ព័ត៌មានជាតិ
ស្វែងយល់ពីនីតិវិធី ៦ចំណុចរបស់ក្រសួងការងារ ដើម្បីធ្វើការនៅប្រទេសថៃដោយស្របច្បាប់
នៅថ្ងៃទី២៧ ខែសីហានេះ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញនីតិវិធីចំនួន ៦ចំណុចរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អំពីការទៅធ្វើការងារនៅប្រទេសថៃដោយស្របច្បាប់ និងទទួលបានអត្ថប្រយោជន៍ពេញលេញពីនិយោជក។

លោករដ្ឋលេខាធិការបានគូសបញ្ជាក់ថា នីតិវិធីទាំង ៦មានដូចជា៖
ទី១. សម្រាប់ការចុះឈ្មោះស្វែងរកការងារធ្វើ៖ បេក្ខជនត្រូវមានអាយុចាប់ពី១៨ ឆ្នាំឡើង, មានប្រវត្តិរូបសង្ខេប,អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ, សំបុត្រកំណើត, សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ, រូបថត(ផ្ទៃស)។
ទី២ សម្រាប់ការសម្ភាស និងចុះកិច្ចសន្យាការងារ៖ បេក្ខជនត្រូវសម្ភាសជាមួយទីភ្នាក់ងារជ្រើសរើសឯកជន, ត្រូវធ្វើកិច្ចសន្យាសេវារកការងារឱ្យធ្វើជាមួយទីភ្នាក់ងារជ្រើសរើសឯកជន, បេក្ខជននឹងទទួលបានការណែនាំអំពីកិច្ចសន្យាការងារស្តង់ដារវាងពលករ និងនិយោជកថៃពីទីភ្នាក់ងារជ្រើសរើសឯកជន។
ទី៣ មុនចេញដំណើរ៖ បេក្ខជនត្រូវចុះបញ្ជិការកិច្ចសន្យាសេវារកការងារឱ្យធ្វើនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ត្រូវមានកិច្ចសន្យាការងារជាមួយនិយោជកថៃ, មានប័ណ្ណពលករកម្ពុជាទៅធ្វើការនៅបរទេស (OCWC), មានលិខិតឆ្លងដែន(Passport) ឬលិខិតធ្វើដំណើរពលករកម្ពុជាធ្វើការនៅបរទេស(TD), មានលិខិតអនុញ្ញាតឱ្យប្រើប្រាស់កម្លាំងពលកម្មបរទេស(Demand Letter) ចេញដោយក្រសួងការងារថៃ, មានបញ្ជីឈ្មោះពលករកម្ពុជា(Cambodian Name List) ចេញដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ត្រូវរៀបចំបណ្ណអនុញ្ញាតការងារ(Work Permit), ត្រូវមានទិដ្ឋាការងារចេញដោយស្ថានទូតថៃប្រចាំកម្ពុជា, បេក្ខជនទទួលបានការណែនាំតម្រង់ទិសមុនចេញដំណើរ។
ទី៤ មុនពេលបំពេញការងារ៖ បេក្ខជនទទួលបានការណែនាំតម្រង់ទិសមុនចូលធ្វើការពេលទៅដល់ប្រទេសថៃ ដោយរាជរដ្ឋាភិបាលថៃនៅមជ្ឈមណ្ឌលណែនាំតម្រង់ទិសក្រោយពេលទៅដល់ និងសមាហរណកម្ម ដើម្បីយល់ដឹងអំពីលក្ខខណ្ឌការងារ ទំនៀមទម្លាប់រស់នៅ និងការស្វែងរកការអន្តរាគមន៍ពេលមានបញ្ហា, ពិនិត្យសុខភាពពេលទៅដល់ប្រទេសថៃ, មានធានារ៉ាប់រងការងារ, មានបណ្ណអនុញ្ញាតការងារ (Work Permit), ចូលធ្វើការស្របតាមកិច្ចសន្យាការងារ។
ទី៥ អំឡុងពេលបំពេញការងារ៖ ពលករត្រូវអនុវត្តទៅតាមកិច្ចព្រមព្រៀង និងលក្ខខណ្ឌការងារជាមួយនិយោជកថៃ ដូចបានកំណត់ក្នុង “កិច្ចសន្យាការងារ”។
ទី៦ ការធ្វើមាតុភូមិនិវត្តន៍៖ និយោជកត្រូវជូនដំណឹងទៅអាជ្ញាធរមូលដ្ឋានមុនពេលពលករវិលត្រលប់មកប្រទេសកម្ពុជាវិញ, និយោជកត្រូវចេញលិខិតបញ្ជាក់ការងារជូនពលករ, ទីភ្នាក់ងារជ្រើសរើសឯកជនត្រូវធ្វើរបាយការណ៍អំពីការវិលត្រលប់របស់ពលករមកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ពលករត្រូវស្នើសុំទូទាត់ប្រាក់បំណាច់ និងអត្ថប្រយោជន៍ផ្សេងៗ។

បន្ថែមពីនីតិវិធីនេះ លោករដ្ឋលេខាធិការ ក៏បានបញ្ជាក់ដែរថា ដំណើរការឯកសារមានរយៈពេល៤១ថ្ងៃសម្រាប់ពលករប្រើប្រាស់លិខិតធ្វើដំណើរពលករកម្ពុជាធ្វើការនៅបរទេស(TD) និងរយៈពេល ៥៤ថ្ងៃ សម្រាប់ពលករប្រើប្រាស់លិខិតឆ្លងដែន(Passport)។ ករណីបេក្ខជន ឬពលករមានចម្ងល់ សូមទំនាក់ទំនងមកកាន់ប្រព័ន្ធ Hotline លេខ ១២៩៧ ឬ ១២៨៦ និងប្រព័ន្ធទូរសព្ទរបស់អនុព័ន្ធការងារអមស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃតាមរយៈលេខ +៦៦(០) ៩៤០៩២៥៩០៥, +៦៦ (០) ៩៤៤១៦៥៥១៨។

គួរបញ្ជាក់ថា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៤ កម្ពុជាបានបញ្ជូនពលករទៅធ្វើការនៅប្រទេសថៃ មានចំនួនជាង ១,២លាននាក់ (ស្រីជាង ៥០ម៉ឺននាក់)។ ជាគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបញ្ជូនពលករកម្ពុជាទៅធ្វើការនៅក្រៅប្រទេសនេះ ពលករទាំងអស់នឹងទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗតាមច្បាប់នៃប្រទេសទទួលនីមួយៗ។ ជារៀងរាល់ឆ្នាំ ពលករធ្វើការនៅក្រៅប្រទេស បានផ្ញើប្រាក់មកក្រុមគ្រួសារជាមធ្យមមានចំនួនសរុបប្រមាណជាង ២,៩ពាន់លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំៗ ដែលទាំងនេះមិនត្រឹមតែជួយទ្រទ្រង់សេដ្ឋកិច្ចគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែក៏បានចូលរួមចំណែកយ៉ាងច្រើនដល់សេដ្ឋកិច្ចជាតិទាំងមូលផងដែរ៕

-
កីឡា១៣ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៧ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៧ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៥ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


