ព័ត៌មានជាតិ
គម្រោងអគារជាប់គាំង ៨៥ គម្រោង នៅខេត្តព្រះសីហនុ ទទួលបានការលើកទឹកចិត្តពិសេសជំរុញអភិវឌ្ឍបន្ត
គិតត្រឹមខែ តុលា ឆ្នាំ ២០២៤ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានឯកភាពជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេសចំពោះគម្រោងអគារជាប់គាំងចំនួន ៨៥ គម្រោង នៅខេត្តព្រះសីហនុ ដើម្បីអាចចាប់ផ្តើមដំណើរការអភិវឌ្ឍបន្តទៀត។

កាលពីម្សិលមិញនេះ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុដឹកនាំដោយ លោក ហ៊ាន សាហ៊ីប ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំលើកទី ១១ ដើម្បីពិនិត្យគម្រោងវិនិយោគនិងធុរកិច្ច ដែលបានស្នើការលើកទឹកចិត្ត ការអនុគ្រោះ និង ការសម្រួលនីតិវិធី ក្នុងក្របខ័ណ្ឌ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤”។

ក្នុងកិច្ចប្រជុំបានសម្រេចឯកភាពជាគោលការណ៍ដល់គម្រោងវិនិយោគនិងធុរកិច្ចចំនួន ២៥ ក្រោមទុនវិនិយោគសរុប ៩១៧ លានដុល្លារ ក្នុងខេត្តព្រះសីហនុ ដើម្បីទទួលបានការលើកទឹកចិត្តពិសេស។ ក្នុងនោះគម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងមានចំនួន ១២, គម្រោងថ្មីចំនួន ១២ និង ការពង្រីកគម្រោងចំនួន ១ ដែលមានទុនវិនិយោគសរុប ៩១៧ លានដុល្លារដែលមានជាអាទិ៍ រោងចក្រផលិតសម្ភារបរិក្ខារតុបតែងលំអគេហដ្ឋាន, រោងចក្រផលិតកាបូប, រោងចក្រផលិតសម្ភារពីក្រដាស, អគារពហុមុខងារ, អគារស្នាក់នៅរួម, សណ្ឋាគារ, ភោជនីយដ្ឋាន និង រមណីយដ្ឋាន។
ក្នុងចំណោមគម្រោងទាំងនោះ មានគម្រោងរមណីយដ្ឋានទេសចរណ៍នៅលើកោះរ៉ុង ដែលវិនិយោគដោយជនជាតិប៉ូឡូញ ក្នុងការទាក់ទាញភ្ញៀវទេសចរពីអឺរ៉ុប និង ប្រទេសនានា ដែលជានិន្នាការល្អសម្រាប់ការបង្កើតបរិយាកាសវិនិយោគ និង ការធ្វើពិពិធកម្មភ្ញៀវទេសចរ។

បន្ទាប់ពីការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» ដោយសម្តេចធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២៤ គិតត្រឹមខែ តុលា ឆ្នាំ ២០២៤ គម្រោងដែលទទួលបានគោលការណ៍លើកទឹកចិត្តពិសេសសរុបមានចំនួន ១៦៥ គម្រោង ដែលរួមបញ្ចូលមានគម្រោងខ្នាតមីក្រូ តូច មធ្យម និង ធំ របស់ម្ចាស់គម្រោង និងក្រុមហ៊ុនក្នុងស្រុក និង បរទេស ដែលមានវិសាលភាពនៅគ្រប់ក្រុងស្រុកនៃខេត្តព្រះសីហនុ ក្នុងនោះ គម្រោងដែលមានទុនវិនិយោគលើសពី ១០០ លានដុល្លារអាមេរិក មានចំនួន ២៣ គម្រោង។ ក្នុងចំណោមគម្រោងទាំង ១៦៥ គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងមានចំនួន ៨៥, គម្រោងថ្មីមានចំនួន ៦១, ការពង្រីកគម្រោងមានចំនួន ១៥ និង គម្រោងមានស្រាប់មានចំនួន ៤។
គម្រោងទាំងនេះក៏រាប់បញ្ចូលគម្រោងដែលមានសក្តានុពលសំខាន់ៗ ដូចជា គម្រោងផលិតផ្ទាំងសូឡា និង គ្រឿងបង្គុំ, គម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្ម, និង គម្រោងសួនកសិ-ឧស្សាហកម្ម ជាដើម។
បើតាមប្រភពីមន្រ្តីនៅក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុបានបញ្ជាក់ថា ចាប់តាំងពីពាក់កណ្តាលឆ្នាំ ២០២៤ វិស័យឯកជនជាច្រើនកាន់តែយល់ដឹង និងបានសម្រេចចិត្តវិនិយោគក្នុងខេត្តព្រះសីហនុ ពិសេសរួមទាំងការវិនិយោគដែលតម្រង់ទិស ឬ ផ្តោតការវិនិយោគលើវិស័យនានាក្រៅពីកាស៊ីណូ៕
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


