Connect with us

ព័ត៌មានជាតិ

សហគមអឺរ៉ុប និងអង្គការ FAO គាំទ្ររដ្ឋបាលជលផល សម្រាប់ការធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជានេសាទ

បានផុស

នៅ

អង្គការស្បៀងអាហារ និងកសិកម្មនៃសហប្រជាជាតិ (FAO) សហការជាមួយរដ្ឋបាលជលផល បានរៀបចំវគ្គបណ្តុះបណ្តាលដល់មន្ត្រីរដ្ឋបាលជលផលថ្នាក់ជាតិ និងខេត្តតំបន់ឆ្នេរ និងអ្នកពាក់ព័ន្ធផ្នែក នេសាទផ្សេងទៀត ដែលជាកិច្ចខិតខំប្រឹងប្រែង ក្នុងគោលបំណងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជានេសាទ នៅតំបន់ឆ្នេរសមុទ្រ។

វគ្គបណ្តុះបណ្តាលនេះ នឹងកសាងសមត្ថភាពដល់ភាគីពាក់ព័ន្ធក្នុងការគ្រប់គ្រងជលផល ដោយផ្តោតលើសកម្មភាពនៃការនេសាទហួសកម្រិត និងដែននេសាទសេរី ផលវិបាកនានាដែលបានប្រឈម ពិភាក្សាយុទ្ធសាស្រ្ត និងផែនការអនុវត្តនានាដើម្បីដោះស្រាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជម្រកត្រីសំខាន់ៗរួមមាន ផ្កាថ្ម ស្មៅសមុទ្រ និងព្រៃកោងកាង គឺជាកន្លែងបន្តពូជ លូតលាស់ និងចិញ្ចឹមជីវិតរបស់ត្រី។ ត្រីសមុទ្រមិនអាចរស់បាន ដោយគ្មានទីជម្រកដែលសំបូរដោយសុខុមាលភាព និងបរិស្ថានល្អឡើយ។ ដូច្នេះការគ្រប់គ្រងជលផលប្រកបដោយប្រសិទ្ធភាព នឹងរួមចំណែកដល់ដំណើរការធ្វើឱ្យមានកំណើនតម្លៃសេដ្ឋកិច្ច ដែលទាញចេញពីជលផលសមុទ្រ សំដៅធានាថា ធនធានត្រូវបានប្រើប្រាស់ ក្នុងកម្រិតប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។

លោក បួយ រតនា អនុប្រធានរដ្ឋបាលជលផលបានមានប្រសាសន៍ថា “ការគ្រប់គ្រងបរិមាណត្រីដែលអាចនេសាទបាន គឺចាំបាច់ដើម្បីធានាការនេសាទប្រកបដោយនិរន្តរភាព។ ផ្នែកមួយនៃការធានានូវនិរន្តរភាពនេះ គឺការកៀងគរភាគីពាក់ព័ន្ធរួមគ្នា បង្កើនការយល់ដឹងពីការនេសាទដូចជាការនេសាទហួសកម្រិត និងការនេសាទសេរីគ្មានការគ្រប់គ្រង និងត្រួតពិនិត្យ និងការទទួលយកនូវតម្រូវការចាំបាច់សម្រាប់មនុស្សគ្រប់គ្នាក្នុងការសហការគ្នាដោះស្រាយបញ្ហាភាពប្រឈមទាំងនេះ។ ការធ្វើការរួមគ្នាដែលយើងមានគោលដៅរួម នឹងពង្រឹងកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយការអនុវត្ត និងសកម្មភាពដែលមានផលប៉ះពាល់អវិជ្ជមានលើធនធានជលផល ទីជម្រក និងផលប្រយោជន៍។”

រដ្ឋបាលជលផល បានរៀបចំផែនការគ្រប់គ្រងជលផលសមុទ្រដោយមានការជួយគាំទ្របច្ចេកទេសពីអង្គការ FAO និងបានប្រជុំពិភាក្សាជាមួយភាគីពាក់ព័ន្ធនានានៅគ្រប់កម្រិត រួមទាំងអាជ្ញាធរមូលដ្ឋាន និងសហគមន៍នេសាទហើយបច្ចុប្បន្ននេះកំពុងដំណើរការ សុំការអនុម័តពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ផែនការនេះនឹងជួយស្តារ និងការពារធនធានជលផល និងទីជម្រកសំខាន់ៗ ដែលអាចអនុញ្ញាតឱ្យទាញយកផលប្រយោជន៍ជាច្រើនពីការនេសាទប្រកបដោយនិរន្តរភាព។

លោក ផែន ប៊ុនធឿន ទីប្រឹក្សាបច្ចេកទេសផ្នែកគ្រប់គ្រងជលផលសមុទ្រមកពីអង្គការ FAO នៅកម្ពុជាបានមានប្រសាសន៍ថា“វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងដើម្បីជួយដល់ថ្នាក់ដឹកនាំរដ្ឋបាលជលផល ខណ្ឌរដ្ឋបាលជលផល អធិការដ្ឋានរដ្ឋបាលជលផលសមុទ្រសហគមន៍នេសាទ និងអ្នកនេសាទស្វែងយល់អំពីយន្តការដែលអាចប្រើប្រាស់ក្នុងការគ្រប់គ្រងធនធានជលផលសមុទ្រឱ្យមាននិរន្តរភាព”។ លោកបន្ថែមទៀតថា “វគ្គបណ្តុះបណ្តាលនេះមានការពិភាក្សាជាក្រុម និងលំហាត់ជាច្រើន ដើម្បីឱ្យភាគីពាក់ព័ន្ធ និងតួអង្គសំខាន់ៗអនុវត្តបច្ចេកទេស បង្កើតលក្ខខណ្ឌដែលមានស្ថិរភាព និងអាចព្យាករផលស្តុកត្រី”។

សូមជម្រាបជូនថា វគ្គបណ្តុះបណ្តាលកំពុងប្រព្រឹត្តឡើងនៅខេត្តកែប នៅថ្ងៃទី១៦ និង១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្តីពីការគ្រប់គ្រងសមត្ថភាព និងកម្លាំងនេសាទ (Management of Fishing Effort and Fishing Capacity) និងនៅខេត្តកំពត នៅថ្ងៃទី២១ និង២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្តីពីការគ្រប់គ្រងការនេសាទតាមតំបន់និងពេលវេលា (Spatial Fisheries Management)និងមានអ្នកចូលរួមជាមួយតំណាងសរុប៦០នាក់អញ្ជើញមកពីរាជធានីភ្នំពេញ និងខេត្តជាប់មាត់សមុទ្រ។ ជាជំហានបន្ទាប់ ផែនការគ្រប់គ្រងជលផលសមុទ្រនឹងត្រូវបានអនុម័ត និងដាក់ឱ្យដំណើរការនៅដើមឆ្នាំក្រោយ។

ក្រៅពីនេះ ការរៀបចំបង្កើតផែនការគ្រប់គ្រងជលផលសមុទ្រត្រូវបានផ្តួចផ្តើមឡើងតាំងពីឆ្នាំ២០២១ ដែលគាំទ្រមូលនិធិដោយសហភាពអឺរ៉ុប តាមរយៈអង្គការ FAO ក្រោមគម្រោងគាំទ្របច្ចេកទេស កម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន (ផ្នែកនេសាទ) (CAPFISH-Capture) ដែលជាកម្មវិធីជលផលដ៏ធំបំផុតមួយរបស់សហភាពអឺរ៉ុប។

កម្មវិធីនេះមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រង ការអភិរក្សជលផល និងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិនានាស្តីពីជលផល រួមទាំងផែនការសកម្មភាពដើម្បីទប់ស្កាត់ និងលុបបំបាត់ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត ក្នុងដែននេសាទសមុទ្រ និងទឹកសាប ជាពិសេសពង្រឹងក្របខណ្ឌគ្រប់គ្រងជលផល។

ចំណែក កម្មវិធី CAPFISH-Capture មានគោលបំណងជួយដល់រាជរដ្ឋាភិបាលកម្ពុជាឱ្យសម្រេចបាននូវការអភិវឌ្ឍធនធានជលផលទឹកសាប និងសមុទ្រឱ្យមាននិរន្តរភាព រួមចំណែកដល់សន្តិសុខស្បៀង និងការកាត់បន្ថយភាពក្រីក្រ តាមរយៈការកែលម្អការអភិរក្ស ការគ្រប់គ្រង និងការអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជលផលក្នុងដែននេសាទសមុទ្រ និងទឹកសាប រួមចំណែកដល់ការអភិវឌ្ឍជលផលក្រោយការប្រមូលផល និងការកែលម្អភាពធន់របស់សហគមន៍នេសាទបឹងទន្លេសាប និងតំបន់ឆ្នេរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម