ព័ត៌មានជាតិ
កម្ពុជា កំពុងប្រឹងប្រែងកសាងប្រភព និងបណ្ដាញអគ្គិសនី ខណៈតម្រូវការផ្គត់ផ្គង់កាន់តែច្រើន
ប្រទេសកម្ពុជា បាននិងកំពុងតែប្រឹងប្រែងកសាងប្រភពថាមពល និងបណ្ដាញអគ្គិសនីនៅតាមតំបន់ដែលមានសក្ដានុពល ដើម្បីបំពេញទៅតាមសេចក្តីត្រូវការប្រើប្រាស់ និងផ្គត់ផ្គង់កាន់តែច្រើនពី ១ ឆ្នាំ ទៅ ១ ឆ្នាំ។ នេះបើតាមការបញ្ជាក់របស់លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។

កាលពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៤ ក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រផលិតអគ្គិសនីដើរដោយឧស្ម័នធម្មជាតិអនុភាព ៩០០ មេហ្គាវ៉ាត់ នៅឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង លោក កែវ រតនៈ បានឱ្យដឹងថា ប្រសិនបើកម្ពុជាមិនប្រឹងកសាងហេដ្ឋារចនាសម្ព័ន្ធថាមពលអគ្គិសនីនោះ នឹងជួបបញ្ហាច្រើន ពិសេសដំណើរការអភិវឌ្ឍន៍សង្គមជាតិ និងការកៀរគរអ្នកវិនិយោគទុន។
លោករដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បន្ថែមទៀតថា កម្ពុជាត្រូវការអគ្គិសនី ៧០ ភាគរយ ដែលបានមកពីថាមពលស្អាតពីរោងចក្រឧស្ម័នធម្មជាតិ ៩០០ មេហ្គាវ៉ាត់ ដោយសំដៅធ្វើយ៉ាងណាធានារក្សាស្ថិរភាពតម្លៃអគ្គិសនី កិច្ចដំណើរការអភិវឌ្ឍន៍វិស័យឧស្សាហកម្ម និងទាក់ទាញការវិនិយោគទុនពីបរទេស។

បើតាមលោក កែវ រតនៈ កម្ពុជារក្សាអគ្គិសនីមិនដាច់នោះទេ ពិសេសចង់បានប្រភពបៃតងមកកែច្នៃធ្វើជាអគ្គិសនី ហើយបញ្ចុះតម្លៃលក់ដល់ប្រជាពលរដ្ឋ ព្រមទាំងដល់ក្រុមហ៊ុនឯកជនទៀតផង។ ជាក់ស្ដែង រាជរដ្ឋាភិបាលអាណត្តិទី ៧ នេះ បានដាក់គោលនយោបាយ និងកញ្ចប់ថវិកាជាច្រើនក្នុងគោលបំណងកសាងបណ្ដាញអគ្គិសនីឱ្យបានគ្រប់គ្រាន់តាមតម្រូវការទៅអនាគត ពិសេសប្រភពថាមពលដោយផលិតចេញពីការដុតឧស្ម័នធម្មជាតិ។
លោក Thomas Pianka នាយកក្រុមហ៊ុន Royal Group Power Co.,Ltd និយាយថា រោងចក្រថាមពលអគ្គិសនីដើរដោយឧស្ម័នធម្មជាតិនេះ ហៅកាត់ថា LNG មានអនុភាព ៩០០ មេហ្គាវ៉ាត់ ខ្នាតធំបំផុតរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដោយបោះទុនវិនិយោគតម្លៃប្រមាណ ១.៣៤១ លានដុល្លារ។

លោកនាយកក្រុមហ៊ុន Royal Group Power Co.,Ltd បន្តថា រោងចក្រអគ្គិសនីដើរដោយឧស្ម័នធម្មជាតិនេះដែរ នឹងបញ្ចូលនូវឧបករណ៍ផលិតថាមពលជំនាន់ F-Class ចំនួន ២ ចុងក្រោយ និងមានប្រសិទ្ធភាពខ្ពស់រួមបញ្ចូលគ្នាឧស្ម័ន-ចំហាយទឹក ដែលមានថាមពលសុទ្ធ ៤៥០MW។ ក្នុងនោះលោកជាដឹកនាំក្រុមហ៊ុនរោងចក្រផលិតថាមពលធំបំផុតតែមួយគត់របស់កម្ពុជា រោងចក្រនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចកាន់តែរីកចម្រើនទ្វេទៅអនាគត។
យោងតាមការព្យាករណ៍របស់អាជ្ញាធរអគ្គិសនីកម្ពុជា បង្ហាញថា ប្រសិនបើរោងចក្រនេះដំណើរការវានឹងតំណាងឱ្យ ១៨ ភាគរយ នៃសមត្ថភាពផលិតថាមពលសរុបក្នុងស្រុក ហើយនឹងផលិតបានស្មើនឹង ២៦ ភាគរយ នៃទិន្នផលក្នុងស្រុករបស់កម្ពុជា។ ជាក់ស្ដែងរោងចក្រនេះ ជារោងចក្រថាមពលប្រើហ្កាសដំបូងគេបង្អស់នៅកម្ពុជា ដោយតម្រូវឱ្យមានការនាំចូលឧស្ម័នធម្មជាតិរាវពីបរទេស។

សម្រាប់លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានស្វាគមន៍ចំពោះការសាងសង់រោងចក្រផលិតអគ្គិសនីឧស្ម័នធម្មជាតិនៅពេលនេះ ដោយលោកស្រីយល់ថា ថាមពលអគ្គិសនី ជាអាទិភាពគន្លឹះទី ៤ របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី ៧ នេះ ដោយវិស័យថាមពលមិនត្រឹមតែជាផលិតផលមួយសម្រាប់តែការបំពេញតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋនោះទេ ប៉ុន្តែវាក៏ជាផលិតផលមួយដ៏ចាំបាច់បំផុតជំរុញឱ្យការអភិវឌ្ឍសេដ្ឋកិច្ចគ្រប់វិស័យកាន់តែរីកចម្រើន៕
អត្ថបទ ៖ សិរីវឌ្ឍនៈ





-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


