ព័ត៌មានជាតិ
តើសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស មានព្រះជីវប្រវត្តិបែបណា?
នៅល្ងាចថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ គណៈ មហានិកាយនៃកម្ពុជា បានយាងចូលព្រះទិវង្គត ក្នុងព្រះជន្មាយុ៩៣ព្រះវស្សា ដោយព្រះជរាពាធ។ ស្ទើរតែមួយព្រះជន្ម ដែលសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស បានលះបង់ចំពោះព្រះពុទ្ធសាសនានៅកម្ពុជា។ តើសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស មានព្រះជីវប្រវត្តិបែបណា?

សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស ប្រសូត្រនៅថ្ងៃទី១២ ខែមករា ឆ្នាំ១៩៣២ មានទីកំណើតនៅឃុំជ្រាវ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលបិតានាម ទេព ឈិត និងមាតានាម ប៉ិច អាត់។ កាលពីកុមារភាព សម្ដេច ទេព វង្ស ត្រូវបានមាតាបិតាបញ្ជូនឱ្យទៅសិក្សាអក្សរសាស្ត្រ និងគណិតសាស្ត្រ នៅវត្តរាជបូព៌ ខេត្តសៀមរាប ហើយលុះដល់ព្រះជន្មាយុ១៦វស្សា សម្ដេច ក៏បានបួសជាសាមណេរ នៅវត្តរាជបូព៌នេះ ប៉ុន្តែការបួសជាសាមណេរនេះ បានត្រឹមតែរយៈពេល៩ខែប៉ុណ្ណោះ សម្ដេច ក៏បានលាចាកសិក្ខាបទវិញ។
នៅឆ្នាំ១៩៥២ នៅពេលដែលមានព្រះជន្មជាង ២០វស្សា សម្ដេច ទេព វង្ស បានសាងព្រះផ្នួសជាថ្មី ដោយបានបំពេញឧបសម្បទាជាភិក្ខុក្នុងសំណាក់ព្រះឧបជ្ឈាយ៍ព្រះសមុហ៍គណ ហ៊ីង ម៉ៅ ព្រះចៅអធិការវត្តរាជបូព៌ ហើយបួសបានរយៈពេលជាង៥ឆ្នាំ សម្ដេច ទេព វង្ស ក៏ទទួលបានការតែងតាំងជាព្រះគ្រូសូធ្យស្ដាំវត្តរាជបូព៌នេះ។

តែជាអកុសល ក្នុងឆ្នាំ១៩៧៥ ជាពេលវេលាដែលកម្ពុជា បានធ្លាក់ចូលទៅក្នុងបនប្រល័យពូជសាសន៍ខ្មែរក្រហម ដែលពេលនេះ សម្ដេច ទេព វង្ស ក៏ត្រូវបានរបបនេះបង្ខំឱ្យសឹក និងត្រូវបានធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរ ដូចប្រជាជនស្លូតត្រង់ខ្មែរដទៃទៀតដែរ។ ដោយគុណបុណ្យថ្ងៃជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩ កម្ពុជា ក៏ត្រូវបានរំដោះចេញពីរបបខ្មែរក្រហមនេះ ហើយដោយមានឧបនិស្ស័យនឹងព្រះពុទ្ធសាសនា សម្ដេច ទេព វង្ស បានសាងព្រះផ្នួសជាថ្មីម្ដងទៀត នៅថ្ងៃ១៩ ខែកញ្ញា ឆ្នាំ១៩៧៩ នៅវត្តឧណ្ណាលោម រាជធានីភ្នំពេញ ក្នុងសំណាក់ព្រះឧបជ្ឈាយ៍ ដែលនិមន្តមកពីកម្ពុជាក្រោម។
ក្នុងពេលនោះហើយ ដែលសម្ដេច ទេព វង្ស ក្លាយជាព្រះវិន័យធរ នៅវត្តឧណ្ណាលោម និងជាព្រះឧបជ្ឈាហ៍ទូទាំងប្រទេស ដែលទ្រង់ជាព្រះឧបជ្ឈាហ៍ធំជាងគេដែលបានបំបួសរាល់ព្រះថេរចាស់ៗសម័យមុន និងចាប់ផ្ដើមប្រមូល កសាងធនធានព្រះសង្ឃនៅកម្ពុជាឡើងវិញ។ ក្នុងឆ្នាំ១៩៩១ សម្ដេច ទេព វង្ស ទទួលបានការតែងតាំងគោរមងារជា ព្រះមហាសុមេធា ធិបតី ទេព វង្ស មានតួនាទីជាព្រះសង្ឃនាយក ហើយនៅឆ្នាំដដែលនោះ ក៏ត្រូវបានដំឡើង និងតែងតាំងជា សម្ដេចព្រះមហាសុមេធាធិបតី ព្រះសង្ឃរាជ គណៈមហានិកាយ។

លុះមកដល់ឆ្នាំ២០០៦ ព្រះមហាក្សត្រនៃកម្ពុជា ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានត្រាស់បង្គាប់តែងតាំងជាសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ គណៈមហានិកាយនៃកម្ពុជា រហូតមកដល់ពេលដែលសម្ដេចអស់ព្រះជន្ម នាពេលនេះ ក្នុងព្រះជន្មាយុ៩៣ព្រះវស្សា។
សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ ក្នុងមួយព្រះជន្មរបស់សម្តេច សម្ដេចមានគុណបំណាច់យ៉ាងធំធេងចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសសម្តេចបានធ្វើពលិកម្មដ៏ខ្ពង់ខ្ពស់ទ្រទ្រង់ពុទ្ធប្បញ្ញត្តិ និងលើកកម្ពស់ព្រះពុទ្ធសាសនានៅកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ចាត់ទុកការយាងចូលព្រះទិវង្គតរបស់សម្ដេចព្រះមហាសង្ឃរាជ ទេព វង្ស គឺជាការបាត់បង់មហាវីរសង្ឃកំពូលដែលជាកុលបុត្រដ៏ឧត្តុង្គឧត្តមនៃកសិករ ធ្លាប់រួមចលនាតស៊ូ រំដោះជាតិ ប្រជាជន និងសាងព្រះផ្នួស លើកកម្ពស់ការរស់ឡើងវិញនៅព្រះពុទ្ធសាសនាក្នុងប្រទេសកម្ពុជា ចាប់តាំងពីថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ រហូតដល់ថ្ងៃអស់ព្រះជន្ម។ លើសពីនេះ ព្រះអង្គ បានបូជាធ្វើពលិកម្មដ៏ខ្ពង់ខ្ពស់បំផុតលះបង់ព្រះកាយថ្វាយ ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសបានបង្កើតគណៈសង្ឃកម្ពុជាឡើងវិញ រហូតដល់ពេលបច្ចុប្បន្ន៕


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៥ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ