ព័ត៌មានជាតិ
ត្រីភាគី មិនទាន់ដាក់តួលេខប្រាក់ឈ្នួល ឆ្នាំ ២០២៤ នៅឡើយទេ
កិច្ចប្រជុំលើកទី ២ របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី ៣ រួមមាន ភាគីរដ្ឋាភិបាល ភាគីនិយោជក និងភាគីសហជីព នៅព្រឹកថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៣ នេះ មិនទាន់បានដាក់ចេញតួលេខប្រាក់ឈ្នួលកម្មករសម្រាប់ឆ្នាំ ២០២៤ នៅឡើយទេ។

បើតាម លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលជាអ្នកដឹកនាំកិច្ចប្រជុំ បានប្រាប់អ្នកសារព័ត៌មានថា កិច្ចប្រជុំព្រឹកមិញដែលប្រើពេលជាង ៣ ម៉ោង ភាគីទាំងពីរ មិនទាន់បានដាក់ចេញជាតួលេខប្រាក់ឈ្នួលនៅឡើយទេ ដោយផ្ដោតសំខាន់ទៅលើស្ថានភាព នៃវិស័យកាត់ដេរ និងតម្រូវការរបស់អតិថិជននៅតាមបណ្ដាប្រទេសនានា ហើយវាក៏ជាដំណាក់កាលមួយស្ថិតក្នុងចរន្តសាកល នៃការថយចុះតម្រូវការផ្នែកសម្លៀកបំពាក់ ស្បែកជើង និងកាបូបនេះ។

លោករដ្ឋមន្ត្រី បានបន្តថា នៅក្នុងកិច្ចប្រជុំ ភាគីនិយោជន និងភាគីសហជីព មានការយោគយល់គ្នាច្រើន ដោយភាគីនិយោជកទទួលស្គាល់ពីការធ្លាក់ចុះប្រាក់ចំណូលចុងក្រោយរបស់កម្មករនិយោជិតមានតិចជាងមុន ដែលតម្រូវឲ្យមានការបន្ថែមម៉ោង។ ចំណែកភាគីសហជីព ក៏ទទួលស្គាល់ថា ការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងកាបូប ធ្លាក់ចុះ សូម្បីប្រទេសមួយចំនួនដូចជា វៀតណាម ឥណ្ឌូណេស៊ី បង់ក្លាដេស ស្រីលង្កា ដែលធ្លាប់តែប្រទេសនាំចេញសម្លៀកបំពាក់ធំៗ ក៏មានការធ្លាក់ចុះដូចកម្ពុជាដែរ។
លោករដ្ឋមន្ត្រី បានបន្ថែមថា អ្វីដែលភាគទាំងពីរនៅមិនទាន់ភាពគ្នាត្រង់ថា បើមានការថយចុះ ឬ ស្ថានភាពតម្រូវការថយចុះ និងក្ដីរំពឹងការកើនឡើងវិញនៅឆមាសទី ២ ឆ្នាំ ២០២៤ ក៏ដោយ ក៏ភាគីនិយោជកមិនទាន់ឯកភាពថា តើគួររក្សាគោលជំហរដដែល ឬ បង្កើនយ៉ាងណានោះ។
ភាគីសហជីពទទួលស្គាល់ថា «តម្រូវការបញ្ជាទិញសម្លៀកបំពាក់ ស្បែកជើង និងកាបូប ធ្លាក់ចុះជាសាកលមែន ប៉ុន្តែតម្រូវការចាំបាច់របស់កម្មករក៏មានការកើនឡើងដែរ សុំឲ្យភាគីនិយោជកគិតគូរលើកំណើនការចំណាយការរស់នៅរបស់កម្មករ។ ចំណែកភាគីនិយោជកលើកឡើងថា បើស្ថិតក្នុងស្ថានភាពធ្លាក់ចុះការបញ្ជាទិញបែបនេះហើយឲ្យដំឡើងប្រាក់ឈ្នួលទៀតនោះ ខ្លាចរត់មិនរួច។ អីចឹងនៅខុសគ្នាត្រង់កន្លែងហ្នឹង»។
យ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា គម្លាតភាគីទាំងពីរ ក៏មិនស្ថិតនៅឆ្ងាយគ្នាពេកដែរ។ ប្រជុំថ្ងៃនេះ ភាគីទាំងពីរ ពន្យល់គ្នាទៅវិញទៅមកឲ្យច្បាស់សិន មុនបន្តប្រជុំបន្ទាប់នៅថ្ងៃទី ៤ កញ្ញា។
លោករដ្ឋមន្ត្រី បានឲ្យដឹងទៀតថា «កិច្ចប្រជុំប្រាក់ឈ្នួលនេះ យើងមិនរំពឹងថា នឹងចប់មុនកាលកំណត់នោះទេ ដោយសារភាគីទាំងអស់នៅមិនទាន់បញ្ចេញគោលជំហរតួលេខនៅឡើយទេ។ ប៉ុន្តែនៅពេលបញ្ចេញតួលេខហើយ ភាគីនីមួយៗ នឹងការពារតួលេខទាំងនោះរៀងៗខ្លួន និងពន្យល់បន្ថែម។ យើងនឹងខិតខំសម្របសម្រួល ដើម្បីធ្វើយ៉ាងណាឲ្យភាគីទាំងពីរយល់គ្នា ខិតជិតរកតួលេខរួមគ្នា»។
លោករដ្ឋមន្ត្រី បានបន្ថែមទៀតថា យើងនឹងបន្តសម្របសម្រួលបន្តទៀត ព្រោះភាគីរាជរដ្ឋាភិបាលយើងមានតួនាទីផ្ដល់ហេតុផល ទឡ្ហីករណ៍ ស្ថិតិផ្សេងៗ ដល់ភាគីទាំងពីរ។ ហើយបើភាគីទាំងពីរខិតចូលរកគ្នាលើតួលេខណាមួយបានយើងសម្របសម្រួល បើមិនអាចទេ យើងក៏អាចបង្ខំខ្លះដែរ ក្នុងករណីចាំបាច់ ដើម្បីឈានដល់កិច្ចព្រមព្រៀងណាមួយ។
លោករដ្ឋមន្ត្រី បានលើកឡើងទៀតថា «ក្នុងករណីយើងមិនអាចឯកភាពគ្នាទេ យើងអាចបោះឆ្នោតសម្រេច ព្រោះថាច្បាប់ប្រាក់ឈ្នួលសម្រេចហើយថាបានទុកពេលវេលាឲ្យភាគីទាំងពីរពិភាក្សាគ្នាបង្ខិតតួលេខឲ្យកៀកគ្នាអាចឈានទៅដល់ការឯកភាពគ្នាជាឯកច្ឆន្ទ។ ប្រជុំគ្នា និងពិភាក្សាច្រើនលើក បើនៅមិនទាន់ឯកភាពទៀត ភាគីនមួយៗ ដាក់តួលេខរៀងៗខ្លួន រួចធ្វើការបោះឆ្នោតសម្រេចតែម្ដង»។
គួរបញ្ជាក់ថា កិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី ៣ បានសម្រេចរៀបចំកិច្ចប្រជុំកំណត់ប្រាក់ឈ្នួលចំនួន ៧ លើក គឺនៅថ្ងៃទី ១៦ សីហា ,ថ្ងៃទី ២៨ ខែសីហា, ថ្ងៃទី ៤, ថ្ងៃទី ១១,ថ្ងៃទី ១៨, ថ្ងៃទី ២៥ ខែកញ្ញា និងថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២៣៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


