ព័ត៌មានជាតិ
រដ្ឋមន្ត្រីអប់រំ ៖ អូស្ត្រាលី ក្លាយជាដៃគូយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមជាតិកម្ពុជា
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អះអាងថា អូស្ត្រាលី បានក្លាយជាដៃគូយុទ្ធសាស្ត្រក្នុងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមជាតិកម្ពុជា ជាពិសេសក្នុងវិស័យអប់រំ និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

ថ្លែងក្នុងវេទិកាអប់រំរវាងកម្ពុជា និងអូស្ត្រាលី ៖ ការស្វែងរកកាលានុវត្តភាពជាដៃគូដោយមានការចូលរួមពីលោក Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា លោក ឧបនាយករដ្ឋមន្ត្រី បានបន្តថា ក្នុងអំឡុងជាងបីទសវត្សរ៍មកនេះ មានបញ្ញវន្តកម្ពុជាលើសពី ១ ពាន់នាក់ បានបន្តការសិក្សាកម្រិតបរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅគ្រឹះស្ថានឧត្តមសិក្សានានានៅប្រទេសអូស្ត្រាលី ហើយមានសាលាអូស្ត្រាលីមួយចំនួនត្រូវបានបង្កើតឡើង និងកំពុងដំណើរការយ៉ាងសកម្មនៅក្នុងប្រទេសកម្ពុជា ដែលផ្តល់នូវការអប់រំស្តង់ដារអូស្ត្រាលីប្រកបដោយគុណភាព។

លោកឧបនាយករដ្ឋមន្ត្រី សូមលើកទឹកចិត្តតំណាងគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា និងអូស្ត្រាលី ឱ្យបន្តស្វែងរកឱកាសថ្មីៗ ដើម្បីចូលរួមក្នុងការពិភាក្សាឈានទៅបង្កើតកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងវិស័យសំខាន់ៗ ដូចជា ការកសាងសមត្ថភាព ការពង្រឹងគ្រឹះស្ថាន ការអភិវឌ្ឍជំនាញត្រៀមខ្លួនសម្រាប់ឧស្សាហកម្ម ការអប់រំឌីជីថល ការអប់រំ STEM បញ្ញាសិប្បនិម្មិត (AI) កម្មវិធីផ្លាស់ប្ដូរការសិក្សា និងគំនិតផ្ដួចផ្ដើមស្រាវជ្រាវរួមគ្នាជាដើម ដោយបានគូសបញ្ជាក់ពីទំនុកចិត្តលើជំនាញ និងបទពិសោធក្នុងវិស័យអប់រំដ៏មានគុណភាពរបស់អូស្ត្រាលី ព្រមទាំងបានរំលេចនូវការរំពឹងទុកថា វេទិកាថ្ងៃនេះ នឹងបើកនូវទំព័រថ្មី នៃកិច្ចសហប្រតិបត្តិការជាច្រើនលើវិស័យអប់រំរវាងប្រទេសទាំងពីរ ដោយជំរុញការច្នៃប្រឌិត នាំមកនូវផលប្រយោជន៍ និងពង្រឹងការយល់ដឹងពីគ្នាទៅវិញទៅមក រួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព វិបុលភាព ឆ្លើយតបនឹងយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្សរបស់រាជរដ្ឋាភិបាលកម្ពុជា ឆ្ពោះសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ ២០៣០ និង ២០៥០។

ចំណែកឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា បានស្វាគមន៍ប្រតិភូសាកលវិទ្យាល័យ និងវិទ្យាស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈរបស់អូស្ត្រាលីដែលបានធ្វើដំណើរមកចូលរួមវេទិកានេះដោយផ្ទាល់នៅកម្ពុជា និងគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារពាក់ព័ន្ធដែលបានចំណាយពេលប្រមាណ ៧ ខែ ក្នុងការរៀបចំវេទិកានេះឱ្យលេចចេញជារូបរាងឡើងក្នុងគោលបំណងដើម្បីជំរុញការផ្សារភ្ជាប់ទំនាក់ទំនងស្វែងរកកាលានុវត្តភាពក្នុងការរួមបញ្ចូលដំណោះស្រាយសិក្សាប្រកបដោយភាពច្នៃប្រឌិតនៅកម្ពុជា និងជំរុញភាពជាដៃគូរវាងស្ថាប័ន/គ្រឹះស្ថានសិក្សានានារបស់កម្ពុជា និងអូស្ត្រាលី ឈានទៅបង្កើតកម្មវិធីសិក្សារួមគ្នា Dual Degree ឬ វគ្គសិក្សាអនឡាញ ដែលជួយដល់ការអភិវឌ្ឍជំនាញ និងលើកទឹកចិត្តដល់អ្នកចូលរួមទាំងអស់ឱ្យទាញយកអត្ថប្រយោជន៍យ៉ាងសម្បូរបែបពីជំនួបថ្ងៃនេះ តាមរយៈការចូលរួមក្នុងកិច្ចប្រជុំពិភាក្សាតាមក្រុម ដើម្បីពិនិត្យមើលឱកាសបន្ថែម និងជំនួបមួយទល់មួយ (Business Matching)។

លោកឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី គណៈកម្មការពាណិជ្ជកម្ម និងវិនិយោគអូស្ត្រាលី (Austrade) គ្រឹះស្ថានសិក្សា និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានរៀបចំ និងជំរុញឱ្យវេទិកាដ៏មានសារៈសំខាន់នេះដំណើរការទៅដោយរលូន និងជោគជ័យ សំដៅពង្រឹងទំនាក់ទំនងអប់រំ និងជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយភាពច្នៃប្រឌិត៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា