ព័ត៌មានជាតិ
ស្នងការសហភាពអឺរ៉ុប ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងសហភាពអឺរ៉ុប-កម្ពុជា ឱ្យបានកាន់តែរីកចម្រើនបន្ថែមទៀត
នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Jutta Urpilainen ស្នងការសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការភាពជាដៃគូអន្តរជាតិ (European Commissioner for International Partnerships) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួប លោកជំទាវ Jutta Urpilainen បានថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោកជំទាវ និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម ព្រមទាំងបានអបអរសាទរចំពោះសម្ដេចធិបតី ដែលត្រូវបានជ្រើសតាំង ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះ និងអបអរសាទរផងដែរចំពោះជោគជ័យដ៏ត្រចះត្រចង់របស់កម្ពុជាក្នុងនាមជាប្រធានអាស៊ានកាលពីឆ្នាំ២០២២។

លោកជំទាវ ក៏បានបញ្ជាក់ពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ ជិតស្និទ្ធ និងយូរអង្វែងរវាងសហភាពអឺរ៉ុប-កម្ពុជា ប្រកបដោយផ្លែផ្កា នាពេលកន្លងមក។ លោកជំទាវ ក៏បានគោរពជម្រាបជូន សម្តេចធិបតី ផងដែរអំពីការកត់សម្គាល់នៃការរីកចម្រើនលើគ្រប់វិស័យរបស់ព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឱ្យកម្ពុជាអាចចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប នៅឆ្នាំ២០១៥ និងឈានទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

បន្ថែមលើនេះ លោកជំទាវក៏បានគោរពជម្រាបជូនសម្តេចធិបតីថា សហភាពអឺរ៉ុបនឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជាលើវិស័យសំខាន់ៗ ដូចជា៖ វិស័យពាណិជ្ជកម្ម និងវិនិយោគ វិស័យឧស្សាហកម្ម វិស័យអប់រំនិងការបណ្តុះបណ្តាលវិជ្ជាជីវៈ និងវិស័យសុខាភិបាលផងដែរ។ ទន្ទឹមនោះ លោកជំទាវ បានជម្រាបជូន សម្តេចធិបតី ថា ក្នុងដំណើរទស្សនកិច្ចមកកាន់ព្រះរាជាណាចក្រកម្ពុជា នាឱកាសនេះ លោកជំទាវនឹងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួន រួមមាន៖ (១) កម្មវិធីភាពជាដៃគូសហភាពអឺរ៉ុប-កម្ពុជា សម្រាប់ការបណ្តុះបណ្តាលការអប់រំបច្ចេកទេស ២០២៤-២០២៧, (២) កម្មវិធីពាណិជ្ជកម្ម និងវិស័យឯកជន, (៣) កម្មវិធីភាពជាដៃគូសហភាពអឺរ៉ុបសម្រាប់ការអនុវត្តថាមពលប្រកបដោយចីរភាពក្នុងឧស្សាហកម្ម និង (៤) កម្មវិធីភាពជាដៃគូរបស់កម្ពុជាសម្រាប់ប្រព័ន្ធកសិកម្ម និងអាហារប្រកបដោយចីរភាព។ លោកជំទាវ Jutta Urpilainen ក៏បានបញ្ជាក់ផងដែរថា ក្នុងអាណត្តិជាស្នងការសហភាពអឺរ៉ុប លោកជំទាវ បានប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងសហភាពអឺរ៉ុប-កម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះលោកជំទាវ Jutta Urpilainen និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់សហភាពអឺរ៉ុបក្នុងដំណើរការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា នាពេលកន្លងមក។
សម្តេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលផ្តោតសំខាន់លើការកសាងអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងបានបញ្ជាក់ពីការដាក់ចេញនូវវិធានការគន្លឹះ និងវិស័យអាទិភាពរបស់កម្ពុជាក្នុងការលើកកម្ពស់វិស័យអប់រំ និងវិស័យសុខាភិបាល ព្រមទាំងកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសដោយឥតគិតថ្លៃសម្រាប់យុវជនចំនួន ១.៥ លាននាក់ មកពីគ្រួសារក្រីក្រ និងងាយរងគ្រោះនៅទូទាំងប្រទេសក្នុងរយៈពេល ៥ ឆ្នាំខាងមុខនេះ ដែលការណ៍នេះនឹងបញ្ចូលកម្លាំងពលកម្មទៅក្នុងទីផ្សារ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។

ពាក់ព័ន្ធនឹងការសម្រេចបាននូវការចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច (LDC Graduation) សម្តេចធិបតី បានសម្តែងនូវការអរគុណដល់ការចូលរួមចំណែកដ៏សំខាន់របស់សហភាពអឺរ៉ុប និងស្នើដល់សហភាពអឺរ៉ុបបន្តជួយគាំទ្រកម្ពុជាបន្ថែមទៀត។
មុននឹងបញ្ចប់ សម្តេចធិបតី និងលោកជំទាវ ក៏បានពិភាក្សានិងផ្លាស់ប្តូរទស្សនៈអំពីកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌតំបន់ និងបញ្ហាមួយចំនួនពាក់ព័ន្ធនឹងតំបន់ និងសាកល ដែលជាផលប្រយោជន៍ទៅវិញទៅមក រវាងកម្ពុជា និងសហភាពអឺរ៉ុប៕


-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


