Connect with us

ព័ត៌មានជាតិ

ប្រធានរដ្ឋសភាថា វាជារឿងអកុសល​ដែល​មាន​អ្នក​ជិត​ខាងមានចរិតឈ្លានពាន​ដូចជា​សៀម

បានផុស

នៅ

ប្រធានរដ្ឋសភា សម្ដេច​សភាធិបតី ឃួន សុដារី បាន​លើក​ឡើង​ថាទោះបី​កម្ពុជា​ប្រាថ្នាធ្វើមិត្ត​ជា​មួយ​អ្នក​ជិត​ខាង​ទាំង​អស់ តែ​ថៃមិន​គិត​ដូច​កម្ពុជា​ទេ។ តាំង​ពី​ដើម​រៀង​មកថៃ​តែ​ងតែ​ចង់បាន​ទឹក​ដី​កម្ពុជាមិន​ចេះ​ចប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​ពេលដឹកនាំសមាជិករដ្ឋសភា និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភា ចុះសួរសុខទុក្ខនិងនាំយកអំណោយចែកជូនកងទ័ពដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែនក្នុងខេត្តព្រះវិហារ នៅព្រឹកថ្ងៃសុក្រទី៤ ខែកក្កដា ឆ្នាំ២០២៥នេះ សម្ដេច​សភាធិបតី ឃួន សុដារី បានថ្លែងអំណរគុណចំពោះកងទ័ព និងកងកម្លាំងប្រដាប់អាវុធដែលបានពលិកម្ម និងមានស្មារតីមោះមុត ក្នុងបេសកកម្មការពារព្រំដែន ជាខឿនឯករាជ្យជាតិ បូរណភាពទឹកដី និងមាតុភូមិ។ សម្ដេច​ថាកម្ពុជា​ប្រាថ្នាធ្វើមិត្ត តែ​ថៃ​ប្រាថ្នាទឹកដី។

ទូរទស្សន៍ជាតិ​កម្ពុជា​បាន​ដក​ស្រង់ប្រសាសន៍​របស់​សម្ដេច​មក​ចុះផ្សាយ​ថា៖ «ជាអកុសល ដែលយើងមានអ្នកជិតខាងដូចជាសៀម មានចិត្តមិនស្មោះចិញ្ចឹមចិត្តឈ្លានពាន រំលោភបំពានទឹកដីរបស់យើងជានិច្ច»។

សម្ដេច​បាន​លើក​ឡើង​ថាក្រោមការ​ដឹក​នាំ​របស់​រដ្ឋាភិបាល​នឹង​មិន​បាត់បង់ទឹកដី​មួយ​មីលីម៉ែត្រណាមួយឡើយ​ ហើយ​ពួក​ឈ្លានពាន​នឹង​មិន​ទទួល​ជោគ​ជ័យនោះទេ ថែម​ទាំង​រង​នូវ​ការ​អាម៉ាស់ដូច​កាលពី​ឆ្នាំ២០០៨ និង​២០១១។

សម្ដេច​ប្រធាន​សភា​ថារដ្ឋាភិបាល​បាន​សម្រេច​យក​ករណី​ប្រាសាទតាមាន់ធំ តាមាន់តូច តាក្របី និង​តំបន់​មុំបី​ទៅ​កាន់​តុលាការយុត្តិធម៌អន្តរជាតិ​គឺ​ជារឿង​ត្រឹម​ត្រូវ​ និង​សន្ដិវិធី បញ្ជៀស​សង្គ្រាមទៅ​ថ្ងៃអនាគត។

សម្ដេច​បន្ថែមថា៖ «កម្ពុជាមិនចង់បានអ្វី ក្រៅតែយុត្តិធម៌ ភាពត្រឹមត្រូវ និងច្បាស់លាស់មួយ ក្នុងការកំណត់ខ្សែព្រំដែនជាមួយប្រទេសជិតខាង ដើម្បីកុំអោយកូនចៅជំនាន់ក្រោយនៅបន្តមានបញ្ហាមិនចេះចប់ជាមួយគ្នា ជាពិសេស ការកសាងខ្សែបន្ទាត់ព្រំដែន ជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ»។

ជម្លោះព្រំដែន​កម្ពុជា​-ថៃ​បាន​កើត​ឡើង​ក្ដៅ​បំផុត​បន្ទាប់ពី​ថៃ​បាន​ឆ្មក់​ចូល​ដី​ខ្មែរ​បាញ់​សម្លាប់​ទាហាន​ខ្មែរ​ម្នាក់​កាលពី​ថ្ងៃទី​២៨ ខែ​ឧសភា ឆ្នាំ២០២៥ នៅតំបន់​មុំ​បី ស្រុក​ជាំ​ក្សាន្ត​ ខេត្ត​ព្រះវិហារ ក្រៅពី​នេះ​ថៃ​បាន​បិទ​ទ្វា​ព្រំដែន​ដោយ​ឯក​តោភាគី​ជាមួយ​កម្ពុជា​បន្ថែមទៀត​ផងដែរ។

គួរឱ្យដឹង​ដែរថាប្រទេស​ថៃមិន​មែន​មាន​ជម្លោះ​តែ​ជាមួយ​កម្ពុជានោះទេ គ្រប់ប្រទេស​ដែល​នៅ​ជាប់​ព្រំដែន​រួមមាន មីយ៉ានម៉ា ម៉ាឡេស៊ី និង​ឡាវ សុទ្ធតែ​មានបញ្ហា​ព្រំដែន​ជា​មួយ​ថៃ​ទាំង​អស់។ សម្ដេច​តេជោ ហ៊ុន សែន ធ្លាប់​លើក​ឡើងថា​ «មាន​អ្នក​ជិត​ខាង​ល្អដូចមាស មាន​ជិត​ខាង​អាក្រក់​ដូច​មាន​មីន»៕



អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម