ព័ត៌មានជាតិ
ប្រធានរដ្ឋសភាថៃ អះអាងថា នឹងជួយជំរុញអ្នកវិនិយោគថៃឲ្យមកបណ្ដាក់ទុនកាន់តែច្រើននៅកម្ពុជា
ប្រធានរដ្ឋសភាថៃ បានអះអាងនៅចំពោះមុខប្រធានរដ្ឋសភាស្តីទីកម្ពុជា ថា នឹងជួយជំរុញអ្នកវិនិយោគថៃ ឲ្យមកបណ្ដាក់ទុនកាន់តែច្រើននៅកម្ពុជា ព្រមទាំងលើកកម្ពស់សិទ្ធិពលករខ្មែរ ដែលកំពុងធ្វើការនៅប្រទេសថៃ ផងដែរ។ ការអះអាងនេះ ធ្វើឡើងនៅពេលដែលលោក វ៉ាន់មូហាម៉ាត់ណ មៈថា ប្រធានរដ្ឋសភាថៃ បានចូលជួបសម្តែងការគួរសម និងជំនួបពិភាក្សាទ្វេភាគីជាមួយលោក ជាម យៀប ប្រធានរដ្ឋសភាស្តីទីកម្ពុជា កាលពីព្រឹកថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៤នេះ។

ក្នុងជំនួបនេះ ប្រធានរដ្ឋសភាស្តីទីកម្ពុជា បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាថៃនាពេលនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ និងជាប្រវត្តិសាស្រ្ត ក្នុងនាមជាប្រទេសជិតខាងភូមិផងរបងតែមួយ និងជាសមាជិកអន្តរសភាអាស៊ានដំបូងគេ ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា សម្រាប់នីតិកាលទី ៧នេះ។ ដំណើរទស្សនកិច្ចនេះ ក៏រួមចំណែកយ៉ាងសំខាន់ដល់ការបន្តពង្រឹងពង្រីក និងលើកកម្ពស់បន្ថែមទៀតនូវចំណងមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដែលអាចបើកឱកាសថ្មីសម្រាប់ប្រទេសទាំងពីរ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យអស់សក្តានុពល។

លោក ជាម យៀប បានលើកឡើងថា ឆ្នាំក្រោយនេះជាខួបលើកទី ៧៥ឆ្នាំ នៃចំណងការទូតរបស់ប្រទេសទាំងពីរ ក្នុងន័យនេះ ការទូតសភាគឺដើរតួនាទីសំខាន់ ក្នុងការជំរុញភាពជាដៃគូយុទ្ធសាស្រ្តឲ្យកាន់តែស៊ីជម្រៅថែមទៀត។
លោកប្រធានរដ្ឋសភាស្ដីទីកម្ពុជា ក៏បានគូសបញ្ជាក់បន្ថែមអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលមានលក្ខណៈពហុវិស័យ និងច្រើនកម្រិត ដោយមានកិច្ចសហប្រតិបត្តិការល្អពីគ្រប់ភាគីពាក់ព័ន្ធ ទាំងក្របខណ្ឌរដ្ឋ និងរដ្ឋ ក្របខណ្ឌសភា និងសភា ធុរកិច្ចនិងធុរកិច្ច គណបក្សនយោបាយ និងគណបក្សនយោបាយ និងរវាងប្រជាជន និងប្រជាជន។

ចំណែកការអភិវឌ្ឍលើវិស័យទេសចរណ៍ អាចនឹងជួយពង្រឹងបន្ថែមទៀត នូវចំណងមិត្តភាព និងជួយជំរុញផលប្រយោជន៍ទៅវិញទៅមក។ ក្នុងនោះរួមមានជំរុញកំណើនសេដ្ឋកិច្ច ការផ្លាស់ប្តូរវប្បធម៌ និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។ កាលពីពេលថ្មីៗនេះ ក្នុងដំណើរទស្សនកិច្ចសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ បានឯកភាពគ្នាជំរុញ និងលើកកម្ពស់វិស័យទេសចរណ៍ ក្រោមពាក្យស្លោក «ព្រះរាជាណាចក្រពីរគោលដៅតែមួយ»។

លោកប្រធានរដ្ឋសភាស្ដីទីកម្ពុជា បានបន្ថែមទៀតថា បច្ចុប្បន្នមានប្រជាពលរដ្ឋកម្ពុជា ប្រមាណជាងមួយលាននាក់បាន និងកំពុងរស់នៅ និងធ្វើការយ៉ាងសកម្មលើវិស័យផ្សេងៗក្នុងប្រទេសថៃ ហើយបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រទេសថៃ ក៏ដូចជាប្រទេសកម្ពុជា។ តំណាងឲ្យប្រជាពលរដ្ឋកម្ពុជា លោក ជាម យៀប បានថ្លែងអំណរគុណជាអនេកចំពោះសភាថៃ ក៏ដូចជារាជរដ្ឋាភិបាលថៃ ដែលបានការពារសិទ្ធិសេរីភាព ពលករចំណាកស្រុកកម្ពុជា និងបានផ្តល់ឱកាសដល់ពួកគេមានលទ្ធភាព សមត្ថភាព រកចំណូលដោយស្របច្បាប់ សម្រាប់ផ្គត់ផ្គង់គ្រួសារ និងបានរួមចំណែកជួយដល់សេដ្ឋកិច្ចសង្គមរបស់ប្រទេសថៃ ផងដែរ។

ជាការឆ្លើយតបលោក វ៉ាន់មូហាម៉ាត់ណ មៈថា ប្រធានរដ្ឋសភាថៃ បានលើកឡើងពីវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលមានជាយូរលង់មកហើយ ក៏ដូចជាសមិទ្ធផលសំខាន់ៗស្តែងចេញពីទំនាក់ទំនងនេះ និងសង្ឃឹមយ៉ាងមុតមាំថា ទាំងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិនៃប្រទេសទាំងពីរ ដោយលោកប្រធានគណៈប្រតិភូបញ្ជាក់ឡើងវិញថា ថៃ និងកម្ពុជាគឺជាបងប្អូន។ ប្រទេសទាំងពីរ ជាអ្នកជិតខាងល្អ ជាមិត្តល្អ ដូចសុភាសិតបានលើកឡើងថា មានមិត្តល្អម្នាក់នៅជិត ប្រសើជាងមានមិត្តល្អ ១០នាក់ដែលនៅឆ្ងាយ។
លោកប្រធានគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាថៃ ក៏បានសំណូមពរឲ្យរដ្ឋសភាប្រទេសទាំងពីរ មានអនុស្សរណៈយោគយល់គ្នា ដូចរដ្ឋសភាកម្ពុជា មានជាមួយប្រទេសវៀតណាម និងប្រទេសផ្សេងៗទៀត ដើម្បីឲ្យកិច្ចសហប្រតិបត្តិការនៃសភាប្រទេសទាំងពីរកាន់តែល្អប្រសើរ និងគ្រប់ជ្រុងជ្រោយថែមទៀត។
លោកក៏បានគោរពអញ្ជើញសម្ដេច ឃួន សុដារី ប្រធានរដ្ឋសភា និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ទៅបំពេញទស្សកិច្ចនៅព្រះរាជាណាចក្រថៃ ដើម្បីមានឱកាសច្រើនថែមទៀតក្នុងការពិភាក្សាគ្នា អំពីកិច្ចសហប្រតិបត្តិការសភា និងការពិចារណាទៅលើការចុះអនុស្សារណៈរួមជាមួយគ្នា។
លោក វ៉ាន់មូហាម៉ាត់ណ មៈថា បានលើកឡើងទៀតថា លោក នឹងជួយជំរុញអ្នកវិនិយោគថៃឲ្យមកបណ្ដាក់ទុនកាន់តែច្រើននៅកម្ពុជា ព្រមទាំងលើកកម្ពស់សិទ្ធពលករខ្មែរ ដែលកំពុងធ្វការនៅប្រទេសថៃ និងមើលថែពួកគេ និងគ្រួសារ ដូចជាជាពលរដ្ឋថៃដែរ ដោយកូនចៅរបស់ពលករទាំងនោះ មានសិទ្ធិបានចូលសិក្សារៀនសូត្រ ដើម្បីក្លាយជាទំពាំងស្នងឫស្សីនាពេលអនាគតដែរ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


