ព័ត៌មានជាតិ
សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងទទួលជួបក្រុមហ៊ុនវិនិយោគមួយចំនួន ក្នុងដំណើរទស្សនកិច្ចផ្លូវការ នៅប្រទេសវៀតណាម
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងទទួលជួបជាមួយក្រុមហ៊ុនវិនិយោគមួយចំនួន ក្នុងដំណើរទស្សនកិច្ចផ្លូវការ នៅប្រទេសវៀតណាម រយៈពេល ២ថ្ងៃ។

នាព្រឹកថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២៣នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១២ ខែធ្នូ ដែលតបតាមការអញ្ជើញរបស់លោក ផាម មិញ ជិញ នាយករដ្ឋមន្ត្រីវៀតណាម។

លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យនាយករដ្ឋមន្ត្រី បានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកនាយករដ្ឋមន្ត្រី ផាម មិញ ជិញ នឹងជួបប្រជុំទ្វេភាគី ក្នុងគោលបំណងបន្តពង្រឹង និងពង្រីកបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រួមមាន៖ អប់រំ ពាណិជ្ជកម្ម វិនិយោគ ការតភ្ជាប់ ទេសចរណ៍ វប្បធម៌ សន្តិសុខ ការពារជាតិ និងកិច្ច ការព្រំដែន ជាដើម។

នាយករដ្ឋមន្ត្រីទាំងពីរ នឹងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខា លើឯកសារកិច្ចព្រមព្រៀងមួយចំនួន និងធ្វើជាសហអធិបតី ក្នុងវេទិកាកម្ពុជា-វៀតណាម ស្តីពី ការជំរុញពាណិជ្ជកម្ម និងវិនិយោគ។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏នឹងអញ្ជើញចូលជួបសម្តែងការគួរសមដាច់ដោយឡែក ជាមួយលោក ង្វៀន ហ៊ូចុង អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម, លោក វ៉ វ៉ាន់ធឿង ប្រធានរដ្ឋវៀតណាម និងលោក រឿង ទិញហ្វេ ប្រធានរដ្ឋសភាវៀតណាម។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏នឹងអនុញ្ញាតជូនលោកស្រី ង្វៀន ធីថាញ់ ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម ព្រមទាំងថ្នាក់ដឹកនាំសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ ចូលជួបសម្តែងការគួរសម និងពិភាក្សា ការងារផងដែរ។ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងថ្លែងសុន្ទរកថាគន្លឹះ ស្តីពី គោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច របស់រាជរដ្ឋាភិបាលកម្ពុជា និងទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា និងវៀតណាម នៅសាកលវិទ្យាល័យ ពាណិជ្ជកម្មអន្តរជាតិ នៅទីក្រុងហាណូយ។
ក្រៅពីនេះទៀត ក្នុងដំណើរទស្សនកិច្ចផ្លូវការរយៈពេល ២ថ្ងៃ នៅប្រទេសវៀតណាមនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងទួទលជួបសម្ដែងការគួរសមជាមួយក្រុមហ៊ុនវិនិយោគមួយចំនួន ដែលបានវិនិយោគលើវិស័យទូរគមនាគមន៍, វិស័យទេសចរណ៍, វិស័យឧស្សាហកម្មកៅស៊ូ និងវិស័យធនាគារ ជាដើម។
បើតាមលោក មាស សុភ័ណ្ឌ អ្នកនាំពាក្យនាយករដ្ឋមន្ត្រី បានឲ្យដឹងបន្តថា ក្រុមហ៊ុនវិនិយោគទាំងនោះ រួមមាន៖ ក្រុមហ៊ុនវេតថេល, ក្រុមហ៊ុនវីជេតគ្រុប, ក្រុមហ៊ុនសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម, ក្រុមហ៊ុនវិនិយោគធនាគារ វិនិយោគ និងអភិវឌ្ឍន៍វៀតណាម, ក្រុមហ៊ុនថាកូ និងក្រុមហ៊ុនសាជីវកម្មវីងគ្រុប។
សម្ដេចធិបតី ហ៊ុន ម៉ាណែត គ្រោងនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជាវិញ នៅវេលាម៉ោង ៧យប់ ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២៣៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


