ព័ត៌មានជាតិ
កម្ពុជា-ឡាវ-ថៃ ប្តេជ្ញាកម្ចាត់អំពើពុករលួយឆ្លងដែនរួមគ្នា ក្នុងនាមជាអ្នកជិតខាងល្អ
ស្ថាប័នប្រឆាំងអំពើពុករលួយកម្ពុជា ឡាវ ថៃ ប្តេជ្ញាកម្ចាត់អំពើពុករលួយឆ្លងដែនរួមគ្នាក្នុងនាមជាដៃគូល្អ អ្នកជិតខាងល្អ និងជាមិត្តល្អ។ ការប្ដេជ្ញានេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំស្ថាប័នប្រឆាំងអំពើពុករលួយនៃប្រទេសទាំង៣នេះ នៅខេត្តសៀមរាប នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០២៤។

ស្ថាប័នប្រឆាំងអំពើពុករលួយនៃប្រទេសទាំង៣នេះ រួមមាន អង្គភាពប្រឆាំងអំពើពុករលួយរបស់កម្ពុជា (ACU) អាជ្ញាធរអធិការកិច្ចរដ្ឋឡាវ (SIA) និងគណៈកម្មការប្រឆាំងអំពើពុករលួយថៃ (NACC) ដែលជាតួអង្គដ៏សំខាន់ និងជាដៃគូយុទ្ធសាស្ត្របានប្តេជ្ញាចិត្តមុតមាំរបស់ខ្លួនក្នុងការបង្ក្រាបអំពើពុករលួយឆ្លងដែន។
លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានលើកឡើងថា មេរៀនដែលបានសិក្សាឆ្លងកាត់រយៈពេលជាច្រើនឆ្នាំ បានបង្ហាញថា ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ មិនមែនគ្រាន់តែជាការអនុម័តបទប្បញ្ញត្តិ និងច្បាប់ ក៏ដូចជាការអនុវត្តបទប្បញ្ញតិ្ត និងច្បាប់ទាំងនោះប៉ុណ្ណោះទេ គឺក៏ទាមទារពេលវេលា និងការខិតខំប្រឹងប្រែងជាច្រើនដែលមានយុទ្ធសាស្ត្រចាំបាច់ពីរ គឺការអប់រំ និងទប់ស្កាត់ ក្នុងគោលបំណងរួម ដើម្បីធ្វើឱ្យសង្គមមានអំពើពុករលួយតិចជាងមុន និងចុងក្រោយគឺរួចផុតពីអំពើពុករលួយ។

ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានបញ្ជាក់ទៅកាន់កិច្ចប្រជុំ ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ឆ្នាំ២០២៣-២០២៨ ដែលមានការងារប្រឆាំងអំពើពុករលួយជាស្នូលសំខាន់មួយ តាមរយៈការបន្តធ្វើកំណែទម្រង់ និងពង្រឹងអភិបាលកិច្ចល្អ ជាពិសេសលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលស្អាតស្អំ។
លោក វិល័យវ៉ាន់ ប៊ុតដាខាំ អនុប្រធានអាជ្ញាធរអធិការកិច្ចរដ្ឋឡាវ បានគាំទ្រការលើកឡើងរបស់លោក ឱម យ៉ិនទៀង ពាក់ព័ន្ធនឹងសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការនៅក្នុងក្របខណ្ឌត្រីភាគីនេះ។ លោក បានបញ្ជាក់ថា កិច្ចប្រជុំនេះបានផ្ដល់នូវឱកាសសម្រាប់ការពិភាក្សា ផ្លាស់ប្ដូរចំណេះដឹង និងបទពិសោធន៍រួមស្ដីពីការបង្ការ ទប់ស្កាត់ និងប្រឆាំងអំពើពុករលួយ ដែលជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆ្លងដែន ការចែករំលែកឧត្ដមានុវត្តន៍ពីការប្រឆាំងអំពើពុករលួយតាមរយៈការអប់រំ បង្ការទប់ស្កាត់ ជាពិសេសក្នុងការផ្ដល់សេវាសាធារណៈ។

ដោយឡែក លោក Eakawit Wajjwalku ស្នងការគណៈកម្មការប្រឆាំងអំពើពុករលួយថៃ ក៏បានបង្ហាញការតាំងចិត្តរបស់ខ្លួនក្នុងការប្ដេជ្ញាចិត្តដើម្បីប្រយុទ្ធប្រឆាំងអំពើពុករលួយ ការបង្ក្រាបអំពើពុករលួយឆ្លងដែន ប្រតិបត្តិការហិរញ្ញវត្ថុខុសច្បាប់ ជាដើម ដែលទាំងនេះត្រូវការការគាំទ្រ និងកិច្ចសហប្រតិបត្តិការរវាងគ្នាទៅវិញទៅមក។
លោក បញ្ជាក់ថា គណៈកម្មការប្រឆាំងអំពើពុករលួយថៃ បានត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយភាគីកម្ពុជា និងឡាវ ដើម្បីធានាការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយឆ្លងដែននេះ ស្របតាមដែនសមត្ថកិច្ចនៃប្រទេសរៀងៗខ្លួន។

ជារួម ស្ថាប័ននៃប្រទេសទាំង៣នេះ បានឯកភាពឱ្យមានការផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមក ពីព្រោះមានព័ត៌មាន ទើបមានកិច្ចសហប្រតិបត្តិការល្អ ហើយបានចាត់ទុកព័ត៌មានជាអំណាច ព្រមទាំងការជំរុញឱ្យមានការបណ្តុះបណ្តាលមន្ត្រីផងដែរ៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា