ព័ត៌មានជាតិ
លោកទេសរដ្ឋមន្ត្រី លី ធុជ ស្នើសុំឱ្យប្រទេសឡាវ ចូលរួមជារដ្ឋភាគីទី១៦៥ នៃអនុសញ្ញាអូតាវ៉ា
ភ្នំពេញ ៖ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្នាក់ការអាជ្ញាធរមីន តាងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន លោក បណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានទទួលជួបពិភាក្សាជាមួយ លោក Buakeo Phumvongsay ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅកម្ពុជា។

ក្នុងជំនួបនោះ ក្នុងនាមជាប្រធានកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) លោកបណ្ឌិត លី ធុជ បានស្នើសុំឱ្យប្រទេសឡាវពិចារណាចូលរួមជារដ្ឋភាគីទី១៦៥ នៃអនុសញ្ញាអូតាវ៉ា ក្នុងខណៈពេលដែលកម្ពុជាធ្វើជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលសៀមរាបអង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ក្នុងខែវិច្ឆិកា ខាងមុខ។

លោកប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានបញ្ជាក់ប្រាប់ខាងភាគីឡាវទៀតថា ក្នុងនាមកម្ពុជាជាប្រធាន កម្ពុជានឹងខិតខំកៀរគរធនធាន និងស្វែងរកកិច្ចសហប្រតិបត្តិការ និងជំនួយពីដៃគូអភិវឌ្ឍន៍ និងម្ចាស់ជំនួយនានា ដើម្បីគាំទ្រដល់សកម្មភាពបោសសម្អាតមីនរបស់ប្រទេសឡាវ ក្នុងករណីដែលប្រទេសឡាវបានចូលរួមជារដ្ឋភាគីអនុសញ្ញា។ កម្ពុជានឹងប្តេជ្ញាគាំទ្រដល់ភាគីឡាវឱ្យអស់ពីលទ្ធភាព ក្នុងការបោសសម្អាតមីន និងអនុវត្តតាមបទដ្ឋានរបស់អនុសញ្ញាអូតាវ៉ា។ ជាមួយគ្នានោះ លោកបណ្ឌិត លី ធុជ ក៏បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលរបស់ឡាវក្នុងសកម្មភាពបោសសម្អាតគ្រាប់បែកចង្កោម ផងដែរ។

លោក Buakeo Phumvongsay បានអបអរសាទរដល់កម្ពុជាដែលទទួលបានការជ្រើសតាំងជាប្រធាន និងម្ចាស់ផ្ទះកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា និងកោតសរសើរខ្ពស់ចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងនាមជាប្រធាន។ ជាការឆ្លើយតបនឹងសំណើរបស់កម្ពុជា លោក Buakeo Phumvongsay នឹងធ្វើសេចក្តីរាយការណ៍ និងលើកសំណើបន្តទៅរដ្ឋាភិបាលនៃប្រទេសឡាវ ដើម្បីធ្វើការពិចារណា។

ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅកម្ពុជា បានកក់សំគាល់ថា ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ គឺជាព្រឹត្តិការណ៍អន្តរជាតិដ៏ធំមួយដែលកម្ពុជានឹងរៀបចំ ហើយប្រជាជនជុំវិញពិភពលោក នឹងមកទស្សនាខេត្តសៀមរាប តាមរយៈការចូលរួមសន្និសីទអន្តរជាតិនៃអនុសញ្ញាអូតាវ៉ា ដើម្បីជំរុញពិភពលោកមួយដែលគ្មានមីន។ ប្រទេសឡាវបានត្រៀមខ្លួនជាស្រេច ក្នុងការចូលរួមកិច្ចប្រជុំកំពូលសៀមរាប-អង្គរ នៃអនុសញ្ញាអូតាវ៉ា ដែលនឹងប្រព្រឹត្តទៅនៅខេត្តសៀមរាប ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


