ព័ត៌មានជាតិ
តើគេធ្វើដូចម្តេច ដើម្បីដឹងពីកំណើនសេដ្ឋកិច្ច?
កំណើនសេដ្ឋកិច្ច ត្រូវបានសេដ្ឋវិទូប្រើសម្រាប់សម្គាល់ពីភាពរីកចម្រើននៃសេដ្ឋកិច្ចជាតិមួយបើធៀបនឹងឆ្នាំកន្លងទៅ។ គេអាចដឹងពីកំណើនសេដ្ឋកិច្ចបានតាមរយៈការគណនារកអត្រាកំណើនផលិតផលក្នុងស្រុកសរុបរបស់ប្រទេសមួយ(GDP growth rate) នៅឆ្នាំបច្ចុប្បន្ន ដោយប្រើថ្លៃទំនិញបច្ចុប្បន្ន (Nominal GDP) ឬតាមថ្លៃនៅឆ្នាំគោល(Real GDP)។ ដើម្បីអាចរកកំណើនGDPបាន ដំបូងគេត្រូវដឹងពី GDP ថាតើមានចំនួនប៉ុន្មានសិន។ ដើម្បីអាចដឹងថា តើផលិតផលក្នុងស្រុកសរុប ឬGDP មានទំហំប៉ុន្មាន? គេអាចប្រើវិធីសាស្ត្រចំនួន៣ដើម្បីរកវា គឺទី១. តាមរយៈការគណនារកចំណាយសរុប, ទី២. ការគណនាតាមចំណូលសរុប និងទី.៣ តាមរយៈផលបូកតម្លៃបន្ថែម។

ផលិតផលក្នុងស្រុកសរុប(GDP) គឺសំដៅដល់ទំហំផលិតផលដែលសម្រេចបានក្នុងប្រទេសមួយក្នុងកំឡុងពេលជាក់លាក់ណាមួយ ដែលជាទូទៅគឺក្នុងរយៈពេល១ឆ្នាំ។ ម៉្យាងទៀត សេដ្ឋវិទូ ច្រើនប្រើReal GDP នៅក្នុងការគណនារកអត្រាកំណើននេះ។
នៅក្នុងចំណោមវិធីសាស្ត្រដែលសេដ្ឋវិទូប្រើ ដើម្បីគណនាទំហំរបស់ GDP គឺភាគច្រើនប្រើវិធីគណនារកចំណាយសរុបប្រចាំឆ្នាំ។ តាមយន្ដការចំណាយរបស់មនុស្សម្នាក់នឹងក្លាយជាចំណូលរបស់មនុស្សម្នាក់ទៀត នោះគេអាចរកទំហំផលិតផលក្នុងស្រុកសរុបតាមរយៈសមីការសាមញ្ញមួយនោះគឺ GDP = C + I + G + NX ដែល៖
– C គឺមានន័យថា ជាចំណាយសរុបរបស់អ្នកប្រើប្រាស់ ដែលជាទូទៅ គេអាចដឹងតាមរយៈការពិនិត្យមើលទំហំនៃការទិញទំនិញប្រើស់ប្រាដែលមានរយៈពេលវែង ខ្លី និងសេវាកម្មផ្សេងៗ របស់អ្នកប្រើប្រាស់ចុងក្រោយ។
– I គឺតំណាងឲ្យការវិនិយោគសរុបក្នុងស្រុក នៅពេលដែលសហគ្រាសមានការចំណាយបន្ថែមទៅលើការទិញឧបករណ៍ថ្មីក្នុងគោលបំណងបង្កើតទំនិញប្រើប្រាស់ថ្មី ដើម្បីពង្រីកអាជីវកម្ម ឬផលិតភាពការងារ។ នៅក្នុងនោះក៏មានរួមចំណែកដោយការវិនិយោគថេរ ឬការសាងសង់សំណង់ថ្មីៗជាដើម។
– G គឺតំណាងឲ្យការចំណាយសរុបរបស់រដ្ឋាភិបាល ឧទាហរណ៍៖ ការចំណាយលើការសាងសង់ស្ពាន ថ្នល់ សាលារៀន ចំណាយលើប្រព័ន្ធអប់រំ ចំណាយសាធារណៈផ្សេងៗ។
– ចំណែកចុងក្រោយ គឺ NX សំដៅដល់ទំហំនៃការនាំចេញសុទ្ធ ដែលអាចមានទំហំវិជ្ជមាន និងអវិជ្ជមាន។ ការនាំចេញសុទ្ធនេះ គឺស្មើនឹង ការនាំចេញសរុប ដក ការនាំចូលសរុប។ ឧទាហរណ៍៖ កម្ពុជានាំចេញអង្ករទៅពិភពលោកបាន ១ពាន់លានដុល្លារ ហើយនាំចូលនូវសម្ភាៈប្រើប្រាស់អស់ ៥០០លានដុល្លារ ដូច្នេះ ទំហំនាំចេញសុទ្ធស្មើ ៥០០លានដុល្លារត្រូវបានបូកចូលក្នុងGDP។
ឧបមាថា Real GDP ឆ្នាំ២០១៩ មានចំនួន ១៥លានដុល្លារ ហើយReal GDP ឆ្នាំ២០២០ មានចំនួន១៦.០៥ពាន់លានដុល្លារ។ ដូច្នេះកើនGDP ឬកំណើនសេដ្ឋកិច្ចនៅឆ្នាំ២០២០គឺ ស្មើនឹង (១៦.០៥-១៥)/១៥=០.០៧ ឬ៧% ។ តួលេខនេះប្រាប់យើងថា ប្រទេសនេះ មានកំណើនផលិតផល(គិតជាទម្រង់រូបិយបណ្ណ)កើន៧% បើធៀបនឹងឆ្នាំចាស់។
ឧទាហរណ៍មួយទៀត ប្រសិនបើសេដ្ឋកិច្ចឆ្នាំ២០១៩ផលិតបាន១៥ពាន់លានដុល្លារ ហើយឆ្នាំ២០២០ផលិតបាន១៥ពាន់លានដុល្លារដដែលនោះមានន័យថាកំណើនសូន្យ។ ប្រសិនបើឆ្នាំ២០២០ផលិតបានតែ១៣.៩៥ពាន់លានដុល្លារ នោះកំណើនឆ្នាំ២០២០នឹងមានសញ្ញាអវិជ្ជមាន៧% (-7%) បើធៀបនឹងឆ្នាំ២០១៩។ ប្រសិនបើឆ្នាំ២០២១ផលិតបានចំនួន ១៤.៩២ពាន់លានដុល្លារ នោះកំណើនឆ្នាំ២០២១កើន៧%វិញ បើធៀបនឹងឆ្នាំ២០២០។ ប៉ុន្ដែនៅតែទាបជាងផលិតផលឆ្នាំ២០១៩ដដែល។ តួលេខកំណើនដែលល្អ បើទោះបីជា១% ឬ៥%ក៏ដោយ លុះត្រាតែតួលេខនោះត្រូវបានធៀបជាមួយនឹងមូលដ្ឋានដែលរឹងមាំ ឬជាមូលដ្ឋានល្អ។ ឧទារហណ៍ សេដ្ឋកិច្ចអាមេរិកជាមធ្យមមានកំណើនគឺ៣% ឬតិចជាង៣% តែតួលេខត្រូវបានធៀបជាមួយនឹងឆ្នាំមូលដ្ឋានដែលរឹងមាំ។
ជាទូទៅ គេប្រើពាក្យថា កំណើនសេដ្ឋកិច្ច(Economic growth rate) គឺមិនមែនសំដៅ លើភាពមានបាន ឬទ្រព្យសម្បត្ដិរបស់ជាតិមួយទាំងស្រុងនោះទេ ហើយវារឹតតែមិនអាចបញ្ជាក់បានពីសុខុមាលភាពរបស់ប្រជាជនផងដែរ ពោលវាគ្រាន់តែអាចបញ្ជាក់ថា ប្រសិនបើប្រទេសមួយដែល មានកំណើនសេដ្ឋកិច្ចខ្ពស់ គឺមានឱកាសច្រើនសម្រាប់ចាកផុតពីភាពក្រីក្រ និងទទួលបាននូវការអភិវឌ្ឍលឿនរហ័ស។ បើនិយាយឲ្យចំទៅពាក្យថា កំណើនសេដ្ឋកិច្ច គឺសំដៅដល់សកម្មភាពសេដ្ឋកិច្ចរបស់ប្រទេសនោះថា តើមានភាពសកម្មប៉ុន្មាន? ពោលគឺ គេមិនអាចសន្មត់បានថា ប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ជាប្រទេសអ្នកមាននោះទេ យើងអាចនិយាយបានថា កំណើនខ្ពស់ តែផលិតផលតិច ឬកំណើនទាប តែផលិតផលច្រើន។ ម៉្យាងដោយសារតែវាមានកត្ដាជាច្រើនផ្សេងទៀត ដែលចូលរួមក្នុងការកសាងកំណើននេះ។
កំណើនសេដ្ឋកិច្ច( Economic Growth) គឺសំដៅដល់ការកើនឡើងនៃកំណើនរបស់ផលិតផលដែលមានទំនិញ និងសេវា ដែលបានផលិតក្នុងប្រទេសមួយ រយៈពេលកំណត់ជាក់លាក់មួយ។ កំណើននេះ អាចកើតឡើង ដោយសារតែមានការចូលរួមពីការទទួលបានចំណេះដឹង និងជំនាញបន្ថែមរបស់កម្មករ ផលិតករ ការបង្កើនចំនួនកម្មករ ការបង្កើនចំនួនផលិត ឬការប្រើប្រាស់បច្ចេកវិទ្យាជាដើម។ វាក៏អាចកើនឡើងដោយសារតែកំណើននៃការនាំចេញ ឬការវិនិយោគនៅក្នុងប្រទេសនោះផងដែរ។
សរុបមក គេអាចពិនិត្យមើលពីអត្រាកំណើនសេដ្ឋកិច្ចតាមរយៈការគណនាពីកំណើននៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសនោះពីមួយឆ្នាំ ទៅមួយឆ្នាំ៕


-
ព័ត៌មានជាតិ១ សប្តាហ៍ ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្នងការខេត្តកំពង់ធំអះអាងថា ការចោទប្រកាន់របស់លោក សុន ឆ័យ គឺជាការបំផ្លើស គ្មានមូលដ្ឋានច្បាស់លាស់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរខណ្ឌ៧មករា ទុកឱសានវាទ៣ថ្ងៃ ដល់ក្រុមអាជីវករលក់ទុរេន នៅផ្លូវព្រះសីហនុ បង្កភាពអនាធិបតេយ្យ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ខែលអាកាសដែលឥណ្ឌាប្រើបាញ់ដ្រូនប៉ាគីស្ថាន តាមពិតលួចទិញពីរុស្ស៊ីក្នុងតម្លៃជាង៥ពាន់លានដុល្លារ