ព័ត៌មានជាតិ
ក្រសួងមហាផ្ទៃ បំភ្លឺថា រាជរដ្ឋាភិបាល បានគិតគូរ ផ្គត់ផ្គង់ និងលើកទឹកចិត្តដល់សិស្ស-និស្សិតនគរបាលយ៉ាងសមស្របបំផុត
តបនឹងការផ្សព្វផ្សាយលើបណ្តាញសង្គមមួយចំនួនពាក់ព័ន្ធនឹងការទិញ-លក់ឯកសណ្ឋាន និងសម្ភាររបស់សិស្សនិស្សិតនគរបាលជាតិ ក្រសួងមហាផ្ទៃ បានចេញមកបំភ្លឺ និងអះអាងថា រាជរដ្ឋាភិបាលបានគិតគូរ ផ្គត់ផ្គង់ និងលើកទឹកចិត្តដល់សិស្ស-និស្សិតនគរបាលយ៉ាងសមស្របបំផុត តាមគោលការណ៍កំណត់។

ការបំភ្លឺរបស់ក្រសួងមហាផ្ទៃដូច្នេះ បន្ទាប់ពីក្រសួងបានសង្កេតឃើញថា មួយរយៈពេលកន្លងមកនេះ មានអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនបានបង្ហោះផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងការទិញ-លក់ឯកសណ្ឋាន ឯកសារសិក្សា និងសម្ភារៈហ្វឹកហាត់របស់និស្សិត និងសិស្សនគរបាល ដែលធ្វើឱ្យមានការយល់ច្រឡំពីសាធារណជនទូទៅ ជាពិសេសគឺប៉ះពាល់ដល់កិត្តិយសរបស់ក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាលកម្ពុជា។
ជុំវិញការផ្សព្វផ្សាយនេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ តាមសេចក្ដីបំភ្លឺរបស់ខ្លួន នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ បានបញ្ជាក់ថា និស្សិត-សិស្សនគរបាល ដែលបានប្រឡងជាប់ដោយចំណេះជំនាញ និងសមត្ថភាព មានកាតព្វកិច្ចត្រូវចូលសិក្សាហ្វឹកហាត់នៅបណ្ឌិត្យសភានគរបាលកម្ពុជា រយៈពេល៤ឆ្នាំ សម្រាប់ និស្សិតនគរបាល និងនៅតាមសាលានគរបាលជាតិភូមិភាគនានា រយៈពេល៤ខែ សម្រាប់សិស្សនគរបាល មុននឹងចេញទៅបម្រើការងារនៅតាមបណ្តាអង្គភាពនគរបាលនានា។

ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងរយៈពេលសិក្សា ក្រសួងមហាផ្ទៃបានលើកទឹកចិត្ត និងឧបត្ថម្ភអ្នកសិក្សា តាមរយៈការផ្តល់ជូនកន្លែងស្នាក់នៅ និងរបបអាហារប្រចាំថ្ងៃ។ តាមគោលការណ៍ច្បាប់ និស្សិត និងសិស្សនគរបាល ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ នឹងត្រូវតាំងស៊ប់ក្នុងក្របខណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា បំពាក់ឋានន្តរស័ក្តិ ផ្គត់ផ្គង់ឯកសណ្ឋាននគរបាល និងរបបឧបត្ថម្ភផ្សេងៗតាមគោលការណ៍កំណត់។
សេចក្ដីបំភ្លឺដដែល បានបញ្ជាក់ដែរថា ដើម្បីលើកកម្ពស់តម្លៃនិស្សិត និងសិស្សនគរបាល លើកកម្ពស់គុណភាពសិក្សាឱ្យមានលក្ខណៈឯកភាពគ្នា ក្រសួងមហាផ្ទៃ បានចេញប្រកាសលេខមួយ ដោយកំណត់ឱ្យនិស្សិត និងសិស្សនគរបាល ត្រូវស្លៀកពាក់ឯកសណ្ឋានដូចៗគ្នា រួមមាន ឯកសណ្ឋានសិក្សា ឯកសណ្ឋានហ្វឹកហាត់ ព្រមទាំងសម្ភារៈគាំទ្រការហ្វឹកហាត់ផ្ទាល់ខ្លួន ស្របតាមបច្ចេកទេសនៃជំនាញនគរបាល ដោយសម្លៀកបំពាក់ និងសម្ភារៈទាំងនេះ អ្នកសិក្សាត្រូវចូលរួមដោះស្រាយដោយខ្លួនឯង ស្របតាមគំរូដែលបានកំណត់។ ក្នុងករណីនេះ អ្នកនាំពាក្យ សង្កត់ធ្ងន់ថា នៅតាមបណ្តាប្រទេសមួយចំនួនក្នុងពេលបច្ចុប្បន្ន អ្នកសិក្សាត្រូវទទួលបន្ទុកដោះស្រាយដោយខ្លួនឯងដូចគ្នាផងដែរ។ ចំពោះឯកសារសិក្សា ជាទូទៅមិនថា នៅកម្ពុជា ឬបណ្តាប្រទេសផ្សេងៗ អ្នកសិក្សាជាអ្នកទទួលបន្ទុកដោយខ្លួនឯង។

ជារួម ក្រសួងមហាផ្ទៃ បានអះអាងថា រាជរដ្ឋាភិបាល តែងបានគិតគូរ ផ្គត់ផ្គង់ និងលើកទឹកចិត្តដល់និស្សិត និងសិស្សនគរបាលយ៉ាងសមស្រប។ លើសពីនេះ បន្ទាប់ពីនិស្សិត និងសិស្សនគរបាល បញ្ចប់ការសិក្សាដោយជោគជ័យ នឹងត្រូវបានតាំងស៊ប់ក្នុងក្របខណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា ហើយរាជរដ្ឋាភិបាល ក៏នឹងបន្តផ្គត់ផ្គង់ប្រាក់បៀវត្សរ៍ របបឧបត្ថម្ភ និងអត្ថប្រយោជន៍នានាជាច្រើនទៀត៕

-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


