ព័ត៌មានជាតិ
បិទព្រំដែនជាមួយថៃ នាយករដ្ឋមន្ត្រី ថា កម្ពុជាធានាបានការរស់ដោយខ្លួនឯង មិនពឹងដង្ហើមអ្នកដទៃ
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងអំពីការធានាបាននូវសន្តិសុខស្បៀងរបស់កម្ពុជា ខណៈដែលមានការបិទច្រកព្រំដែនថៃជាមួយកម្ពុជាក៏ដោយ។ បើតាមសម្ដេចធិបតី កម្ពុជាបានត្រៀមលក្ខណៈរួចរាល់ក្នុងករណីបញ្ហាចម្រូងចម្រាសតាមព្រំដែននេះ អូសបន្លាយរយៈពេលវែង ពោលគឺកម្ពុជាមិនពឹងដង្ហើមដកពីប្រទេសថៃឡើយ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ប្រទេសជិតខាង ចង់មើលងាយកម្ពុជា ដោយប្រើយុទ្ធសាស្ត្របិទទីផ្សារជាមួយកម្ពុជា ប៉ុន្ដែផ្ទុយទៅវិញ ការបិទនេះ បែរជាងាប់ខ្លួនឯង ដោយសារសេដ្ឋកិច្ចរាប់ពាន់លានរបស់ប្រទេសខ្លួន ត្រូវពឹងផ្អែកលើប្រទេសកម្ពុជា។
ការលើកឡើងរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា បានកើតឡើងចំពេលដែលយោធាថៃបានសម្រេចចិត្តជាឯកតោភាគីជាថ្មីលើការបិទច្រកព្រំដែនទាំងស្រុងជាមួយកម្ពុជា កាលពីថ្ងៃទី២៤ ខែមិថុនាកន្លងទៅ ដែលធ្វើឱ្យស្ថានការណ៍កាន់តែតានតឹង។ ជាវិធានការឆ្លើយតប កម្ពុជា ក៏បានប្រកាសបិទច្រកព្រំដែនដូចគ្នានេះដែរ ពិសេសបិទការនាំចូលពីថៃនូវបន្លែ ផ្លែឈើ ប្រេងឥន្ធនៈ និងឧស្ម័នគ្រប់ប្រភេទ។

ថ្លែងចេញពីវេទិកាអធិបតីភាពនៃទិវាមច្ឆជាតិ នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ក្នុងខេត្តតាកែវ សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា កម្ពុជាមានវិធីឆ្លើយតប និងទប់ស្កាត់បានទាំងអស់ចំពោះការគំរាមកំហែងពីប្រទេសថៃ ខណៈប្រទេសជិតខាងកម្ពុជាមួយនេះបានព្យាយាមគំរាមកំហែងទាំងផ្នែកសេដ្ឋកិច្ច និងយោធាដល់កម្ពុជានោះ។
សម្ដេចធិបតី លើកឡើងថា រដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយ ក៏ដូចជាយុទ្ធសាស្ត្រដែលអាចទប់ទល់បាននឹងការគំរាមកំហែងពីប្រទេសជិតខាងដើម្បីជាការបង្ហាញពីភាពម្ចាស់ការ ក្នុងកាលៈទេសៈដែលលំបាកនេះ។ បញ្ហាដ៏ចម្រូងចម្រាសតាមព្រំដែនជាមួយថៃពេលនេះ សម្ដេច ថា បានស្ដែងឱ្យឃើញពីគោលនយោបាយត្រឹមត្រូវស្ទើរគ្រប់វិស័យ ដែលកម្ពុជាម្ចាស់ការដោយខ្លួនឯង រាប់ចាប់ពីវិស័យអប់រំ សុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ពោលគឺទឹក ផ្លូវ ភ្លើង និងបច្ចេកវិទ្យាអ៊ីនធឺណិត ជាដើម។

សម្ដេចនាយករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា៖ «នេះបានធ្វើឱ្យយើង អាចតទល់បានដោយងាយស្រួលចំពោះការព្យាយាម និងប៉ុនប៉ងគំរាមកំហែងមកលើកម្ពុជា មិនថា ការគំរាមកំហែងតាមផ្នែកកងកម្លាំងប្រដាប់អាវុធ គំរាមកំហែងតាមផ្លូវច្បាប់ ហើយជាពិសេសគំរាមកំហែងផ្នែកសេដ្ឋកិច្ច»។
សម្ដេចធិបតី ក៏បានចង្អុលបង្ហាញឱ្យក្រុមការងារគណៈកម្មាធិការគោលនយោបាយ ត្រៀមដាក់ចេញនូវក្របខណ្ឌគោលនយោបាយ ដើម្បីជំរុញការអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្ម និងឧស្សាហកម្ម នៅភាគខាងលិចប្រទេសថែមទៀតផងដែរ ជាអាទិ៍ខេត្តបាត់ដំបង បន្ទាយមានជ័យ និងពោធិ៍សាត់។ សម្ដេច ថា មិនត្រឹមការដាំដុះលើវិស័យកសិកម្មប៉ុណ្ណោះទេ តែកម្ពុជាត្រូវជំរុញឱ្យមានការកែច្នៃកសិផល ដើម្បីនាំចេញទៅទីផ្សារអន្តរជាតិ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


