ព័ត៌មានជាតិ
ព្រឹកនេះ សម្ដេច ហ៊ុន ម៉ាណែត អញ្ជើញទៅបំពេញទស្សនកិច្ចនៅសិង្ហបុរី ដើម្បីជួបមេដឹកនាំថ្មីរបស់ប្រទេសនេះ
នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃនៅទីនោះ។ សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា នឹងជួបជាមួយសមភាគីរបស់សម្ដេច គឺលោក ឡរ៉េន វ៉ុង ដែលទើបឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់សិង្ហបុរី។

ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវ័យក្មេងកម្ពុជា ទៅកាន់សិង្ហបុរីពេលនេះ អាចនិយាយបានថា ជាពេលវេលាដ៏មានសារសំខាន់នៃការពង្រឹងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងរវាងកម្ពុជា និងសិង្ហបុរី ដោយប្រទេសទាំងពីរនេះ ទើបតែមានការផ្លាស់ប្ដូរមេដឹកនាំថ្មីដូចគ្នា ពោល គឺបុរសខ្លាំងកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្រេចចុះចេញតំណែងនាយករដ្ឋមន្ត្រី ហើយប្រគល់អំណាចទៅឱ្យអ្នកជំនាន់ក្រោយ ខណៈបុរសខ្លាំងសិង្ហបុរី លោក លី សៀនឡុង ក៏បានប្រកាសចុះចេញពីតំណែងដែរ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ដោយប្រគល់អំណាចដឹកនាំប្រទេសបន្តទៅឱ្យលោក ឡរ៉េន វ៉ុង។
ក្រោយបានដឹកនាំរដ្ឋាភិបាលថ្មីរបស់សិង្ហបុរី បានរយៈពេលប្រមាណជាង៣០ថ្ងៃ នាយករដ្ឋមន្ត្រីថ្មីសិង្ហបុរី លោក ឡរ៉េន វ៉ុង បានអញ្ជើញសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការទៅកាន់សិង្ហបុរី រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤។ តបតាមការអញ្ជើញរបស់សមភាគីសិង្ហបុរី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅសិង្ហបុរី នៅព្រឹកថ្ងៃទី១៨ មិថុនានេះ ដោយមានវត្តមានអមដំណើរពីលោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស ព្រមទាំងមន្ត្រីសំខាន់ៗនៃរាជរដ្ឋាភិបាល និងតំណាងពីសភាពាណិជ្ជកម្មកម្ពុជា។

សម្តេចធិបតី នឹងមានជំនួបទ្វេភាគីជាមួយលោក ឡរ៉េន វ៉ុង នាយករដ្ឋមន្ត្រីសិង្ហបុរី ដែលក្នុងឱកាសនោះថ្នាក់ដឹកនាំទាំងពីរនឹងផ្លាស់ប្តូរទស្សនៈគ្នាអំពីមធ្យោបាយនានាក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងទ្វេភាគី និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ខណៈដែលប្រទេសទាំងពីរនឹងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំក្រោយ។ នាយករដ្ឋមន្ត្រីទាំងពីរ ក៏រំពឹងថា នឹងពិភាក្សាលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួម។ ក្រោយពីជំនួបពិភាក្សា នឹងមានការចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួន និងការប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវគម្រោងច្រករបៀងតម្លាភាពហិរញ្ញវត្ថុផងដែរ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។

ក្នុងឱកាសនៃទស្សនកិច្ចនេះ សម្តេចធិបតី ក៏នឹងជួបសម្តែងការគួរសមដោយឡែកពីគ្នាជាមួយលោក ថាមេន ស្ពានមូហ្គារ៉ាត់ណាម ប្រធានាធិបតី សិង្ហបុរី និងលោក លី សៀនឡុង ទេសរដ្ឋមន្ត្រីសិង្ហបុរី។ លើសពីនេះ សម្តេចធិបតី នឹងចូលរួមក្នុងវេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី ដែលមានការចូលរួមពីតំណាងរដ្ឋាភិបាល និងភាគីពាក់ព័ន្ធនានា ព្រមទាំងទស្សនាវិទ្យាស្ថានពហុបច្ចេកទេសណានយ៉ាង និងមជ្ឈមណ្ឌលនវានុវត្តន៍សម្រាប់ឧបករណ៍អេឡិចត្រូនិក និងអ៊ីនធឺណិត ហើយអញ្ជើញទស្សនាអាគារហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហ៊ុនឯកជនមួយរបស់សិង្ហបុរីថែមទៀត៕

-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?