ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាលនៅតែហាមមិនឲ្យពលរដ្ឋជួបជុំលក្ខណៈទ្រង់ទ្រាយធំក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខ
រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៅតែបន្តហាមមិនឲ្យប្រជាពលរដ្ឋធ្វើការជួបជុំគ្នាលក្ខណៈទ្រង់ទ្រាយធំក្នុងអំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងពិធីសែនព្រេននានា នៅពេលខាងមុខនេះដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ក្នុងសហគមន៍។
លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានឲ្យដឹងនៅក្នុងសេចក្តីណែនាំមួយចុះថ្ងៃទី១ ខែកម្ភៈ នេះថា ការហាមប្រាមរបស់ក្រសួងសុខាភិបាលពីការជួបជុំគ្នាទ្រង់ទ្រាយធំនៅក្នុងកំឡុង ខែមេសាខាងមុខនេះធ្វើឡើងដោយសារតែស្ថានភាពនៃការចម្លងវីរុសកូវីដ-១៩នៅលើបណ្តាប្រទេសលើសកលលោក និងនៅក្នុងតំបន់ពិសេសប្រទេសវៀតណាមនិងថៃនៅមិនទាន់មានការធូរស្បើយនៅឡើយទេ ហើយកំណើននៃការចម្លងវីរុសកូវីដ-១៩និងការស្លាប់ដោយសារជំងឺនេះនៅតែបន្តមានខ្ពស់នៅឡើយ។

លោករដ្ឋមន្ត្រីបានបន្តថា «ទោះបីជាប្រទេសកម្ពុជា បាននឹងកំពុងខិតខំទប់ស្កាត់កុំឲ្យមានការ ចម្លងវីរុសកូវីដ-១៩នៅក្នុងសហគមន៍យ៉ាងមានប្រសិទ្ធភាពល្អហើយក៏ដោយ ក៏ជំងឺដ៏កាចសាហាវនេះនៅតែជាការគំរាមកំហែងសុខភាពសាធារណៈ ហើយលទ្ធភាពនៃការចម្លងវីរុសនេះនៅក្នុងប្រទេសក៏នៅខ្ពស់នៅឡើយដោយសារប្រទេសជិតខាងយើងមាន ប្រទេសថៃ និងប្រទេសវៀតណាមកំពុងមានការផ្ទុះឡើងការចម្លងវីរុសកូវីដ-១៩ជាថ្មីទៀតនៅក្នុងសហគមន៍»។
លោករដ្ឋមន្ត្រីសូមអំពាវនាវ និងក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់បន្តអនុវត្តការ ការពារការចម្លងវីរុសកូវីដ-១៩ ដោយបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងពិធីសែនព្រេននានា នៅពេលខាងមុខនេះ។ ក្នុងនោះត្រូវជ្រើសរើសដំណើរកម្សាន្តដាច់ដោយឡែកជាលក្ខណៈគ្រួសារដែលមិនមានការជួបជុំគ្នាច្រើនដូចជាការដើរកម្សាន្តជាលក្ខណៈគ្រួសារនៅតាមទីរមណីយដ្ឋានឬទីកន្លែងកម្សាន្តដែលមានបរិយាកាសល្អមានខ្យល់ចេញចូលល្អគ្រប់គ្រាន់មិនឋិតក្នុងទីដែលបិទជិតគ្មានខ្យល់ចេញចូលនិងប្រើម៉ាស៊ីនត្រជាក់ច្រើនជាដើម។ត្រូវកាត់បន្ថយឲ្យបានជាអតិបរមានូវការជួបជុំគ្នាដែលមានមានមនុស្សម្នាច្រើនដូចជាការធ្វើដំណើរកម្សាន្តប្រមូលផ្តុំគ្នាច្រើនបរិភោគអាហារជាមួយមិត្តភ័ក្ដិច្រើនខាងក្រៅផ្ទះការជប់លៀងទ្រង់ទ្រាយធំជាដើម។ ត្រូវជៀសវាងការជួបជុំគ្នាលេងល្បែងស៊ីសងការច្រៀងរាំដែលមិនមានគម្លាតសុវត្ថិភាពឬការជួបជុំគ្នាស៊ីផឹកគគ្រឹកគគ្រេងនិងជៀសវាងការសេពគ្រឿងស្រវឹងច្រើនព្រមទាំងត្រូវចៀសវាងការប្រើប្រាស់គ្រឿងញៀនដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពនិងអាចជាកត្តាហានិភ័យខ្ពស់ក្នុងការចម្លងឬកើតរោគផងដែរ។
លោករដ្ឋមន្ត្រីបានបន្តទៀតថា ជាងនេះទៀតត្រូវជៀសវាងទៅកន្លែងកម្សាន្តនៅតាមបែបជារង្គសាលខារ៉ាអូខេឬក្លឹបកម្សាន្តនានាដែលប្រមូលផ្ដុំគ្នាច្រើននិងមានហានិភ័យនៃការចម្លងវីរុសកូវីដ១៩ និងដែលមិនមានការអនុញ្ញាតឲ្យបើកដំណើរការឡើយ។
លោករដ្ឋមន្ត្រីបានណែនាំដល់អាជ្ញាធររាជធានី-ខេត្ត គណៈបញ្ជាការឯកភាពឃុំ/សង្កាត់/ខណ្ឌ ជាពិសេសខេត្តជាប់ព្រំប្រទល់សូមយកចិត្តទុកដាក់គ្រប់គ្រងចរាចរណ៍ពលករ ឬអ្នកដំណើរ និងការធ្វើចត្តាឡីស័ករបស់អ្នកដំណើរ ឲ្យបានហ្មត់ចត់បំផុតតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ឲ្យបាននូវការចម្លងវីរុសកូវីដ-១៩ចូលមកកម្ពុជា។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រីក៏បានណែនាំដល់អាជ្ញាធររាជធានី-ខេត្តគណៈបញ្ជាការឯកភាពឃុំ/សង្កាត់/ខណ្ឌ គណៈកម្មាធិការថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់របៀបរៀបរយ នៅតាមទីកន្លែងកម្សាន្តនានា ម្ចាស់សណ្ឋាគារ អាហារដ្ឋាន និងភោជនីយដ្ឋាន ទីវត្តអារាម និងគណៈកម្មាធិការវត្តត្រូវចាត់ចែងណែនាំឲ្យមានការអនុវត្តន៍វិធានការសុខាភិបាលផងដែរ។
គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅកម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន៤៦៦នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន៤៤៣នាក់ និងអ្នកជំងឺ២៣នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ២៣ ម៉ោង ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី