ព័ត៌មានជាតិ
លោក ស៊ី ជីនពីង គូសបញ្ជាក់ថា ចិនបន្តគាំទ្រ និងសហការជាមួយកម្ពុជាលើគ្រប់វិស័យ ដោយមិនមានការប្រែប្រួលឡើយ
ប្រធានាធិបតីចិន បានគូសបញ្ជាក់នៅចំពោះមុខ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាថា ចិនបន្តគាំទ្រ និងសហការជាមួយកម្ពុជាលើគ្រប់វិស័យ ដោយមិនមានការប្រែប្រួលឡើយ ហើយចិនប្តេជ្ញាថា នឹងការពារយុត្តិធម៌ជូនប្រជាជាតិទាំងពីរ ពីការប៉ុនប៉ងក្នុងផ្លូវអវិជ្ជមានណាមួយ។

ការបញ្ជាក់នេះ គ្រាដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលជួបសម្តែងការគួរសមជូនជាមួយលោក ស៊ី ជីនពីង ប្រធានាធិបតីចិន នៅមហាវិមានប្រជាជន នៃរដ្ឋធានីប៉េកាំង កាលពីព្រឹកថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៣នេះ។

ក្នុងជំនួបនេះ លោកប្រធានាធិបតី ស៊ី ជីនពីង បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងយ៉ាងស្និទ្ធស្នាលបំផុត ព្រមទាំងបានគូសបញ្ជាក់ថា ចំណងមិត្តភាពរបស់កម្ពុជា-ចិន ប្រៀបបីដូចជាដើមឈើមួយដើមដ៏ធំ ដែលបានចាក់ឫសយ៉ាងជ្រៅ និងយ៉ាងរឹងមាំ ហើយប្រជាជាតិទាំងពីរ ទទួលបាននូវផ្លែផ្កាមិនអាចកាត់ថ្លៃបាន ជារៀងរហូតមក។

ជាកិច្ចឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះបដិសណ្ឋារកិច្ចដ៏កក់ក្តៅពីសំណាក់ថ្នាក់ដឹកនាំចិន ជាពិសេសពីសំណាក់លោកប្រធានាធិបតី នៅក្នុងដំណើរទស្សនកិច្ចផ្លូវការនេះ។
សម្ដេចធិបតី និងលោកប្រធានាធិបតីចិន ក៏បានពិភាក្សាអំពីការបន្តរក្សាគោលនយោបាយប្រកបដោយមេត្រីភាព រវាងប្រទេសទាំងពីរ។ ជាក់ស្តែង លោកប្រធានាធិបតី បានបញ្ជាក់ថា ចិននៅតែជាមិត្តដ៏ល្អ និងនៅតែបន្តជួយកម្ពុជាលើមាគ៌ា នៃការអភិវឌ្ឍសេដ្ឋកិច្ច ហើយដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតីនាពេលនេះ នឹងនាំមកនូវជោគជ័យបន្ថែមទៀត នៃការសម្រេចឲ្យបាននូវការកសាងសហគមន៍វាសនារួម ក្នុងយុគសម័យថ្មី រវាងកម្ពុជា-ចិន។

ចំណែកសម្ដេចធិបតី បានជម្រាបជូនលោកប្រធានាធិបតីចិន អំពីជំហរគោលនយោបាយរបស់កម្ពុជាចំពោះចិន ជាពិសេសការបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួន នូវគោលនយោបាយចិនមួយ។ សម្ដេចធិបតី ក៏បានគូសបញ្ជាក់បន្ថែម អំពីទំនាក់ទំនងកម្ពុជា-ចិនដ៏យូរអង្វែង ដែលប្រជាជាតិទាំងពីរ កំពុងបានទទួលបានផ្លែផ្កាលើគ្រប់វិស័យ ជាពិសេសសេដ្ឋកិច្ច និងអប់រំ។
ក្នុងនោះដែរ ការអភិវឌ្ឍ និងការរីកចម្រើនរបស់កម្ពុជាសព្វថ្ងៃ ជាការពិតមិនអាចកាត់ផ្ដាច់ចេញបានពីការគាំទ្រ និងកិច្ចសហការពីសំណាក់មិត្តចិនឡើយ ដូចមានការគាំទ្ររបស់ចិន នៅក្នុងកាលៈទេសៈដ៏លំបាកនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាដើម។
ក្នុងន័យនេះ សម្ដេចធិបតី បានគូសរំលេចជូនលោកប្រធានាធិបតីចិន អំពីទិសដៅ និងវិស័យនៃកិច្ចសហប្រតិបត្តិការ សម្រាប់ពេលអនាគតរវាងប្រទេសទាំងពីរ ដូចជា៖ វិស័យថាមពល, សន្តិសុខស្បៀង, និង វិនិយោគជាដើម។ ជាក់ស្តែង, សម្ដេចធិបតី បានស្នើភាគីចិនបន្តគាំទ្រដល់ការធានាសន្តិសុខថាមពល និងសន្តិសុខស្បៀងរបស់កម្ពុជា និងបានអរគុណចំពោះការនាំចូលអង្ករ និងផលិតផលកសិកម្មផ្សេងទៀតពីកម្ពុជា ផងដែរ។ សម្ដេចធិបតី ក៏បានអរគុណចំពោះកិច្ចខិតខំប្រឹងប្រែងកន្លងមករបស់ចិន ក្នុងការជំរុញ និងការលើកទឹកចិត្តឲ្យវិនិយោគិនចិន មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា, ជាពិសេស នៅក្នុងវិស័យគន្លឹះអាទិភាព ដែលមានឧត្តមប្រយោជន៍ដល់ប្រជាជនកម្ពុជា។
មុននឹងបញ្ចប់ លោកប្រធានាធិបតីចិន បានបញ្ជាក់ជូនសម្ដេចធិបតីជាថ្មីថា ចិនបន្តគាំទ្រ និងសហការជាមួយកម្ពុជាលើគ្រប់វិស័យ ដោយមិនមានការប្រែប្រួលឡើយ ហើយចិនប្តេជ្ញាថា នឹងការពារយុត្តិធម៌ជូនប្រជាជាតិទាំងពីរ ពីការប៉ុនប៉ងក្នុងផ្លូវអវិជ្ជមានណាមួយ។ ជាទីបញ្ចប់ លោកប្រធានាធិបតីបញ្ជាក់ថា ចិនត្រៀមខ្លួនទទួលស្វាគមន៍ជានិច្ច នូវដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន ដែលជាមិត្តចាស់របស់លោកគ្រប់ពេលវេលា និងសូមជូនពរសម្ដេចធិបតី និងគណៈប្រតិភូជាន់ខ្ពស់ បន្តបំពេញទស្សនកិច្ចផ្លូវការប្រកបដោយជោគជ័យ និងសូមធ្វើដំណើរមាតុភូមិនិវត្តន៍ ប្រកបដោយសុខសុវត្ថិភាព៕
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
កូនប្រសារសម្ដេច ហេង សំរិន កំពុងកាន់តំណែងនៅរដ្ឋសភា រាជរដ្ឋាភិបាល និងជាអភិបាលខេត្ត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ មុន
ទំនាយ៦យ៉ាងរបស់លោកយាយ Baba Vanga ក្នុងឆ្នាំ២០២៤ ខ្លាំងជាង ២០២៣
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
៣០ ឆ្នាំចុងក្រោយ ឥស្សរជនចំនួន១៤រូប ទទួលបានគោរមងារជា “សម្ដេច”
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន
មេទ័ពអាមេរិក ថា សល់ពេល ៣០ ថ្ងៃទៀតប៉ុណ្ណោះ បើអ៊ុយក្រែន វាយរុស្ស៊ី មិនបែក នោះពិបាកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
ថ្ងៃសៅរ៍នេះ ទូតបារាំង បើកឱកាសជាថ្មី ឱ្យសាធារណជនចូលទស្សនាឧទ្យានដ៏ស្រស់ស្អាតទំហំជិត៥ហិកតា
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
លោកឧកញ៉ា ចាន់ សុឃាំង បង្ហាញមូលហេតុបង្កឱ្យស្រូវប្រែប្រួលតម្លៃ
-
សន្តិសុខសង្គម២ ថ្ងៃ មុន
បងថ្លៃស្រីចាក់សម្លាប់ប្អូនស្រី និងកូនអាយុជាងមួយឆ្នាំប្លន់យកលុយជាង៤០លានរៀល
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
ទីបំផុត ស្រ្តីតែងខ្លួនជាប្រុសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោយតាមរំខានយុវតីម្នាក់រាប់ឆ្នាំ