ព័ត៌មានជាតិ
ពីអ្នកសារព័ត៌មានក្លាយជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី តើលោក ប៉ែន បូណា មានបទពិសោធការងារអ្វីខ្លះ?
នៅថ្ងៃអង្គារ ទី២២ ខែសីហា ឆ្នាំ២០២៣ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ត្រាស់បង្គាប់តែងតាំងឥស្សរជនចំនួន២៩ រូបជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ដែលក្នុងនោះ ក៏មាន លោក ប៉ែន បូណា អតីតអ្នកសារព័ត៌មានដែលមានបទពិសោធន៍ជាច្រើនឆ្នាំនៅក្នុងវិស័យព័ត៌មាន។

ទម្រាំទទួលបានតំណែងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នៅនីតិកាលទី៧នេះ លោក ប៉ែន បូណា បានចំណាយពេលវេលាបំពេញការងារជាអ្នកសារព័ត៌មានជាង៣០ឆ្នាំ។ រយៈពេលជាង៣០ឆ្នាំក្នុងវិស័យសារព័ត៌មាន លោក ប៉ែន បូណា ធ្លាប់បំពេញការងារនៅតាមស្ថាប័នសារព័ត៌មានល្បីៗដូចជា កាសែតបារាំង CAMBODGE SOIR រួចមក ក៏លោកចូលបំពេញការងារនៅវិទ្យុបារាំង RFI ជាមួយនឹងតំណែងជានិពន្ធនាយក។
ក្រោយមក នៅខែមីនា ឆ្នាំ២០១៥ លោក ប៉ែន បូណា បានចូលបំពេញការងារនៅស្ថានីយទូរទស្សន៍ PNN ដោយទទួលបានតំណែងជានាយកផ្នែកព័ត៌មាន។ ចាប់តាំងពីពេលបំពេញការងារនៅស្ថានីយទូរទស្សន៍ លោក ប៉ែន បូណា ក៏បានជាប់ឆ្នោតជាប្រធានក្លិបអ្នកកាសែត២អាណត្តិជាប់ៗគ្នា ចាប់ពីឆ្នាំ២០១៥ រហូតដល់ខែធ្នូ ឆ្នាំ២០២២ ទើបលោកលាលែងតំណែងជាប្រធានក្លិបអ្នកកាសែតកម្ពុជា។
នៅក្នុងកំឡុងពេលកាន់ការជាប្រធានក្លិបអ្នកកាសែតកម្ពុជា លោក ប៉ែន បូណា បានបើកវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈសារព័ត៌មាន ជូនសិក្ខាកាម និងអ្នកសារព័ត៌មានរាប់សិបនាក់។ អ្វីដែលធ្វើឲ្យអ្នកសារព័ត៌មានសឹងគ្រប់រូបចងចាំមិនភ្លេច គឺលោកធ្លាប់បានលើកឡើងថា វិជ្ជាជីវៈសារព័ត៌មាន គឺជាអាវក្រោះរបស់អ្នកសារព័ត៌មាន។

នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២ ព្រះមហាក្សត្រ ទ្រង់ត្រាស់បង្គាប់តែងតាំងលោក ប៉ែន បូណា ជារដ្ឋលេខាធិការក្រសួងព័ត៌មាន។ មែនទែនទៅ ព្រោះតែតំណែងជារដ្ឋលេខាធិការក្រសួងព័ត៌មាននេះហើយ ទើបលោក ប៉ែន បូណា លាលែងតំណែងជាប្រធានក្លិបអ្នកកាសែត។ ចូលកាន់តំណែងមិនបានប៉ុន្មានផង ពោល គឺនៅក្នុងខែកុម្ភៈ ឆ្នាំ២០២៣ ដោយសារមានការរិះគន់ខ្លាំងទៅលើឥរិយាបថអ្នកសារព័ត៌មានដែលផ្សាយផ្ទាល់ផ្ទាល់នៅកន្លែងកើតហេតុ ក្រសួងព័ត៌មាន បានចាត់លោក ប៉ែន បូណា ឱ្យពង្រឹងវិជ្ជាជីវៈអ្នកសារព័ត៌មានលើការងារផ្សាយព័ត៌មាន និងសម្របសម្រួលជាមួយសមាគមសារព័ត៌មាននានា។
បំពេញការងារជារដ្ឋលេខាធិការក្រសួងព័ត៌មាននៅចុងអាណត្តិទី៦ បានរយៈជាង៧ខែ គឺនៅនីតិកាលទី៧នេះ លោក ប៉ែន បូណា ត្រូវបានតែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ហើយសម្តេចតេជោ ហ៊ុន សែន បានប្រកាសថា លោក ប៉ែន បូណា នឹងក្លាយជាអ្នកនាំពាក្យរាជរដ្ឋាភិបាលថ្មីផងដែរនៅអាណត្តិនេះ។

នៅជុំវិញការទទួលបានតំណែងធំជាបន្តបន្ទាប់នេះ លោក ប៉ែន បូណា បានសរសេរលើគណនីហ្វេសប៊ុករបស់លោកថា តំណែងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនេះ គឺជាមហាកិត្តិយសសម្រាប់រូបលោក ប៉ុន្តែ ទន្ទឹមនឹងនោះក៏ជាអម្រែកដ៏ធ្ងន់ផងដែរ៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


