ព័ត៌មានជាតិ
កម្មករ សប្បាយចិត្តចំពោះការបញ្ចេញរថយន្តក្រុងរបស់រដ្ឋ ដឹកពួកគាត់ទៅស្រុកកំណើតឥតគិតថ្លៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ
ក្រុមកម្មករ-កម្មការិនី បានសម្ដែងអារម្មណ៍រីករាយ និងសាទរយ៉ាងខ្លាំងបំផុត ចំពោះការផ្ដល់ជូនរថយន្តក្រុងសាធារណៈ របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈសាលារាជធានីភ្នំពេញ សម្រាប់ដឹកជញ្ជូនពួកគាត់ធ្វើដំណើរទៅកាន់ស្រុកកំណើត នាឱកាសពិធីភ្ជុំបិណ្ឌក្នុងសប្ដាហ៍នេះ ដោយឥតគិតថ្លៃ។

អ្នកស្រី អុល ស្រីតូច អាយុ ៤៤ឆ្នាំ បម្រើការជាកម្មការិនីរោងចក្រកាត់ដេរមួយកន្លែង ម្ដុំផ្សារទួលសង្កែតូច បានប្រាប់កម្ពុជាថ្មីថា អ្នកស្រី ពិតជាមានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ពេលបានឮដំណឹងថា រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ជូនរថយន្តក្រុងសាធារណៈចំនួន ៣៩៥គ្រឿង សម្រាប់ដឹកជញ្ជូន កម្មករ-កម្មការិនី និងប្រជាពលដ្ឋទូទៅ ដែលមានបំណងទៅលេងស្រុកកំណើត នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ។

អ្នកស្រី បន្ថែមថា នៅពេលមានសេវារថយន្តក្រុងសារធារណៈដឹកជញ្ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃជារៀងរាល់ឆ្នាំ គឺជារឿងល្អបំផុតរបស់ប្រជាពលរដ្ឋ ដែលមានការគិតគូរពីថ្នាក់ដឹកនាំប្រទេស ពិសេសស្ថាប័នពាក់ព័ន្ធ ដែលតែងតែមានតួនាទីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋទូទៅ ជារៀងរាល់ឆ្នាំ មិនថាជាឱកាស បុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នោះឡើយ។

អ្នកស្រី អុល ស្រីតូច បញ្ជាក់ថា ការផ្ដល់សេវារថយន្តក្រុងសាធារណៈ សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋ ទៅកាន់ស្រុកកំណើត ពិតជាមានសារៈសំខាន់យ៉ាងខ្លាំង ក្នុងនោះរួមមាន៖ ទី១. កាត់បន្ថយការចំណាយថវិកាក្នុងការធ្វើដំណើរ ទី២. បញ្ចៀសគ្រោះថ្នាក់តាមដងវិថី ដែលកើតមានដោយយថាហេតុ ទី៣. ជួយសម្រួលដល់ពលរដ្ឋ ដែលត្រូវធ្វើដំណើរទៅកាន់ខេត្តឆ្ងាយៗ ទី៤. ជាឱកាសសម្រាប់ពលរដ្ឋ ដែលខ្វះខាតថវិកា ក្នុងការធ្វើដំណើរទៅកាន់ស្រុកកំណើត។

ចំណែកកញ្ញា ថុល ស្រីកុល កម្មការិនីរោងចក្រ ម្ដុំផ្សារទួលសង្កែតូច ដូចគ្នា ក៏បានប្រាប់កម្ពុជាថ្មីដែរថា កញ្ញា ក៏មានអារម្មណ៍ថា សប្បាយរីករាយដូចកម្មករ-កម្មការិនី ផ្សេងៗទៀតដែរ ចំពោះការផ្ដល់ជូនរថយន្តក្រុងសាធារណៈ សម្រាប់ដឹកជញ្ជូនកម្មករ-កម្មការិនី និងពលរដ្ឋផ្សេងៗទៀត ដោយឥតគិតថ្លៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនាឆ្នាំនេះ។ កញ្ញា បន្ថែមទៀតថា ទោះបីជាកម្មករ-កម្មការិនីខ្លះ មានមធ្យោបាយធ្វើដំណើរដោយខ្លួនឯង តាមរយៈម៉ូតូ និងរថយន្តផ្ទាល់ខ្លួនក៏ពិតមែន តែក៏នៅតែមានកម្មករ-កម្មការិនី ខ្លះទៀត ដែលត្រូវការសេវារថយន្តក្រុងសាធារណៈ របស់រដ្ឋនៅឡើយ។
កញ្ញា ថុល ស្រីកុល បានសម្ដែងការគាំទ្រ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលកម្ពុជា តាមរយៈសាលារាជធានីភ្នំពេញ ដែលបានជួយគិតគូរអំពីសុខទក្ខ សុវត្ថិភាពធ្វើដំណើររបស់ កម្មករ-កម្មការិនីរោងចក្រ និងប្រជាពលរដ្ឋផ្សេងៗទៀត ពេលធ្វើដំណើរទៅកាន់ស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ នាសប្ដាហ៍នេះ។
សូមជម្រាបជូនថា តាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០២៣ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំរថយន្តក្រុងចំនួន ៤៥៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ រយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៣ ដោយមិនបង់ប្រាក់ ដើម្បីជួយសម្រួលដល់ការចំណាយជូនកម្មករ-និយោជិត និងប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារក្នុងពិធីបុណ្យភ្ជុំបិណ្ឌនាឆ្នាំនេះ។
រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់អំពីការរៀបចំរថយន្តក្រុងនេះថា ទី១. សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ៖ ប្រើប្រាស់រថយន្តក្រុងចំនួន ៦០គ្រឿង។ និងទី២. សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋ ដែលនឹងធ្វើដំណើរពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្ត និងពីបណ្តា ខេត្តត្រឡប់មករាជធានីភ្នំពេញវិញ៖ ប្រើប្រាស់រថយន្តក្រុងចំនួន ៣៩៥គ្រឿង៕
អត្ថបទ៖ សួស សិត
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


