Connect with us

ព័ត៌មានជាតិ

រដ្ឋ នឹងបើកប្រាក់ឧបត្ថម្ភដល់សិស្សក្រីក្រ និងងាយរងហានិភ័យ កំពុងសិក្សាជំនាញជាង ៥ ពាន់នាក់ នៅដើមខែមីនា

បានផុស

នៅ

រាជរដ្ឋាភិបាល នឹងចាប់ផ្តើមបើកប្រាក់ឧបត្ថម្ភ ដល់សិស្សមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យជាង ៥០០០ នាក់ ដែលកំពុងសិក្សាជំនាញនៅដើមខែមីនា ឆ្នាំ២០២៤នេះ ដើម្បីជួយសម្រាលជីវភាពប្រចាំថ្ងៃក៏ដូចជាឱ្យពួកគេមានលទ្ធភាពបានសិក្សាបានពេញលេញ។

លោក កត្តា អ៊ន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ នៅរសៀលថ្ងៃទី២៧ ខែកម្ភៈ នេះថា នៅចន្លោះពីថ្ងៃទី១ ខែមីនា ដល់ ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ មូលនិធិជាតិជំនួយសង្គម សហការជាមួយក្រសួងការងារ នឹងបើកប្រាក់ឧបត្ថម្ភ ដល់សិស្សមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ចំនួន ប្រមាណ ៥,៣០០ នាក់ ដែលកំពុងរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជាលើកដំបូង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានបន្តថា រាជរដ្ឋាភិបាលបានប្រកាសបើកកម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ចំនួន១លាន ៥សែននាក់ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ និងបានបើកវគ្គបណ្តុះបណ្តាលជាផ្លូវការ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ កន្លងទៅ។ ក្នុងនោះសិស្សមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យមិនត្រឹមតែចុះឈ្មោះចូលរៀនជំនាញដោយឥតគិតថ្លៃប៉ុណ្ណោះទេ ថែមទាំងទទួលបានប្រាក់ឧបត្ថម្ភ ចំនួន ២៨ម៉ឺនរៀល ក្នុងមួយខែ ពីរាជរដ្ឋាភិបាល ផងដែរ។ ចំណែកសិស្សទូទៅអាចចុះឈ្មោះចូលរៀនដោយឥតគិតថ្លៃដែរតែមិនទទួលបានប្រាក់ឧបត្ថម្ភដូចសិស្សក្រីក្រនិងងាយរងហានិភ័យទេ។

លោកបានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៦ ខែកម្ភៈ ឆ្នាំ២០២៤ មានយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ មកចុះឈ្មោះសិក្សាជំនាញសរុបមានចំនួន ២៧ ៣៩៦ នាក់  (ស្រី ៩ ៤៨៤នាក់) ក្នុងនោះ រាជធានីភ្នំពេញចំនួន ១០ ២០៥នាក់ (ស្រី ៣ ៣៨៥នាក់), ខេត្តបាត់ដំបងចំនួន ៣ ៣៨៨នាក់ (ស្រី ១ ៤៤០នាក់), ខេត្តសៀមរាបចំនួន ១ ៩៤៨នាក់ (ស្រី  ៥៣៥នាក់), ខេត្តព្រះសីហនុចំនួន ១ ០៧៩នាក់ (ស្រី  ៣៧៨នាក់), ខេត្តកណ្ដាលចំនួន  ៩៧៨នាក់ (ស្រី  ២៤៦នាក់),  និងបណ្ដាខេត្តផ្សេងៗចំនួន ៩ ៧៩៨នាក់ (ស្រី ៣ ៥០០នាក់)។

ជាក់ស្ដែង ក្នុងនោះ មានសិក្សាទៅលើសំណង់សរុបមានចំនួន ៤ ៣៦៩នាក់ (ស្រី  ៦៦៥នាក់), អគ្គិសនី និងថាមពល  ៥៣៨នាក់ (ស្រី  ៥២នាក់), អេឡិចត្រូនិក  ៤៧៥នាក់ (ស្រី  ៨៩នាក់),  កម្មន្តសាល  ២២៦នាក់ (ស្រី  ៣២នាក់), មេកានិចទូទៅ/មេកានិចរថយន្ត ៤ ១៧៥នាក់ (ស្រី  ១៦០នាក់), ធុរកិច្ច និងព័ត៌មានវិទ្យា ៨ ៧១៩នាក់ (ស្រី ៤ ៥៩០នាក់) , សេវាកម្ម ១ ៦២០នាក់ (ស្រី ១ ៣៤២នាក់), បរិក្ខារត្រជាក់ និងកម្តៅ ៤ ១៧១នាក់ (ស្រី  ១២៧នាក់), ទេសចរណ៍ ១ ៨២៦នាក់ (ស្រី ១ ៤១៧នាក់), និងកសិកម្ម និងកសិ-ឧស្សាហកម្ម ១ ២៧៧នាក់ (ស្រី ១ ០១០នាក់)។

លោក កត្តា អ៊ន បានបន្ថែមថា ចាប់តាំងពីក្រសួងបានបើកវគ្គបណ្តុះបណ្តាលរហូតមកដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ មានចំនួន ៥៤៦ថ្នាក់ ដែលនៅក្នុងនោះ វិស័យសំណង់ ១២៤ថ្នាក់ អគ្គិសនី និងថាមពល ៨ថ្នាក់ អេឡិចត្រូនិកចំនួន ១៩ថ្នាក់, កម្មន្តសាលចំនួន ២២ថ្នាក់, មេកានិកទូទៅ/ មេកានិករថយន្ត ចំនួន  ៨៥ថ្នាក់ ធុរកិច្ច និងព័ត៌មានវិទ្យា ១២០ថ្នាក់ សេវាកម្មចំនួន ៣៥ថ្នាក់ បរិក្ខារត្រជាក់ និងកម្តៅ ចំនួន  ៦៧ថ្នាក់ ទេសចរណ៍ចំនួន  ៤១ថ្នាក់, និង កសិកម្ម និងកសិ-ឧស្សាហកម្មចំនួន  ២៥ថ្នាក់។ ដែលមានសិស្សចូលរៀនសរុប ១២ ១១២នាក់ (ស្រី ៤ ១២១នាក់) សិស្សមានប័ណ្ណសមធម៍សរុបចំនួន ៥៦២៥នាក់ ។

លោក កត្តា អ៊ន បានអំពាវនាវដល់យុវជនមិពីគ្រួសារក្រីក្រនិងងាយរងហានិភ័យក៏ដូចជាយុវជនទូទៅមកចុះឈ្មុះចូលរៀនជំនាញដោយឥតគិតថ្លៃដើម្បីទទួលបាននូវជំនាញមួយច្បាស់លាស់សម្រាប់ចិញ្ចឹមខ្លួនឯងនិងក្រុមគ្រួសារសំដៅលើកស្ទួយជីវភាពរស់នៅកាន់តែប្រសើរដោយអាចប្អូនៗអាចទាញយកកម្មវិធីទូរសព្ទការចុះឈ្មោះចូលរៀន (TVET 1.5M) ពី APPSTORE (IOS) ឬ ពី PlayStore និងពី APPGallery ។

ក្រៅពីនេះក្រសួងនៅបន្តធ្វើយុទ្ធនាការផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គម Facebook, Telegram, YouTube, TikTok និងតាមបណ្តាញសង្គមរបស់សិល្បករ តារាចម្រៀង និងអ្នកមានប្រជាប្រិយភាពក្នុងបណ្ដាញសង្គមជាច្រើននិងចុះផ្សព្វផ្សាយតាមសង្កាត់ និងតាមខ្នងផ្ទះនៃគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ផងដែរ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម