ព័ត៌មានជាតិ
ទីស្តីការគណៈរដ្ឋមន្រ្តី ផ្តល់គោលការណ៍ណែនាំពាក់ព័ន្ធការអនុវត្តកម្មវិធីសិក្សាទំនើប
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈទីស្តីការគណៈរដ្ឋមន្ត្រី បានផ្តល់គោលការណ៍ណែនាំមួយចំនួនដល់ក្រសួងអប់រំ យុវជន និងកីឡា ពាក់ព័ន្ធការអនុវត្តកម្មវិធីសិក្សាទំនើបនៅតាមគ្រឹះស្ថាន បឋមសិក្សាសាធារណៈចំនួន១៨ ក្នុងឆ្នាំសិក្សា២០២៤-២០២៥។ កម្មវិធីសិក្សាទំនើបនេះ ជាកម្មវិធីក្រៅម៉ោងសិក្សាដែលអនុវត្តនៅក្នុងសាលារៀនបឋមសិក្សាដោយមានការចូលរួមពីស្ថាប័នឯកជន។

ក្នុងលិខិតរបស់ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី លោក អ៊ីន វីរជាតិ ចុះថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ ២០២៥ ដែលបានជម្រាបជូនរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីលា លោក ហង់ជួន ណារ៉ុន បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានឃើញ និងសម្រេច បញ្ឈប់ការពង្រីកកម្មវិធីសិក្សាទំនើបនេះនៅតាមសាលារៀនផ្សេងទៀត ចាប់ពីពេលនេះតទៅ។
ចំពោះសាលារៀន១០ (បានអនុវត្តកម្មវិធីសិក្សាទំនើប)ដែលចាប់ផ្តើមរយៈពេល២ខែ អនុញ្ញាតឱ្យដំណើរការរហូតដល់ដំណាច់ឆ្នាំសិក្សា ២០២៤-២០២៥។ បន្ទាប់ពីនោះ ក្រសួងអប់រំ យុវជន និងកីឡា រៀបចំដើម្បីសមាហរណកម្មជាមួយកម្មវិធីជាតិ អាចក្នុងកម្មវិធីសាលារៀនគំរូដែលមានបន្ថែមម៉ោង។
លិខិតដដែលឱ្យដឹងថា៖«ចំពោះសាលារៀន៨ ដែលបានដំណើរការមួយរយៈ ក្រសួងអប់រំ យុវជន និងកីឡា សូមពិភាក្សាជាមួយ ក្រុមហ៊ុនដើម្បីរៀបចំការចាកចេញ (Phase Out) ដោយរួមទាំងការបន្ថយរយៈពេល ដែលបានឯកភាពគ្នាក្រៅផ្លូវការ (មិនឆ្លងក្រសួងអប់រំ យុវជន និងកីឡា) មកត្រឹមរយៈពេលណាមួយ ដែលក្រសួងអប់រំ យុវជន និងកីឡា អាចទទួលបន្តគាំទ្រ»។ ក្នុងបន្តថា រាល់ការរៀបចំ អនុញ្ញាតការប្រើប្រាស់ទីតាំងសាលារដ្ឋ ឬបុគ្គលិក មន្ត្រីរបស់រដ្ឋពាក់ព័ន្ធនឹងកិច្ចការ ក្រៅពី កិច្ចការផ្លូវការរបស់រដ្ឋ ត្រូវអនុវត្តតាមនីតិវិធីនិងគោលការណ៍នៃការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋនិងមន្ត្រីរដ្ឋ ជាធរមាន។
ការសម្រេចបញ្ឈប់ការពង្រីកនូវកម្មវិធីសិក្សាទំនើបនៅតាមគ្រឹះស្ថានសាធារណៈនេះ ដើម្បីលុបបំបាត់ការបង្កើតគោលការណ៍ពីរ ឬស្តង់ដាអប់រំពីរ នៅក្នុងសាលារៀនតែមួយ។

នៅក្នុងពិធីបិទសន្និបាតការងារអប់រំ យុវជន និងកីឡាស កាលពីថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៥ នាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់គោលការណ៍ណែនាំបន្ថែមដល់ក្រសួងអប់រំ ត្រូវធ្វើយន្តការអ្វីក៏ដោយត្រូវធានាភាពម្ចាស់ការរបស់រដ្ឋក្នុងការគ្រប់គ្រងមូលដ្ឋានរបស់ខ្លួន ១០០%។ សម្តេចបញ្ជាក់ថា៖«សូមកុំបង្កើតប្រព័ន្ធពីរ ស្តង់ដាពីរ ក្នុងសាលាតែមួយសូមកុំឱ្យសោះ។ វិស័យឯកជនចង់ជួយ ប៉ុន្តែផលបានមកមួយកំណាត់ ហាក់ដូចជាយើងញែកសាលារបស់រដ្ឋទៅជាសាលាពីរ ស្តង់ដាពីរ សិស្សពីរ»។ ក្នុងន័យនេះ សម្តេចណែនាំឱ្យលុបចោលសាលាដែលបានអនុវត្តកម្មវិធីសិក្សាទំនើបនៅតាមគ្រឹះស្ថានសាធារណៈ។
ពាក់ព័ន្ធករណីនេះ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោកស្រី ឃួន វិច្ឆិកា ប្រាប់កម្ពុជាថ្មីថា កម្មវិធីសិក្សាទំនើបនេះជាកម្មវិធីក្រៅម៉ោងសិក្សាដែលអនុវត្តនៅក្នុងសាលារៀនបឋមសិក្សាមួយចំនួនដោយមានការចូលរួមពីស្ថាប័នឯកជន ហើយកម្មវិធីនេះត្រូវបានរៀបចំដោយសំណូមពរទៅតាមមាតាបិតា ក្នុងទិសដៅផ្តល់ការអប់រំបន្ថែមដល់សិស្សានុសិស្ស។ លោកស្រីបញ្ជាក់ថា៖«ក្នុងនោះមានសិក្សាភាសាបរទេស ការប្រើប្រាស់ប្រព័ន្ធ ITC ការសរសេរកូដ ឬតម្រូវការផ្សេងៗទៀត»។
ដើម្បីចៀសវាងការភាន់ច្រឡំ លោកស្រីបានពន្យល់ទៀតថា កម្មវិធីសិក្សាទំនើប និងសាលាជំនាន់ថ្មី គឺជាកម្មវិធីពីរផ្សេងដាច់ដោយឡែកពីគ្នា ហើយអ្វីដែលសម្តេចស្នើឱ្យលុបចោលនោះគឺ កម្មវិធីសិក្សាទំនើបនៅតាមសាលារដ្ឋ ដែលជាកិច្ចសហការជាមួយស្ថាប័នឯកជន។

ដោយឡែកកម្មវិធីសាលាជំនាន់ថ្មី គឺជាកម្មវិធីមួយដែលរៀបចំអនុវត្តដោយក្រសួងអប់រំ យុវជន និងកីឡា ដែលបច្ចុប្បន្នកំពុងអនុវត្តនៅសាលារៀនចំនួន ១៣ តាំងពីកម្រិតបឋមសិក្សារហូតដល់មធ្យមសិក្សា ហើយកំពុងសាកល្បងនៅសាលារៀនមួយផ្សេងទៀត ហើយគ្រោងពង្រីកវិសាលភាពនៅពេលអនាគត។ លោកស្រីបន្ថែមថា៖«កម្មវិធីសាលារៀនជំនាន់ថ្មីនេះ សំដៅទៅលើការអនុវត្តដោយឯករាជ្យភាពកម្មវិធីសិក្សា សំដៅជំរុញយ៉ាងណាឱ្យសិស្សទទួលបានបំណិនសតវត្សទី ២១ តាមរយៈការប្រើប្រាស់នូវប្រព័ន្ធ ITC ការបង្រៀន និងរៀនជំរុញការស្រាវជ្រាវ STEM ក៏ដូចជាប្រើប្រាស់នូវវិធីសាស្រ្តបង្រៀនថ្មីៗ»៕
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


