរបីនាក់នោះឡើយ។
ប្រភពខាងលើបានបញ្ជាក់ថា ដីព្រៃលិចទឹកតំបន់៣ នៅចំណុចកប់ចែសប្រមាណ១០ហិចតាត្រូវបានគេឈូសឆាយអស់ទៅហើយនៅក្នុងអំឡុងខែ៣ និងខែ៤ មុនចូលឆ្នាំខ្មែរឆ្នាំ២០២៣។ ជាមួយគ្នានេះដែរគេក៏បានជីកប្រឡាយ២ខ្សែផងដែរនៅក្នុងដីតំបន់៣ មានប្រវែងប្រមាណ៣ពាន់ម៉ែត្រ ដើម្បីយកទឹកធ្វើស្រែ និងយកដីតំបន់៣ ធ្វើជាកម្មសិទ្ធិ ។

ទាក់ទងករណីនេះ លោក លី ឡា នាយខណ្ធរដ្ឋបាលជលផលកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី១១ ខែមិថុនា នេះបានឆ្លើយតាមទូរសព្ទថា ពេលលោកទូរសព្ទសួរលោក ដូច គឹមស៊ីន អភិបាលស្រុកជលគីរី លោកឆ្លើយថា ប្រជាពលរដ្ឋជីកប្រឡាយដើម្បីយកទឹកសង្គ្រោះស្រូវប្រាំងរបស់គាត់តាំងពីខែប្រាំងមកម៉្លេះ។ លោក លី ឡា បានបញ្ជាក់ទៀតថា ឥឡូវនេះគេធ្វើអ្វីៗនៅលើដីតំបន់២ តំបន់៣ មិនបានសុំមកជំនាញឡើយ គឺរដ្ឋបាលស្រុកជាអ្នកសម្រេច ឬស្នើសុំទៅថ្នាក់ខេត្តតែម្ដង ជំនាញមិនបានដឹងអ្វីឡើយ។

ដោយឡែកលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំងបាននិយាយអោយថា ក្នុងដីតំបន់៣ គ្មានអ្នកណាហ៊ានសម្រេចឲ្យជីកប្រឡាយ ឬធ្វើអ្វីៗនៅលើដីតំបន់៣នោះឡើយ គឺជាអំពើខុសច្បាប់។ ចំណែកលោក ដូច គឹមស៊ីន អភិបាលស្រុកជលគិរីវិញបានឆ្លើយតាមប្រព័ន្ធតេឡេក្រាមឲ្យដឹងថា ប្រឡាយដែលប្រជាពលរដ្ឋជីកនៅចំណុចខាងលើនេះតាំងពីរដូវប្រាំង(ខែ៣ខែ៤) មានប្រវែងតែ៨០០ម៉ែត្រប៉ុណ្ណោះ ដើម្បីយកទឹកធ្វើស្រូវប្រាំងនៅខាងលើជាង១ពាន់ហិកតា។ ហើយការជីកប្រឡាយនេះគឺស្ថិតនៅលើដីតំបន់២ភាគច្រើន និងចូលដីតំបន់៣ តែក្បាលលើជាប់បឹងបន្តិចតែប៉ុណ្ណោះ។ ចំពោះការរាយការណ៍ថា មានគេឈូសឆាយដីព្រៃតំបន់បីកប់ចែសប្រមាណ១០ហិចតានោះ ជារឿងមិនពិតទេ គឺពុំមានអ្នកណាឈូសឆាយឡើយ។

ករណីខាងលើនេះប្រជាពលរដ្ឋគោរពស្នើសុំឯកឧត្តមអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បង្កើតក្រុមការងារចម្រុះចុះមកពិនិត្យមើលជាក់ស្ដែង ដើម្បីចាត់វិធានការបង្ក្រាបឲ្យបានម៉ឺងម៉ាត់តាមបញ្ញត្តិច្បាប់ និងតាមបទបញ្ជារបស់សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាល ជៀសវាងកន្ទេរធំបន្លំដេក។ ព្រោះថាបើការជីកប្រឡាយនោះនៅក្នុងដីតំបន់៣ ពិតមែននោះ ខាងមុខនេះដីតំបន់៣ដែលជាប់នឹងប្រឡាយខាងលើនេះ នឹងត្រូវគេលួចឈូសធ្វើជាស្រែកម្មសិទ្ធិឯកជនទាំងអស់មិនខានឡើយ៕
អត្ថបទ៖ ឈៀងថារិទ្ធ


-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


