ព័ត៌មានជាតិ
១ ទស្សវត្សរ៍ វិទ្យាស្ថានគរុកោសល្យរាជធានី បណ្ដុះបណ្ដាលគ្រូគុណភាព ជិត ១ ពាន់នាក់
បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ថ្លែងថា សមិទ្ធផល នៃកំណែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ អំឡុងមួយទស្សវត្សរ៍ ជាលទ្ធផលគិតមកត្រឹមឆ្នាំសិក្សា២០២២-២០២៣ នេះ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បានបញ្ចប់ការបណ្ដុះបណ្ដាលគ្រូបង្រៀនកម្រិតបឋមសិក្សា និងមូលដ្ឋាន សរុប ជិត ១ ពាន់នាក់។

ការថ្លែងនេះធ្វើឡើង ក្នុងឱកាស បណ្ឌិតសភាចារ្យ អញ្ជើញចូលរួមក្នុងពិធី ប្រគល់សញ្ញាបត្របរិញ្ញាបត្រអប់រំ ជូនដល់គរុនិស្សិតជំនាន់ទី២ គរុសិស្សជំនាន់ទី៣១ និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អន្តេវាសិកដ្ឋានគ្រូ នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ នេះ។

បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានរាយការណ៍ជូន សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ព្រមទាំងអង្គពិធីទាំងមូលអំពី សមិទ្ធផល នៃកំណែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ ក្នុងអំឡុងមួយទស្សវត្សរ៍ ជាលទ្ធផល គិតមកត្រឹមឆ្នាំសិក្សា២០២២-២០២៣ នេះ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បានបញ្ចប់ការបណ្ដុះបណ្ដាលគ្រូបង្រៀនសម្រាប់កម្រិតបឋមសិក្សា សរុប ៤១៨ នាក់ ស្រី ៣៤៤ នាក់ និងគ្រូបង្រៀនកម្រិតមូលដ្ឋានសរុប ៤៧២ នាក់ ស្រី ២៧៤នាក់ និងបានផ្ដល់កម្មវិធីលើកកម្ពស់គុណវុឌ្ឍិដល់គ្រូឧទ្ទេសមកពីសាលាគរុកោសល្យចំនួន ៦៧នាក់ ស្រី ៣២ នាក់។ បច្ចុប្បន្ន គរុនិស្សិតកំពុងបន្តការសិក្សាឆ្នាំទី៣ សរុប ២៤៩នាក់ ស្រី ១៨៤នាក់។

បន្ទាប់ពីស្តាប់របាយការណ៍ខាងលើ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានចូលរួមអបអរសាទរដល់គរុនិស្សិតជ័យលាភីដែលនឹងត្រូវទទួលសញ្ញាបត្រវិជ្ជាជីវៈគ្រូបង្រៀននៅថ្ងៃនេះ សរុប ២៦៦ នាក់ ក្នុងនោះគរុនិស្សិតថ្នាក់បរិញ្ញាបត្រ (១២+៤) ចំនួន ២៤៣ នាក់ ស្រី ១៧២ នាក់ និងគរុសិស្ស (១២+២) ចំនួន ២៣ នាក់ ស្រី ០៩ នាក់ និងបានកោតសរសើរចំពោះវឌ្ឍនភាព និងសមិទ្ធផលនៃការបណ្តុះបណ្តាលនៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ដែលរាប់ តាំងពីការដំឡើងឋានៈពី មជ្ឈមណ្ឌលគរុកោសល្យភូមិភាគរាជធានីភ្នំពេញ (អូរបែកក្អម) ទៅជា វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងការដំឡើងកម្រិតបណ្តុះបណ្តាលពីការបណ្តុះបណ្តាលគ្រូអប់រំមូលដ្ឋាន (១២+២) ទៅជាកម្រិតបរិញ្ញាបត្រអប់រំ (១២+៤)។

ជាមួយនេះដែរ សម្តេចមហាបវរធិបតី ក៏បានកោតសរសើរក្រសួងអប់រំ យុវជន និងកីឡា ដែលបានដាក់ចេញនូវផែនការ គោលនយោបាយ និងកម្មវិធីកំណែទម្រង់វិស័យអប់រំ ដើម្បីធានាបាននូវប្រសិទ្ធភាព និងគុណភាពខ្ពស់នៃការបណ្តុះបណ្តាលគ្រូបង្រៀននៅកម្ពុជា ក៏ដូចជាថ្លែងអំណរគុណដល់ការចូលរួមយ៉ាងសកម្មរបស់ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូឧទ្ទេស និងការប្តេជ្ញាចិត្តខ្ពស់របស់គរុនិស្សិត និងការចូលរួមគាំទ្រពីសំណាក់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍។

សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជានឹងបន្តផ្តល់អាទិភាពក្នុងការជ្រើសរើសគ្រូបង្រៀន ទាំងគ្រូបង្រៀនមានក្របខ័ណ្ឌ និងគ្រូបង្រៀនកិច្ចសន្យាបច្ចេកទេស ដើម្បីបំពេញបន្ថែមនូវតម្រូវការគ្រូបង្រៀន និងប្រកបដោយគុណភាព ការកៀរគរ និងការផ្តល់ធនធានបន្ថែមទៀតសម្រាប់គាំទ្រដល់ការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន និងការអនុវត្តកំណែទម្រង់សាលារៀន៕




-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


