Connect with us

ព័ត៌មានជាតិ

គម្រោងសាងសង់ផ្លូវជាតិលេខ ៧១C សម្រេចលទ្ធផល១០០% ត្រៀមដាក់សម្ពោធឆាប់ៗនេះ

បានផុស

នៅ

ផ្លូវជាតិលេខ ៧១C ប្រវែង ១១៤,៦២គីឡូម៉ែត្រ អមដោយទេសភាពបៃតងខ្ចី(ចាប់ពីផ្លូវជាតិលេខ៧ ចំណុច PK១៥០+៧០០ ក្នុងខេត្តត្បូងឃ្មុំ ទៅដល់ផ្លូវជាតិលេខ ៧១ ចំណុច PK៣០+៤០០ ខេត្តកំពង់ចាម) សម្រេចបានលទ្ធផល១០០% ត្រៀមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការឆាប់ៗនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្លូវជាតិលេខ៧១C ត្រូវបានសាងសង់ដោយក្រុមហ៊ុនសៀងហៃគ្រុប( SCG) និងទីប្រឹក្សាបច្ចេកទេសដោយក្រុមហ៊ុន ក្វាងចូវ វ៉ាងអាន ប្រើប្រាស់ហិរញ្ញប្បទានថវិកាពីសាធារណរដ្ឋប្រជាមានិតចិន។ ផ្លូវជាតិដ៏សំខាន់នេះ ជាប្រភេទ AC/DBST ចុះកិច្ចសន្យាសាងសង់ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០, ចាប់ផ្តើមសាងសង់នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ និងកាលបរិច្ឆេទបញ្ចប់ការសាងសង់ ត្រឹមថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤ ដែលមានរយៈពេលសាងសង់៤២ខែ និងរយៈពេលថែទាំ(ក្នុងកិច្ចសន្យា) ២៤ខែ។

បើទោះបីជាការសាងសង់សម្រេចបាន ១០០% ប៉ុន្តែក្រុមការងារកំពុងបន្តប្រឹងប្រែងតាមដានយ៉ាងយកចិត្តទុកដាក់លើដំណើរបញ្ចប់ការគូសសំនូសចរាចរណ៍លើដងផ្លូវ ការងារបំពាក់ផ្លាកសញ្ញាចរាចរណ៍ ការងារដាំបង្គោលគីឡូម៉ែត្រ និងកិច្ចការដាំស្មៅបន្តទៀត។

បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន លោករដ្ឋមន្រ្តី ប៉េង ពោធិ៍នា តែងតែជំរុញឱ្យមន្រ្តីជំនាញដែលទទួលបន្ទុកគម្រោងនេះ ខិតខំប្រឹងប្រែងធ្វើឱ្យកាន់តែប្រសើរឡើង និងបំពេញចន្លោះខ្វះខាតដែលនៅសេសសល់តិចតួច ដើម្បីឈានទៅដល់ការសម្រេចលទ្ធផលជារួម និងត្រៀមសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនាពេលបន្ទាប់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម