Connect with us

ព័ត៌មានជាតិ

ស្ត្រីវ័យក្មេងដាំនិងកែច្នៃផ្លែដូងក្រអូប រកចំណូលបានចន្លោះពី ៣ ទៅ ៤ ពាន់ដុល្លារក្នុង ១ ខែ

បានផុស

នៅ

ផ្តើមចេញពីការចូលចិត្តទទួលទានទឹកដូង ស្រ្តីវ័យក្មេង​ម្នាក់​បានក្លាយជាម្ចាស់កសិដ្ឋាន​មួយ​កន្លែង ដែល​ដាំនិងកែច្នៃផ្លែដូងក្រអូប រហូតទទួលបានការគាំទ្រពីផ្សារទំនើបធំៗ​ក្នុងស្រុក​​ទទួលទិញ​លក់ចែកចាយដល់អតិថិជន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កញ្ញា កេង សុចិន្តា ម្ចាស់​កសិដ្ឋាន​កែច្នៃដូងនៅ​ស្រុកសំពៅលូន​ ខេត្តបាត់ដំបង​បានឲ្យដឹងថា មុនប្រឡូកក្នុងវិស័យកសិកម្មនេះ កញ្ញាបានឃើញប្រទេសជិតខាងបានដាំ និងកែច្នៃផ្លែដូងក្រអូបមានទីផ្សារទូលំទូលាយ។ ដោយសារឃើញ​ពី​ឱកាស​ស្រប​តាម​ចំណូលចិត្តទៀតនេះ ទើបកញ្ញា​សម្រេចចិត្តដាំដូងក្រអូបនិងរៀនពីរបៀបកែច្នៃផ្លែដូងបាន​យ៉ាងស្ទាតជំនាញ​។

ក្រោយពីបានសម្រេចតាមក្តីបំណង កញ្ញា សុចិន្តា បាន​រៀបចំ​កសិដ្ឋាន​ដាំ​ដុះ​ដូង​ក្រអូប​ដែលមានឈ្មោះថា (Daling farm)។ ដោយ​​ចាប់ផ្តើម​ដាំដូងក្រអូបនៅចុងឆ្នាំ ២០១៩ នៅលើផ្ទៃដី ៥ ហិកតា ហើយគិតមកដល់ពេលនេះបានរយះពេល ៤ ឆ្នាំ ដោយក្នុង ១ ហិកតាដាំបាន​ចំនួន​ ៤០០ ដើមសរុបទាំង ៥ ហិកតាបាន​ចំនួនជាង​ ២ ពាន់ដើម។

ការប្រមូលផលក្នុងឆ្នាំទីមួយបានចន្លោះពី ៧-៨ ពាន់ផ្លែ ក្នុង ១ ខែ និងឆ្នាំទី២ និងទី៣ ​បានកើន​ជាង ១ មុឺនផ្លែ។

កញ្ញា កេង សុចិន្តា បានឲ្យ​ដឹង​ថា ការ​ហុចទិន្នផល​បានច្រើនក៏​ត្រូវការ​ថែទាំ​ជាពិសេស​ត្រូវការ​ទឹកស្រោចស្រព​ឲ្យបាន​គ្រប់គ្រាន់ ហើយដាំ​​រយះ​ពេល ២ ឆ្នាំអាច​ប្រមូល​​ផលបាន​បណ្តើរៗ។

ម្ចាស់កសិដ្ឋានរូបនេះបន្តថា ដូងក្រអូបតម្រូវឲ្យចេះថែទាំដូចជា ការប្រើប្រាស់ទឹកឲ្យ​គល់​ដូង​ត្រជាក់ សំអាតគល់របស់ដូង ដើម្បីកុំឲ្យមានសត្វល្អិតសុីគល់ឫស​ជាដើម។

ផ្លែដូង​ស្រស់ក្នុង ១ ផ្លែ កញ្ញា កេង សុចិន្តា ​ប្រាប់​ថា អាច​លក់បាន​តម្លៃ ៣០០០ រៀល។ បើ​កែច្នៃតាមស្តង់ដា ១ ផ្លែ អាច​លក់បានរហូត​ដល់​ ៥៥០០ រៀល។

ដូងដែលកែច្នៃមានដូចជាដូងដុត ដូងរលីង (បកសំបក) ដូងចិតស្អាត និង ដូងអុក។ ចំណែកចំណូលក្នុង១ខែ ម្ចាស់​កសិដ្ឋាន​វ័យក្មេង​រូបនេះ​បង្ហើប​​ថា បានចន្លោះពី ៣ ទៅ ៤ពាន់ដុល្លារ សម្រាប់ប្រភេទផ្លែដូងកែច្នៃ។

បច្ចុប្បន្នកសិដ្ឋាន​របស់​កញ្ញា​ កេង សុចិន្តា​ បានចុះកុងត្រាជាមួយផ្សារ​ម៉ាក្រូខែមបូឌា និង តេឡាម៉ាត ខែមបូឌា និង តាមបណ្តាទីផ្សារផ្សេងៗក្នុងស្រុកជាច្រើនទៀត។

ដោយសារ​ទិន្នផលផ្លែដូងក្នុងកសិដ្ឋាន​មិនអាចបំពេញ​តម្រូវការលើទីផ្សារបានគ្រប់គ្រាន់ កញ្ញា កេង សុចិន្តា​ បាន​​បំផុសឲ្យកសិករដាំដូង​បន្ថែមដោយកញ្ញាជាអ្នកទទួលទិញយកមកកែច្នៃលក់បន្ត។

មន្ត្រីកសិកម្មខេត្តបាត់ដំបង​បានឲ្យដឹងថា ដំណាំដូងក្រអូបនៅក្នុងស្រុកសំពៅលូន មិនទាន់មានតួលេខផ្លូវការនោះទេ។ យ៉ាងណាមិញ កសិករក្នុងស្រុកបាន​នាំគ្នាបង្កើនការដាំដុះដូង​ដើម្បី​ឆ្លើយតបតាមតម្រូវការរបស់ទីផ្សារ៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម