ព័ត៌មានជាតិ
ព្រឹកថ្ងៃទី៣១ កក្កដា ព្រឹទ្ធសភា នឹងបើកសម័យប្រជុំពេញអង្គ ដើម្បីពិនិត្យឱ្យយោបល់លើសេចក្ដីព្រាងច្បាប់មួយ
នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ស្អែកនេះ ព្រឹទ្ធសភាកម្ពុជា នឹងបើកសម័យប្រជុំពេញអង្គ ដើម្បីពិនិត្យឱ្យយោបល់ លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីឯកភាវូបនីយកម្មនៃវិធានមួយចំនួនពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស។

សម័យប្រជុំជាវិសាមញ្ញនេះ បានកំណត់ដោយគណៈកម្មាធិការអចិន្ត្រៃយ៍នៃព្រឹទ្ធសភា នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នាព្រឹកថ្ងៃទី៣០ ខែកក្កដានេះ ក្រោមអធិបតីរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា។ កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ បានពិនិត្យ សម្រេចលើសំណើរបស់គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរ ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីឯកភាវូបនីយកម្មនៃវិធានមួយចំនួនពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស ទៅក្នុងរបៀបវារៈប្រជុំព្រឹទ្ធសភាជាវិសាមញ្ញនីតិកាលទី៥ និងការកំណត់របៀបវារៈ កាលបរិច្ឆេទ និងសមាសភាពលេខាធិការសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥។

តាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា គឺបន្ទាប់ពីបានពិនិត្យ ពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង៨:៣០នាទីព្រឹក ដើម្បីប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ ដោយមានរបៀបវារៈតែមួយ គឺពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីឯកភាវូបនីយកម្មនៃវិធានមួយចំនួនពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស។
ជាការកត់សម្គាល់ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីឯកភាវូបនីយកម្មនៃវិធានមួយចំនួនពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស ត្រូវបានរដ្ឋសភាអនុម័តទាំងស្រុង កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤។ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីឯកភាវូបនីយកម្មនៃវិធានមួយចំនួនពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស មាន៣មាត្រា។

រាជរដ្ឋាភិបាលបានរៀបចំសេចក្តីព្រាងច្បាប់នេះឡើង ស្របតាមអនុសញ្ញាស្តីពីឯកភាវូបនីយកម្មនៃវិធានមួយចំនួនពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស ហៅថា អនុសញ្ញាម៉ុងរ៉េអាល់ឆ្នាំ១៩៩៩ ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៩ នៅទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា នៅក្នុងឱកាសសន្និសីទអន្តរជាតិស្តីពីច្បាប់ដឹកជញ្ជូនតាមផ្លូវអាកាសពីថ្ងៃទី១០ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៩ ហើយបានចូលជាធរមាននៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ ២០០៣។ បើគិតត្រឹមខែកក្កដា ឆ្នាំ២០២៣ រដ្ឋភាគីបានផ្តល់សច្ចាប័នរួចរាល់មានចំនួន ១៣៩ប្រទេសហើយ។
ការផ្តល់សច្ចាប័នអនុសញ្ញាម៉ុងរ៉េអាល់ឆ្នាំ១៩៩៩ កម្ពុជានឹងទទួលបានអត្ថប្រយោជន៍ ដូចជាកិច្ចសហប្រតិបត្តិការល្អរបស់កម្ពុជាជាមួយអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ សមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ និងដើម្បីលើកកម្ពស់កេរ្តិ៍ឈ្មោះកម្ពុជាលើឆាកអន្តរជាតិ និងបើកឱកាសកាន់តែច្រើនសម្រាប់កម្ពុជាក្នុងការចូលរួមដោយផ្ទាល់ក្នុងយន្តការដឹកនាំរបស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ។ មួយវិញទៀត គឺការទាក់ទាញវិនិយោគ និងកំណើនសេដ្ឋកិច្ច ទេសចរណ៍ ការងារចំនួនអ្នកធ្វើដំណើរតាមផ្លូវអាកាស ព្រមទាំងការតភ្ជាប់វប្បធម៌រវាងប្រជាជន និងប្រជាជន និងផ្តល់ទំនុកចិត្តកាន់តែខ្ពស់ដល់អ្នកធ្វើដំណើរតាមផ្លូវអាកាស និងសហគ្រាសដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាសជាដើម៕

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


