ព័ត៌មានជាតិ
ទេសរដ្ឋមន្ត្រី លី ធុជ ៖ សម្តេចតេជោ បាននាំមកនូវជោគជ័យយ៉ាងធំធេងជាប្រវត្តិសាស្ត្រ សម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជា រួមទាំងការងារបោសសម្អាតមីន
សៀមរាប ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាននាំមកនូវជោគជ័យយ៉ាងធំធេងជាច្រើនជាប្រវត្តិសាស្ត្រ សម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជា ក្នុងនោះរួមទាំងការងារបោសសម្អាតមីនរយៈពេលជាង ៣០ឆ្នាំនេះ។ បើគ្មានសម្តេចតេជោ ដឹកនាំប្រទេសកម្ពុជា ក៏គ្មានការងារបោសសម្អាតមីន ហើយប្រជាជនកម្ពុជានៅតែបន្តរងគ្រោះថ្នាក់ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។

នេះជាការលើកឡើងនាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ របស់លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ក្នុងកិច្ចប្រជុំជាមួយយោធភូមិភាគទី៤ នៃបញ្ជាការដ្ឋានកងទ័ពជើងគោក ស្តីពីការងារបោសសម្អាតមីនទិសយោធភូមិភាគទី៤ ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។

កិច្ចប្រជុំនេះ មានការចូលរួមពី លោកឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងនិងជាមេបញ្ជាការយោធភូមិភាគទី៤នៃកងទ័ពជើងគោក, លោកឧត្តមសេនីយ៍ឯក អ៊ុច វ៉ាន់ថា មេបញ្ជាការរងនិងជាមេបញ្ជាការបញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោក ពលទាហាន នាយទាហាន នៃយោធភូមិភូមិទី៤។

ក្នុងឱកាសនោះផងដែរ លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងអំណរគុណ និងសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅជូនចំពោះកងយោធពលខេមរភូមិន្ទ ដែលបានចូលរួមរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

លោក ទេសរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ជូនកងយោធពលខេមរភូមិន្ទ ចំពោះការពលី និងលះបង់គ្រប់បែបយ៉ាងដើម្បីសន្តិភាព និងបុព្វហេតុជាតិមាតុភូមិ ក៏ដូចជាការចូលរួមជួយសង្គ្រោះអាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋតាមរយៈការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក្នុងកំឡុងពេលដែលប្រទេសជាតិទទួលបានសុខសន្តិភាពពេញលេញ។
លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា បើគ្មានសន្តិភាពរបស់ សម្តេចតេជោ ហ៊ុន សែន ទេ ក៏គ្មានសមិទ្ធផលនៃការងារបោសសម្អាតមីនកើតឡើងបានដែរ ហើយការចូលរួមរបស់កងយោធពលខេមរភូមិន្ទ គឺចាំបាច់និងមិនអាចខ្វះបានឡើយ។
ជាមួយគ្នានោះ លោកទេសរដ្ឋមន្ត្រី បានលើកឡើងនូវសារៈសំខាន់ ២ចំណុចចាំចាច់ក្នុងការងារបោសសម្អាតមីននៅកម្ពុជា ទី១/. ការផ្តល់ដីសុវត្ថិភាព និងជួយសង្គ្រោះប្រជាជនកម្ពុជានៅគ្រប់ទិសទី ដែលជាបំណងប្រាថ្នាធំរបស់សម្តេចតេជោចង់ឃើញប្រជាជនកម្ពុជាទាំងទីក្រុង និងទីជនបទទាំងអស់ រួចផុតពីគំរាមកំហែងដោយសារគ្រាប់មីន និងទី២/. ឆ្លើយតបនឹងអនុសញ្ញាអូតាវ៉ាដែលកម្ពុជាជាសមាជិករដ្ឋភាគី ដោយត្រូវបំពេញកាតព្វកិច្ចបោសសម្អាតមីនឲ្យអស់ពីប្រទេសកម្ពុជា។
លោកទេសរដ្ឋមន្ត្រី បានបន្តទៀតថា ក្នុងការឆ្លើយតបនឹងចំណុចទាំងពីរ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវចក្ខុវិស័យដឹកនាំប្រទេសកម្ពុជាយ៉ាងច្បាស់លាស់ក្នុងការបញ្ចប់ការគំរាមកំហែងដោយគ្រាប់មីនដែលបានដឹងឲ្យអស់ត្រឹមឆ្នាំ២០២៥ ដូចមានចែងក្នុងផែនការយុទ្ធសាស្ត្រសកម្មភាពមីន ២០១៨-២០២៥ ដែលក្នុងនោះការចូលរួមរបស់កងទ័ពជើងគោក គឺជាផ្នែកមួយយ៉ាងសំខាន់មិនអាចខ្វះបាន។
ក្នុងរបាយការណ៍របស់ លោកឧត្តមសេនីយ៍ឯក អ៊ុច វ៉ាន់ថា បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០២២ កងទ័ពជើងគោក បានចូលរួមដល់ការងារបោសសម្អាតមីនមនុស្សធម៌ ដោយទទួលការគាំទ្របច្ចេកទេស និងធនធានពីអាជ្ញាធរមីន តាមរយៈគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន និងមូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥។

បច្ចុប្បន្ននេះ កងទ័ពជើងគោក បាននឹងកំពុងពង្រាយកម្លាំងបោសសម្អាតមីនចំនួន ៣៥ កងរួចមកហើយ និងត្រៀមកម្លាំងរហូតដល់ ៤៥ ដើម្បីចូលរួមបោសសម្អាតមីនមនុស្សធម៌នេះ។ ឆ្នាំ២០២៣ កងទ័ពជើងគោក បានទទួលផែនការបោសសម្អាតមីនពីអាជ្ញាធរមីនចំនួនជាង ៤៦ គីឡូម៉ែត្រក្រឡាក្នុងខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ សម្រេចបាន ៩០%នៃផែនការ ហើយគ្រោងនឹងបញ្ចប់ក្នុងខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក អ៊ុច វ៉ាន់ថា ក្នុងនាមមេបញ្ជាការកងទ័ពជើងគោក សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះអាជ្ញាធរមីន ដែលតែងតែផ្តល់ការគាំទ្រទាំងធនធាន សម្ភារៈ និងបច្ចេកទេសដល់កងទ័ពជើងគោក ក្នុងកិច្ចការបោសសម្អាតមីននៅកម្ពុជា៕






-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?