Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីលើកទឹកចិត្តឱ្យទូតឡាវធ្វើការជាមួយភាគីពាក់ព័ន្ធ ដើម្បីពង្រឹង ពង្រីកវិស័យការពារជាតិ អគ្គិសនី ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន

បានផុស

នៅ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លើកទឹកចិត្តឯកអគ្គរដ្ឋទូតឡាវប្រចាំកម្ពុជា ធ្វើការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ រួមមាន ពាណិជ្ជកម្ម សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន កសិកម្ម ថាមពលអគ្គីសនី ការពារជាតិ និងសន្តិសុខ។ ការលើកទឹកចិត្តបែបនេះ ធ្វើឡើងក្នុងពេលសម្ដេច ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យលោកSonexay Vannaxay ឯកអគ្គរដ្ឋឡាវប្រចាំកម្ពុជាចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព កាលពីរសៀលថ្ងៃទី១១ ខែឧសភា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងជំនួបនោះ ឯកអគ្គរដ្ឋទូតឡាវប្រចាំ បានសម្តែងការពេញចិត្ត និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ស្អិតរមួតលើគ្រប់វិស័យ រវាងឡាវ និងកម្ពុជា ព្រមទាំងបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការបន្តពង្រឹង “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង” ដើម្បីផលប្រយោជន៍រួមនៃប្រទេសទាំងពីរ។

ឯកអគ្គរដ្ឋទូតឡាវបានប្តេជ្ញាខិតខំជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំថែមទៀត លើគ្រប់វិស័យ ព្រមទាំងជំរុញការអនុវត្តកិច្ចព្រមព្រៀងទ្វេភាគីនានា ដើម្បីជាផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

ជាការឆ្លើយតប សម្ដេចធិបតីមានជំនឿជឿជាក់ថា ឯកអគ្គរដ្ឋទូតថ្មីរបស់ឡាវប្រចាំកម្ពុជា នឹងចូលរួមចំណែកបន្ថែមទៀតក្នុងការពង្រឹង និងពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមិត្តភាពរវាងប្រទេសទាំងពីរ ឱ្យកាន់តែជិតស្និទ និងស៊ីជម្រៅបន្ថែមទៀត នៅក្នុងអាណត្តិការទូតរបស់លោក។ សម្ដេចធិបតីបានសម្ដែងនូវការពេញចិត្តចំពោះភាពរីកចម្រើននៃទំនាក់ទំនងនៃប្រទេសទាំងពីរ ព្រមទាំងបានគូសបញ្ជាក់ផងដែរថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសឡាវលើគ្រប់វិស័យ។

កម្ពុជា​-ឡាវ​ មាន​ព្រំដែន​ជាប់គ្នា​សរុប​ប្រមាណ ៥៤០ គីឡូម៉ែត្រ ក្នុង​នោះ​ខ្សែ​ព្រំដែន​ដើរ​តាម​ដីគោក​មាន​ប្រវែង​ ៣៣៥ គីឡូម៉ែត្រ និង​ខ្សែ​ព្រំដែន​ដើរ​តាម​ផ្លូវទឹក​មាន​ប្រវែង​ ២០៥ គីឡូម៉ែត្រ​។កម្ពុជា​មាន​ខេត្ត​ចំនួន ៣ ជាប់​​ជាមួយ​ឡាវ​រួម​មាន ខេត្ត​ព្រះវិហារ ខេត្ត​ស្ទឹងត្រែង និង​ខេត្ត​រតនគិរី។ តាមរយៈកិច្ចព្រមព្រៀង​ស្ដី​ពី​ការ​ដឹកជញ្ជូន​កសិផល​ (Transit)   ឡាវបានបើកផ្លូវគោករបស់ខ្លួនឱ្យកម្ពុជាដឹកកសិកផលឆ្លងកាត់ឆ្ពោះទៅកាន់ទីផ្សារចិនបាន។ វិស័យសន្តិសុខ និងការពារជាតិកម្ពុជា-ឡាវ ត្រូវបានគេកត់សម្គាល់ឃើញថាមានភាពវិជ្ជមាន។

តាមរយៈជំនួបកាលពីខែកុម្ភៈ ឆ្នាំ២០២៦ ថ្នាក់ដឹកនាំកម្ពុជា និងឡាវ បានឯកភាពលើកិច្ចខិតខំជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យកើនឡើងឈានដល់គោលដៅ ៧០០ លានដុល្លារអាមេរិក ត្រឹមឆ្នាំ២០៣០ និងពន្លឿនការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន សំដៅសម្រួលដល់ការដឹកជញ្ជូនទំនិញទៅវិញទៅមក៕

ដោយ៖ ង៉ិល ណារ៉ាត់​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម